ស្វាយរៀង ៖ លោក ម៉ាន់ សុខន អនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោម ឱវាត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងចុះពិនិត្យទំនិញបន្លែផ្លែឈើនៅទីតាំងផ្សារតាពៅ ក្រុងបាវិតក្នុងនោះរកឃើញភ្លៅមាន់ស្លាបមាន់ខូចគុណភាពជាង ៧ គីឡូក្រាម និងទំនិញខូចគុណភាពបានជាច្រើនមុខ ដែលដាក់តាំងលក់នៅផ្សារតាពៅហើយមន្ត្រីយើងបានធ្វើកាដកហូតយកទៅដុតកម្ទេចចោល។
លោក ម៉ាន់ សុខន បានមានប្រសាសន៍ឱ្យដឹងថា ៖ ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារជួនប្រជាពលរដ្ឋនិងលើកកម្ពស់សុខមាភាពដល់ពូកគាត់ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។
លោកអនុប្រធានសាខាកាំកុងត្រូលរូបនេះ បានបន្តទៀតថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។
លោកបានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារតាពៅនាពេលនេះ បានរកឃើញទំនិញខូចគុណភាព(ភ្លៅមាន់ស្លាបមាន់)បានជាង៧គីឡូក្រាម ជាពិសេសបានដកហូតនិងហាមឃាត់ម្ហូបអាហារដែលច្បាប់ហាមឃាត់ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពហើយការនាំចូលពីក្រៅប្រទេសតាមច្រករបៀងហើយបើកំលាំងជំនាញរបស់យើងរកឃើញនិងដកហូតយកទៅកម្ទេចចោលផងដែរ។
ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាពនៅពេលដែលប្រើប្រាស់ទំនិញដែលខូចគុណភាព។
ជាមួយគ្នានោះ លោក ម៉ាន់ សុខន ក៍បានធ្វើការអំពាវដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕ វ៉ៃកូ