Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គបន្ត ៥ហេតុការណ៍សំខាន់ៗដ៏សែនអាក្រក់ក្នុងប្រវត្តិសាស្ត្រ ដែលពិភពលោកគ្មានថ្ងៃបំភ្លេចបាន!!!

ថ្ងៃនេះ យើងនាំគ្នាមកស្គាល់ និងដឹង ជាបន្តទៀតបន្ទាប់ពីវគ្គទី១ អំពីហេតុការណ៍ដ៏សែនអាក្រក់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ចំនួន ៥រឿងទៀត ដែលពិភពលោកយើងបានកត់ត្រាទុក និងគ្មានថ្ងៃអាចបំភ្លេចបាន ដូចតទៅ…

លំដាប់ទី១៖ ផ្ទុះយានអវកាស ឆាលែនជើរ៍ កណ្ដាលអាកាស (Space Shuttle Challenger)

យានអវកាស ឆាលែនជើរ៍ ជាយានអវកាសលំដាប់ទី២ របស់អង្គការ NASA ដែលចាប់ផ្តើមបង្ហោះឆ្ពោះទៅអវកាសលើកដំបូងក្នុងឆ្នាំ១៩៨៣ និងធ្លាប់បំពេញភារកិច្ចចំនួន ៩លើករួចមកហើយ រហូតមកដល់ភារកិច្ចចុងក្រោយនេះ។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៦ យានអវកាសឆាលែនជើរ៍ ត្រូវបានព្រលែងឱ្យបោះពួយឡើងឆ្ពោះក្នុងលម្ហអាកាសនៅឯមជ្ឈមណ្ឌលអវកាស ខេននេឌី (Kennedy Space Center) សហរដ្ឋអាមេរិក។

តែ ត្រឹមតែ ៧៣វិនាទីប៉ុណ្ណោះ ក៏កើតឧប្បទ្ទវហេតុ ផ្ទុះកណ្តាលអាកាសឡើងតែម្ដង ក្លាយជាដុំភ្លើងដ៏ធំមួយនៅលើផ្ទៃមេឃ…យានអវកាសបែកខ្ទេចជាបំណែកៗ ធ្លាក់ចូលទៅក្នុងសមុទ្រ បណ្ដាលឱ្យអវកាសយានិកទាំង ៧រូប បានស្លាប់បាត់បង់ជីវិតទាំងអស់ គ្មានសល់ម្នាក់។

បច្ច័យមួយ ដែលធ្វើឱ្យកើតហេតុការណ៍រញ្ជួយពិភពលោកនេះឡើង គឺបណ្តាលមកពីផ្នែកមួយរបស់យានអវកាស កើតការសឹករេចរឹលខូចខាតដោយសារការបាញ់បង្ហោះកាលពីលើកមុនៗ។ សោកនាដកម្មដែលកើតឡើងចំពោះយានអវកាសឆាលែនជើរ៍នៅគ្រានោះ បានធ្វើឱ្យគ្រោងការយានអវកាសទាំងអស់ ត្រូវឈប់ទ្រឹងនៅមួយកន្លែងអស់រយៈពេល ៣ឆ្នាំ ដោយសារតែកើតមានការជជែកតវ៉ាគ្នា ថាតើគួរដំណើរការគ្រោងការនេះជាបន្តទៅទៀត ឬក៏អត់?។

លំដាប់ទី២ ៖ ការឡោមព័ទ្ធក្នុងទីក្រុង វ៉ាកូ (Standoff in Waco)

