រាជធានីបាងកក៖ ក្រោយពេលគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP កំពុងតែស្វះស្វែងចងក្រងសម្ពន្ធភាពជាមួយគណបក្សផ្សេងៗចំនួន៧ ហើយនៅតែមិនគ្រប់ចំនួនសំឡេង ភាគច្រើនយ៉ាងតិច ៣៧៦ នៅក្នុងចំណោមសភាទាំង២ សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីនោះ ប៉ុន្ដែឥឡូវនេះ សមាជិកព្រឹទ្ធសភា ត្រូវបានតែងតាំងដោយរបបយោធា កំពុងតែបង្ហាញក្ដីសង្ឃឹម កាន់តែច្រើនឡើង ដល់មេបក្សឈ្នះឆ្នោតរូបនេះ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ថា សមាជិកព្រឹទ្ធសភាថៃ មានចំនួនកាន់តែច្រើនឡើង កំពុងតែប្រមូលផ្តុំគ្នា នៅពីក្រោយការឈរឈ្មោះរបស់មេដឹកនាំគណបក្ស Move Forward លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មី។ ប្រជាជនថៃ បានបង្ហាញ អំពីអំណាចរបស់ពួកគាត នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ហើយវាជាឱកាស សម្រាប់គណបក្ស MFP ដែលឈ្នះឆ្នោត នៅក្នុងការបង្កើតរដ្ឋាភិបាល។
លោក សាធីត លីមផុងផាន (Sathit Limpongpan) សមាជិកព្រឹទ្ធសភាថៃ បានសន្យាគាំទ្រដល់រដ្ឋាភិបាលចម្រុះ ដែលគ្រប់គ្រង ដើម្បីទទួលបានកៅអីសភាច្រើន ជាង២៥០ ឬ ពាក់កណ្តាល នៃអាសនៈទាំងអស់ នៅក្នុងសភា។ គាត់ក៏ចូលរួមជាមួយសមាជិកព្រឹទ្ធសភា ចំនួន១៤រូបផ្សេងទៀត ហើយកំពុងតែត្រៀមគាំទ្រ ដល់បេក្ខភាពរបស់លោក ភីថា ដើម្បីឲ្យក្លាយជានាយករដ្ឋមន្ត្រី។

រហូតមកដល់ពេលនេះ សម្ពន្ធភាពគណបក្សប្រឆាំង ដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ មានអាសនៈសរុប ៣១៣ ពីក្នុងចំណោមអាសនៈរបស់គណបក្សចំនួន៨ សម្រាប់ការរួបរួមគ្នា បង្កើតរដ្ឋាភិបាល។ ប៉ុន្ដែជំហានបន្ទាប់ គឺយ៉ាងហោចណាស់ ត្រូវការសំឡេង ៣៧៦ ពីក្នុងចំណោមរដ្ឋសភា មាន៥០០អាសនៈ និង ព្រឹទ្ធសភា មាន២៥០អាសនៈ។ ដូច្នេះសម្ពន្ធភាពគណបក្សនេះ នឹងទាមទារឲ្យមានការចូលរួមពីគណបក្សនយោបាយនានា ដែលឈ្នះអាសនៈ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ និង សមាជិកព្រឹទ្ធសភាបន្ថែមទៀត។
ក្តីបារម្ភកំពុងតែកើនឡើង ដោយសារតែគណបក្ស MFP បានរិះគន់យ៉ាងខ្លាំងបំផុត ទៅលើគណបក្សផ្សេងៗ ដោយហៅពួកគេ ថា «គាំទ្ររបបផ្តាច់ការ» ដូចជា សមាជិកព្រឹទ្ធសភា ត្រូវបានតែងតាំង ដោយរបបយោធា ក្រោយអំពើរដ្ឋប្រហារ។ ប៉ុន្តែសមាជិកមួយចំនួន មកពីគណបក្សប្រជាធិបតេយ្យ ដែលមិនមែនជាផ្នែកមួយ នៃគណបក្សចម្រុះដឹកនាំដោយ MFP បាននិយាយថា ពួកគេកំពុងតែបញ្ចុះបញ្ចូល ជំរុញឲ្យគាំទ្រលោក ភីថា សម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅក្នុងស្មារតី«រក្សាតម្លៃលទ្ធិប្រជាធិបតេយ្យ»។
លោក សាធីត លីមផុងផាន (Sathit Limpongpan) សមាជិកព្រឹទ្ធសភាថៃ បានសង្កត់ធ្ងន់ ថា គាត់បានស្ដាប់ទៅលើគោលនយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខ ហើយគាត់បានយល់យ៉ាងច្បាស់ ត្រូវតែគាំទ្រ។
លោកស្រី ប្រាផាស្រ៊ី ស៊ូចាន់ថាប៊ូ (Prapasri Suchanthabut) សមាជិកព្រឹទ្ធសភាមួយរូបដែរ ក៏បានបង្ហាញនូវទស្សនៈរបស់គាត់ ថា លោកស្រី នឹងបោះឆ្នោតគាំទ្រ ដល់លោក ភីថា សម្រាប់តំណែងជានាយករដ្ឋមន្រ្ដី។

ជាមួយគ្នានេះដែរ លោក វ៉ាន់ឆៃ សនស៊ីរី (Wanchai Sornsiri) ជាសមាជិកព្រឹទ្ធសភា និយាយឥតសំចៃមាត់មួយរូប ក៏នឹងមិនបដិសេធ សម្រាប់ការគាំទ្រដល់តំណែងនាយករដ្ឋមន្រ្ដីរបស់លោក ភីថា នោះទេ។ គាត់បានប្តេជ្ញា ថា នឹងជ្រើសរើសអ្នកណាដែលអាចប្រមូលសំឡេងលើសពីពាក់កណ្តាល នៅក្នុងសភាតំណាងរាស្រ្ត ធ្វើជានាយករដ្ឋមន្ត្រី។
លោក ឌីរេក្រីត ចេនក្លុងថាម (Direkrit Jenklongtham) សមាជិកព្រឹទ្ធសភា បានបញ្ជាក់ ថា គាត់នឹងគោរពអំណាចរបស់ប្រជាជន ហើយស្វាគមន៍ដល់លោក ភីថា សម្រាប់ជ័យជម្នះរបស់គណបក្សចលនាឆ្ពោះទៅមុខ ក្រោយការឈ្នះអាសនៈ ចំនួន១៥១ នៅក្នុងចំណោមអាសនៈរបស់រដ្ឋសភា ចំនួន៥០០ កាលពីថ្ងៃអាទិត្យ៕ រក្សាសិទ្ធដោយ ៖ សារាយSN









