បណ្ដាំចុងក្រោយរបស់លោកតា ធ្វើឱ្យលោកយាយយំហ៊ូ សុំឱ្យសន្យា ១ចំណុចសំខាន់ អ្នកលេងបណ្ដាញសង្គមរលីងរលោងទឹកភ្នែកគ្រប់គ្នា
កាលពីពេលថ្មីៗ វេបសាយ សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍ថា បណ្ដាំចុងក្រោយរបស់បុរសជរាចំពោះភរិយា ដែលរស់នៅជាមួយគ្នា ៦៤ឆ្នាំមកហើយនោះ បានក្លាយជាអំឡុងពេលដ៏សែនរញ្ជួយចិត្ត ដែលធ្វើឱ្យមនុស្សម្នាចំនួនដ៏ច្រើននៅក្នុងបណ្ដាញសង្គមអនឡាញរបស់ចិន នាំគ្នារលីងរលោងទឹកភ្នែក រហូតក្លាយជាឃ្លីបដែលមានអ្នកទស្សនាច្រើនដល់ទៅជាង ៣២លានដង។

ឃ្លីបនោះបានផ្ដិតយករូបភាពពីខាងៗគ្រែរបស់បុរសជរា វ័យ ៨៨ឆ្នាំ មុននឹងគាត់ស្លាប់បន្ទាប់ពីពេលនោះមក ១ថ្ងៃ កាលពីខែកន្លងទៅ ដោយមានសាច់ញាតិជាអ្នកថត និងនាំយកមកអាប់ឡូតតាមរយៈបណ្ដាញទំនាក់ទំនងសង្គម Douyin ដោយអ្នកផូស្តបានបញ្ជាក់ថា “លោកតាបានចែកឋានទៅហើយ ហើយចាប់ពីពេលនោះមក លោកយាយគិតតែពីយំ ដូចកូនក្មេង” និង “លោកតាឃ្លាតពីលោកយាយទៅទាំងមិនអស់អាល័យ ក្រោយថ្ងៃគ្រប់ខួបអាពាហ៍ពិពាហ៍ឆ្នាំទី៦៤។ គាត់ទៅចោលស្រីម្នាក់ដែលបារម្ភ និងថែទាំគាត់ពេញ ១ជីវិតនេះទៅហើយ”

ដោយបុរសជរាដែលរស់នៅក្នុងតំបន់គ្រប់គ្រងខ្លួនឯងម៉ុងហ្គោលៀរូបនោះ បានប្រាប់ភរិយារបស់គាត់ថា ចូររឹងមាំឡើង កុំបណ្ដោយឱ្យភាពសោកសៅ មកធ្វើឱ្យខ្លួនឯងលែងរវល់ពីតម្រូវការរបស់ខ្លួនឯងឱ្យសោះ។ ក្រៅពីនេះ គាត់ថែមទាំងសុំឱ្យលោកយាយសន្យាទៀតផងថា “បើមានចៅប្រសាប្រុស ឬស្រីណាម្នាក់ ធ្វើឱ្យអូនគ្មានសេចក្ដីសុខ ចូរកុំចុះចាញ់ឱ្យសោះ”
យ៉ាងណាក្ដី ស្ត្រីចំណាស់វ័យ ៨៣ឆ្នាំ នៅតែជូតទឹកភ្នែកដោយក្ដីសោកសង្រេង មុននឹងស្ងាត់មួយភ្លែត រួចទើបឆ្លើយទៅស្វាមីវិញថា “ខ្ញុំស្អប់បងឯងណាស់ ហេតុអីបានបងឯង ទុកខ្ញុំចោល ឱ្យនៅម្នាក់ឯងដូច្នេះ?”

ស្វាមីជរា បានឮហើយ ក៏ឈោងដៃទៅប៉ះមុខ និងដៃរបស់លោកយាយយ៉ាងថ្នមៗ ព្រមទាំងលួងលោមភរិយាជរាថា “កុំយំអី បងមិនចង់ឃ្លាតពីអូនទេ តែនេះ វាមិនមែនជាអ្វីដែលបងអាចជ្រើសរើសបានឡើយ…វាអស្ចារ្យខ្លាំងណាស់ ដែលយើងជាគូនឹងគ្នាបានច្រើនឆ្នាំបែបនេះ សាកគិតទៅមើល ប្អូនស្រីទាំង ២នាក់របស់អូន ប្ដីរបស់ពួកគេ បានស្លាប់អស់ទៅហើយ តាំងពីពួកគេនៅអាយុ ៥០ ឬ ៦០ជាងម្ល៉េះ”
មិនយូរប៉ុន្មាន ក្រោយពីឃ្លីបនេះត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គម ក៏ក្លាយជាឃ្លីបបង្ហូរទឹកភ្នែក ដែលរញ្ជួយបេះដូងមនុស្សម្នាជាច្រើន…
“ខ្ញុំយំគ្រប់ពេលដែលបានឃើញឃ្លីបមួយនេះ”
“លោកតាមិនបាននិយាយពាក្យថា ស្រឡាញ់ ១ម៉ាត់ណាសោះ តែសម្ដីរបស់គាត់ ពោរពេញដោយក្ដីសេចក្ដីស្រឡាញ់…លោកតាបារម្ភពីលោកយាយដែលត្រូវរស់នៅតទៅទៀតដោយមិនមានរូបគាត់ ចំណែកលោកយាយ ក៏មិនអាចទ្រាំមើលលោកតាឃ្លាតទៅដែរ”
“ខ្ញុំមើល ៣ដងហើយ ខ្ញុំច្រណែននឹងសេចក្ដីស្នេហារបស់គាត់ទាំង២ ខ្លាំងណាស់ នេះគឺជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធបំផុតរបស់មនុស្សជំនាន់មុន”
“ខ្ញុំទប់ទឹកភ្នែកមិនបានសោះ ពេលបានឮលោកយាយប្រាប់ថា អូនស្អប់បងណាស់…”៕