“ការឡោមព័ទ្ធក្នុងទីក្រុង វ៉ាកូ” គឺជាហេតុការណ៍មួយ ដែលក្រុមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការឡោមព័ទ្ធបណ្ដុំអគារ ម៉ៅថ៍ ខាមេល សេនធើរ៍ ដែលស្ថិតនៅក្រៅទីក្រុងវ៉ាកូ ក្នុងរដ្ឋតិចសាស់ ប្រទេសសហរដ្ឋអាមេរិក ដោយសារតែអគារនេះ គឺជាទីស្នាក់អាស្រ័យរបស់ក្រុមលទ្ធិ ប្រ៊ែនឆ៍ ដាវិឌៀន ជាលទ្ធិដែលមានជំនឿលើការវិលត្រឡប់មកវិញម្តងទៀតរបស់ព្រះយេស៊ូ ដែលដឹកនាំដោយ “ដេវីដ ខូរេហ្ស”។

ជាលទ្ធិដែលមានទង្វើមិនសមរម្យ ដូចជា ការធ្វើទារុណកម្មខាងផ្លូវភេទលើកុមារ និងការប្រមូលផ្តុំអាវុធជាដើម រហូតទាល់តែដល់ខែកុម្ភៈ ឆ្នាំ១៩៩៣ ក្រុមមន្ត្រីបានឆ្មក់ចូលទៅធ្វើការត្រួតពិនិត្យឆែកឆេរក្នុងអគារទាំងនោះ ធ្វើឱ្យកើតមានការបាញ់ប្រយុទ្ធគ្នាជាមួយសមាជិករបស់លទ្ធិនោះ ធ្វើឱ្យក្រុមអាជ្ញាធរ ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗ ៤នាក់ និងសមាជិករបស់លទ្ធិនោះ ស្លាប់ ៦នាក់ តែអាជ្ញាធរមានសមត្ថកិច្ច ក៏នៅតែមិនអាចចូលទៅដល់ក្នុងអគារនោះបានដដែល ទើបធ្វើឱ្យមានការសម្រេចកាត់ទឹក កាត់ភ្លើង និងឡោមព័ទ្ធនៅខាងក្រៅអគារ យូររហូតដល់ទៅ ៥១ថ្ងៃ។

ទីបំផុត ថ្ងៃចុងបញ្ចប់នៃការឡោមព័ទ្ធក៏បានមកដល់ ក្រុមអាជ្ញាធរ ព្រមជាមួយរថពាសដែក និងអាវុធគ្រប់ដៃ បានសម្រុកចូលវាយប្រហារ ដោយប្រើហ្គាសទឹកភ្នែកបាញ់នាំមុខ ចូលទៅខាងក្នុងអគារនោះ។ គ្រាប់កាំភ្លើងត្រូវបានបាញ់ស្រោចចេញមកពីទាំងភាគីសងខាង បន្ទាប់ពីនោះ ក៏មានកើតហេតុអគ្គិភ័យយ៉ាងខ្លាំងក្លា អគារទាំងមូលបានបាក់ស្រុតចុះមក សមាជិករបស់លទ្ធិនោះ ដែលភាគច្រើនជាស្ត្រី និងកុមារ បានស្លាប់បាត់បង់ជីវិតចំនួន ៧៦នាក់ ដោយសារខ្វះខ្យល់ដកដង្ហើម និងត្រូវភ្លើងឆេះស្លាប់។

ចំណែក ដេវីដ ខូរេហ្ស អ្នកដឹកនាំលទ្ធិនោះ បានស្លាប់បាត់បង់ជីវិតដោយសារត្រូវគ្រាប់កាំភ្លើងចំក្បាលក្នុងពេលបាញ់ប្រយុទ្ធគ្នានោះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះទៅហើយ គេក៏នៅតែមិនអាចសរុបបានថា តើអ្វីជាមូលហេតុពិតប្រាកដនៃការកើតអគ្គិភ័យ ដែលជាដើមហេតុនៃការបាក់រលំអគារ រហូតដល់មានមនុស្សស្លាប់យ៉ាងច្រើននោះនៅឡើយ។

លំដាប់ទី 3 ៖ ខ្មាន់កាំភ្លើង លី ហាវីយ៍ អូស្វាលដ៍ (Lee Harvey Oswald Shot)

