វេបសាយ saostar.vn របស់វៀតណាម បានរាយការណ៍ពីករណីដែលនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម បាននាំគ្នាចែករំលែកឃ្លីប ស្ត្រីម្នាក់កំពុងបីកូនបំបៅដោះ ដោយបរិយាកាសសប្បាយៗ តែសុខៗ ក៏ប្រែក្លាយជាឈុតឆាកភ័យរន្ធត់ញាប់ញ័របេះដូង នៅពេលដែលនាងក្រឡេកទៅមើលកាមេរ៉ាសុវត្ថិភាព ឃើញចោរម្នាក់កំពុងចូលមកលួចម៉ូតូដល់ក្នុងផ្ទះ។ ទីបំផុតក៏ក្លាយជាឃ្លីបដែលធ្វើឱ្យអ្នកមើលទាំងអស់សំណើច ទាំងនឹកស្ងើចសរសើរផង។

ក្នុងឃ្លីបវីដេអូ គេមើលឃើញថា ស្ត្រីមានកូនតូចម្នាក់ កំពុងបីកូនឱ្យបៅទឹកដោះនៅក្នុងបន្ទប់ ដែលមានការបំពាក់ទូរទស្សន៍ភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាពនៅជុំវិញផ្ទះ ខណៈនាងកំពុងបំពេកូន ព្រមទាំងក្រឡេកមើលទៅអេក្រង់ទូរទស្សន៍ផងនោះ ក៏ស្រាប់តែឃើញភាពខុសប្រក្រតីម្យ៉ាង នៅពេលមានបុរសពាក់មួកបាំងមុខម្នាក់ ដើរចូលមកក្នុងផ្ទះនាពេលយប់។ គេដើរតម្រង់ទៅរកម៉ូតូ និងព្យាយាមកាច់បំបាក់សោកម៉ូតូ។
ភ្លាមនោះ ស្ត្រីដែលកំពុងបីកូននៅក្នុងដៃ ក៏ប្រញាប់ស្រែកខ្លាំងៗ ប្រាប់ទៅជាន់ក្រោម “បង! បង! ចោរ! ចោរ! បង ចោរ លួចម៉ូតូ!!” ស្វាមីរបស់នាងដែលកំពុងនៅក្នុងបន្ទប់បាយ បានឮសំឡេងស្រែកហើយ ក៏ប្រញាប់រត់ចេញទៅមាត់ទ្វារភ្លាម ធ្វើឱ្យលោកចោរដែលកំពុងប្រុងលួចម៉ូតូនោះ ភ្ញាក់ក្រញាង ហើយស្ទុះរត់ក្ឌុង ចេញពីផ្ទះទៅដោយមិនមានបានអ្វីទៅជាមួយឡើយ។

បន្ទាប់ពីឃ្លីបមួយនេះត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមអនឡាញ អ្នកលេងអ៊ីនធើណិតទាំងឡាយ នាំគ្នាផ្ដល់ចំណាប់អារម្មណ៍លើភាពឆ្លាតវៃរបស់ស្ត្រីបីកូន ដែលបានស្រែកហៅឱ្យប្ដីជួយ រហូតដល់លោកចោរភ័យបះសក់ រត់ចេញពីផ្ទះយ៉ាងលឿន និងមានស្ត្រីមេផ្ទះមួយចំនួនទៀត ថែមទាំង ថេកឈ្មោះស្វាមីនៅក្នុងប្រអប់ខំមិនត៍ ដើម្បីឱ្យប្ដីបានមើលឃ្លីបនេះដែរ ដោយនឹកសង្ឃឹមថា ស្វាមីរបស់ពួកគេ នឹងបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះ ដើម្បីការពារហេតុការណ៍គ្រោះថ្នាក់ណាមួយដូចគ្នាដែរ៕







