កាលពីពេលថ្មីៗនេះ ក្នុងបណ្ដាញសង្គមបាននាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបុរសម្នាក់បានចែករំលែករូបភាពអ៊ំស្រីម្នាក់ ឈរជូតកញ្ចក់នៅជាន់ទី១៥ យ៉ាងព្រងើយ គ្មានពាក់ខ្សែការពារសុវត្ថិភាពអ្វីទាំងអស់ ធ្វើឱ្យអ្នកលេងអ៊ីនធើណិតនាំគ្នាខំមិនត៍ថា កុំធ្វើអ៊ីចឹងទៀតអី អ៊ំអ៊ើយ។
វេបសាយ CTWANT បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ ពិភពបណ្ដាញសង្គមរបស់ប្រទេសចិន ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមានអ្នកលេងបណ្ដាញសង្គមម្នាក់ បានផូស្តឃ្លីបវីដេអូមួយ នៅក្នុងក្រុមអ្នកលេងហ្វេសប៊ុក ១ក្រុម ដោយបានសរសេរបញ្ជាក់ថា មានស្ត្រីចំណាស់ម្នាក់កំពុងធ្វើការសម្អាតកញ្ចក់នៅក្រៅមាត់បង្អួចជាន់ទី១៥ ទល់មុខផ្ទះរបស់គេ ធ្វើឱ្យអ្នកដែលបានឃើញរូបភាពនោះហើយ ម្នាក់ៗប្រហោងពោះធ្លុង បេះដូងធ្លាក់ដល់កែងជើងគ្រប់ៗគ្នា។

យ៉ាងណាក្ដី តាមរយៈឃ្លីបវីដេអូ រយៈពេល ១នាទី ២៣វិនាទី ដែលខាងម្ចាស់ឃ្លីបបានយកមកផូស្តផ្សព្វផ្សាយនោះ គេមើលឃើញថា ស្ត្រីចំណាស់ម្នាក់ ពាក់អាវពណ៌ស និងខោជើងខ្លីពណ៌ស្វាយ កំពុងឈរជូតកញ្ចក់យ៉ាងព្រងើយ នៅលើផ្នែកខាងមុខអគារ ជាន់ទី១៥ ដោយប្រើឧបករណ៍ជូតសម្អាតផ្ទះធម្មតាៗ និងថែមទាំងមានឧបករណ៍ និងក្រណាត់ជូតផ្សេងៗនៅក្បែរជើងរបស់គាត់ទៀតផង។ ចំណែកអ្នកដែលបានមើលឃ្លីបនោះហើយ ម្នាក់ៗនាំគ្នានឹកបារម្ភជំនួសយ៉ាងខ្លាំង ព្រោះមើលទៅគាត់ដូចជាគ្មានភិតភ័យ ឬយកចិត្តទុកដាក់ចំពោះសុវត្ថិភាពខ្លួនឯងបន្តិចណាសោះតែម្ដង។ ពួកគេបារម្ភថា បើលោតែភ្លាត់ស្នៀត រអិល ឬភ្លេចខ្លួនឈានជើងថយក្រោយវិញនោះ ច្បាស់ជាកើតរឿងរន្ធត់ចិត្តមិនខាន៕