លី ហាវីយ៍ អូស្វាលដ៍ ត្រូវបានជាប់សង្ស័យថា ជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិក លោក ចន អេហ្វ ខេននេឌី ដោយហេតុការណ៍លបបាញ់សម្លាប់ដ៏រញ្ជួយពិភពលោកនេះ បានកើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ក្នុងទីក្រុង ដាឡាស់ រដ្ឋតិចសាស់។ លោកប្រធានាធិបតី ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើងរ៉ៃហ្វ៊ើលចំនួន ២គ្រាប់។

ក្រោយការលួចបាញ់សម្លាប់ គណៈកម្មការស៊ើបអង្កេត បានសរុបថា លោកប្រធានាធិបតី ត្រូវបានលបបាញ់សម្លាប់ដោយបុរសម្នាក់ឈ្មោះ “លី ហាវីយ៍ អូស្វាលដ៍” ដោយសារតែមានភ័ស្តុតាងស្នាមក្រយៅដៃនៅលើប្រអប់កាំភ្លើងរ៉ៃហ្វ៊ើល ដូចគ្នានឹងស្នាមក្រយៅដៃរបស់ លី ហាវីយ៍ ដែរ ប៉ុន្តែ លី ហាវីយ៍ ក៏នៅតែបដិសេធថា រូបគេមិនមែនជាអ្នកបាញ់សម្លាប់លោកប្រធានាធិបតីនោះទេ។ ត្រឹមតែ ២ថ្ងៃក្រោយពីកើតហេតុលួចបាញ់សម្លាប់នោះមក លី ហាវីយ៍ អូស្វាលដ៍ ក៏ត្រូវបានបាញ់សម្លាប់វិញដូចគ្នា ដោយបុរសម្នាក់ឈ្មោះ ជែក រូប៊ី ដែលជាម្ចាស់ណៃត៍ក្លិបមួយ។

ហេតុការណ៍លបបាញ់សម្លាប់លោកប្រធានាធិបតីនោះ កើតឡើងក្នុងអំឡុងពេលដែលស្ថានីយទូរទស្សន៍កំពុងផ្សាយបន្តផ្ទាល់ ធ្វើឱ្យមានមនុស្សជាច្រើនលាននាក់ មើលឃើញទិដ្ឋភាពនៃការបាញ់សម្លាប់ក្នុងខណៈនោះបានយ៉ាងច្បាស់។ ទោះជា លី ហាវីយ៍ ស្លាប់បាត់ទៅហើយក៏ដោយ តែកម្លាំងជំរុញចិត្តដែលនាំឱ្យគេធ្វើការលួចបាញ់សម្លាប់លោកប្រធានាធិបតីខេននេឌីនោះ នៅតែជារឿងអាថ៌កំបាំងដដែល រួមទាំងចំណុចគួរឱ្យសង្ស័យជាច្រើនទៀត ដូចជាទ្រឹស្តីការរួមផ្សំគំនិត និងការរៀបចំឆាកក្នុងការលួចបាញ់សម្លាប់ ជាដើមទៀតផង។

លំដាប់ទី 2 ៖ រញ្ជួយផែនដីនៅឡូម៉ាភ្រីអេតា (The World Series Quake)

រញ្ជួយផែនដីនៅ ឡូ-ម៉ា-ភ្រី-អេ-តា ឬដែលគេស្គាល់ក្នុងឈ្មោះ The World Series Quake ដោយសារតែវាជាការរញ្ជួយផែនដី ដែលកើតឡើងក្នុងអំឡុងពេលកំពុងប្រកួតកីឡាបេសបល វើលដ៍ ស៊ីរីស៍ ដែលកំពុងផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨៩ ដែលបន្ទាប់ពីពិធីបើកការប្រកួតចប់បានមិនយូរប៉ុន្មាន កីឡាករទាំង ២ក្រុម ក៏ស្រាប់តែត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានការរញ្ជួយផែនដីកើតឡើង ធ្វើឱ្យការប្រកួតដែលទើបតែចាប់ផ្តើមនោះ ត្រូវបានផ្អាកទៅវិញជាបន្ទាន់ភ្លាមៗតែម្តង។

