បាត់ដំបង ៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់។

ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាផងដែរ។
លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុកបាណន់ បានឲ្យដឹងថា អគារស្នាក់ការអនុសាខានេះ មានទីតាំងនៅភូមិ បាណន់ ឃុំ កន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ទំហំអគារ ១២ម៉ែត្រ គុណ ១៤ ម៉ែត្រ ប្រក់ក្បឿងសេរ៉ាមិច មានបន្ទប់ធ្វើការ១ សាលប្រជុំ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារ និងសម្ភារៈ១ បន្ទុប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពាក់អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ គុណ ១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ ៣ម៉ែត្រ គុណ ៤ម៉ែត្រ សាងសង់រួចជាស្ថាពរនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយចំណាយថវិកាអស់ ៨៥,៥៣០ ដុល្លារ។

លោកបន្តថា អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មីនេះ ជាសមិទ្ធផលមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាខេត្ត និងឯកឧត្តម គៀត ច័ន្ទថារិទ្ធ អនុប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ គណៈកិត្តិយសសាខា ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាខេត្ត គណៈកម្មាធិការសាខាខេត្ត ដែលមានឯកឧត្តម សុខ លូ ជាប្រធាន អនុសាខាស្រុក ព្រមទាំងសមាជិកទាំងអស់ ជាពិសេសសប្បុរសជននានា ដែលបានចំណាយធនធាន កម្លាំងកាយចិត្ត និង លះបង់ពេលវេលាសាងសង់សមិទ្ធផលថ្មី ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។

សម្ដេចបានគូសបញ្ជាក់ថា អគារទីស្នាក់ការអនុសាខាស្រុកនាពេលនេះ បានដើរតួនាទីយ៉ាងសំខាន់ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឱ្យបានទាន់ពេលវេលាយ៉ាងសកម្មផុលផុសក្នុងប្រតិបត្តិការសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្តេចក្រឡាហោម បានថ្លែង កោតសរសើរដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការសាខាខេត្ត អនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលបានខិតខំបំពេញការងារមនុស្សធម៌ ប្រកបដោយមនសិការខ្ពស់ ក្នុងកិច្ចការចូលរួមអភិវឌ្ឍសង្គម និងលើកកម្ពស់វប្បធម៌ចែករំលែក សេដ្ឋកិច្ច និងធនធានមនុស្សប្រកបដោយការទទួលខុសត្រូវ ហើយសូមចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី










