បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៊ុយក្រែន ត្រឡប់មកបាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែកំពុងបន្តប្រយុទ្ធតតាំងក្នុងទីក្រុងបាកមូត (Bakhmut) ដដែលទេ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃដដែលនេះ បានផ្តល់ចម្លើយដែលត្រូវគេមើលឃើញថា ហាក់ដូចជាទទួលស្គាល់ចំពោះ ការបាត់បង់ទីក្រុងភាគខាងកើតនេះទៅក្នុងដៃរបស់រុស្ស៉ី ពោលគឺ និយាយត្រឡប់ត្រឡិន។

បានជាថាខាងអ៊ុយក្រែននិយាយត្រឡប់ត្រឡិននោះ ដោយហេតុថា នៅពេលត្រូវបានសាកសួរ មុនជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯប្រទេសជប៉ុន ថាតើទីក្រុង បាកមូត (Bakhmut) កំពុងស្ថិតក្រោម ការគ្រប់គ្រងរបស់អ៊ុយក្រែនដដែលឬយ៉ាងណា បន្ទាប់ពីខាងរុស្ស៉ីបានប្រកាសអះអាងថា ពួកគេដណ្តើមគ្រប់គ្រងកាន់កាប់វាបានទាំងស្រុងហើយនោះ?! លោក ហ្សេលេនស្គី បានឆ្លើយតបយ៉ាងដូច្នេះថា ខ្ញុំគិតថា មិនដូច្នោះទេ សម្រាប់ពេលនេះ Bakhmut មានតែនៅក្នុងបេះដូងយើងប៉ុណ្ណោះ, វាគឺជា រឿងគួរឱ្យខ្លោចផ្សា ដោយពុំមានអ្វីសេសសល់នៅទីនោះទៀតឡើយ, ក្នុងអត្ថន័យនេះ មានន័យថា ទីក្រុងបាកមូត ត្រូវរុស្ស៊ី វាយយកកាន់កាប់ទាំងស្រុងហើយ។

បន្ទាប់ពីលោក ហ្សេលេនស្គី និយាយដោយក្ដីអស់សង្ឃឹមរួចមក ស្រាប់តែ បន្តិចនោះ អ្នកនាំពាក្យរបស់លោក ហ្សេលេនស្គី បានចេញមុខបកស្រាយថា លោកប្រធានាធិបតីអ៊ុយក្រែន បានឆ្លើយតបតែចំពោះ ផ្នែកចុងក្រោយនៃសំណួររបស់ក្រុមអ្នកកាសែតប៉ុណ្ណោះ ពោលគឺ លោក ហ្សេលេនស្គី បានឆ្លើយតបថា លោកមិនយល់យ៉ាងដូច្នោះទេ ចំពោះការ អះអាងរបស់រុស្ស៉ី ដែលថាពួកគេដណ្តើមគ្រប់គ្រងទីក្រុង Bakhmut បានទាំងស្រុង។ អ្នកនាំពាក្យបានបន្ថែមថា ប្រការនេះមានន័យថាលោក ហ្សេលេនស្គី បានបដិសេធចំពោះការដួលរំលំនៃទីក្រុង Bakhmut ទៅក្នុងដៃរុស្ស៊ី។
រឿងទីក្រុងបាកមូតធ្លាក់ទៅក្នុងដៃនរណា យើងគួររំលឹកថា មុននេះ ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី វ៉ាងន័រ (Wagner) បានអះអាងពីការគ្រប់គ្រងបានទាំងស្រុងលើទីក្រុង Bakhmut កាលពីថ្ងៃសៅរ៍សប្តាហ៍ មុន បន្ទាប់ពីកងកម្លាំងរបស់ពួកគេ នៅទីបំផុតបានវាយបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទីតាំងចុងក្រោយនៅក្នុងទីក្រុងនេះ។

រឿងនេះ ក្រសួងការពារជាតិ របស់រុស្ស៉ី ក៏បានអះអាងថា ទីក្រុង Bakhmut ត្រូវរុស្ស៉ី វាយយកបានទាំងស្រុងផងដែរ ដោយមានដោតទង់ជាតិរុស្ស៊ីនៅលើអគាររដ្ឋបាលសំខាន់ៗជាច្រើន ។ ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងនាថ្ងៃអាទិត្យម្សិលនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា សមរភូមិនៅ Bakhmut គឺត្រូវបានបញ្ចប់ហើយ ហើយលោកបានអបអរសាទរ និងអរគុណក្រុមទាហានស៊ីឈ្នួលវ៉ាងន័រ (Wagner) ព្រមទាំងកងទ័ពរុស្ស៉ី ដែលបានខិតខំ និងតស៊ូស្វិតស្វាញដណ្ដើមយកទីក្រុងមួយនេះទាំងស្រុង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN





