ការរញ្ជួយផែនដីលើកនោះ មានភាពខ្លាំងក្លាកម្រិត ៧រិកទើរ៍ កើតលើស្នាមរំកិល សេន អ៊ែនដ្រៀស បរិវេណឈូងសមុទ្រ សានហ្វ្រានស៊ីស្កូ មានភាពខ្លាំងក្លា និងមានផ្ទៃនៃការខូចខាតធំទូលាយ បណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណជា ៣០០នាក់ និងអ្នករបួសជាង ៣ ៧០០នាក់ទៀត។ ហេតុការណ៍រញ្ជួយផែនដីក្នុងគ្រានោះ មានតួលេខនៃភាពខូចខាត គិតជាទឹកប្រាក់ប្រមាណជា ៦–១៣ពាន់លានដុល្លារអាមេរិក និងអាចរាប់បានថា ជាគ្រោះធម្មជាតិ ដែលខាតបង់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។

លំដាប់ទី១ ៖ វិនាសកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ (September 11th 2001)

ហេតុការណ៍វិនាសកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬ ៩/១១(ណាញ វ័ន វ័ន) ជាហេតុការណ៍វិនាសកម្មរញ្ជួយពិភពលោក នៅពេលដែលពួកភេវរករចំនួន ១៩នាក់ ចែកចេញជា ៤ក្រុម បានធ្វើការប្លន់យន្តហោះដឹកអ្នកដំណើរចំនួន ៤គ្រឿងខណៈពេលកំពុងហោះហើរនៅលើអាកាស ដើម្បីវាយប្រហារបែបអត្ថឃាតពលីជីវិត ក្នុងទីក្រុងនីវយ៉ក និង វ៉ាស៊ីនតុន ឌីស៊ី។

ក្រុមពួកភេវរករ បានចាប់ពង្រត់យន្តហោះ ២គ្រឿង ហើយបើកបំបុកអគារភ្លោះ វើលដ៍ ត្រេដ សេនធើរ៍ ក្នុងទីក្រុងនីវយ៉ក ធ្វើឱ្យកើតការផ្ទុះដ៏ខ្លាំងក្លារញ្ជួយប្រថពី រួចហើយ ២ម៉ោងក្រោយមក អគារទាំង២ ក៏ដួលរលំ រាបដល់ដី។ ឯយន្តហោះទី៣ បានបើកទៅបំបុកអគារ ផេនតាហ្កន ក្នុងទីក្រុងអារ៍លិងតុន រដ្ឋវើជីនៀ ចំណែកឯយន្តហោះទី៤ ចុងក្រោយគេ បានធ្លាក់នៅក្នុងបរិវេណវាលស្មៅក្នុងរដ្ឋផេនស៊ីលវេនៀ។ តាមរយៈការវាយប្រហារទាំងនោះ បានធ្វើឱ្យមានមនុស្សស្លាប់ជិត ៣ ០០០នាក់ និងអ្នកដំណើរក្នុងយន្តហោះទាំង ៤គ្រឿងនោះ បានស្លាប់ទាំងអស់គ្មានសល់ម្នាក់ រាប់ថាជាហេតុការណ៍ភេវរកម្មមួយ ដែលសាងនូវការខាតបង់ដល់ជនជាតិអាមេរិកាំងយ៉ាងធំធេងមហាសាល។

រដ្ឋការអាមេរិក បានចង្អុលសំដៅទៅ អូសាម៉ា ប៊ិនឡាដេន(Osama bin Laden) មេខ្លោងក្រុមភេវរកម្ម អាល់ កៃដា (Al Qaida) និងសរុបថា គេគឺជាអ្នកបញ្ជាឱ្យកើតហេតុការណ៍ទាំងនោះឡើង៕

×