Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវដល់ G7 ត្រូវតែធ្វើឲ្យប្រាកដថា រុស្ស៊ីជាអ្នកឈ្លានពានចុងក្រោយបង្អស់ នៅលើពិភពលោក

រាជធានីតូក្យូ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅកាន់បណ្ដាប្រទេសជាច្រើន នៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និង អាស៊ី ហើយដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសជប៉ុន បានគូសបញ្ជាក់ អំពីការបែងចែកដ៏សំខាន់ រារាំងដល់ការបង្កើតសមរភូមិរួមគ្នា ប្រឆាំងនឹងរុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវទៅដល់ពិភពលោកទាំងមូល ត្រូវទប់ស្កាត់ កុំឲ្យសង្គ្រាមកើតមានឡើងបន្ដទៀត នាពេលអនាគត ដោយត្រូវតែធ្វើឲ្យប្រាកដ ថា រុស្ស៊ី ក្លាយជាអ្នកឈ្លានពានចុងក្រោយបង្អស់ នៅលើផែនដីនេះ។ ដំណើរទស្សនកិច្ចរបស់លោក ហ្សេឡែនស្គី ទៅកាន់ប្រទេសជប៉ុន ដោយធានាឲ្យបាននូវការដាក់ទណ្ឌកម្មជាថ្មី ប្រឆាំងនឹងក្រុងម៉ូស្គូ និង ការផ្ដល់នូវគ្រឿងសព្វាវុធ សម្រាប់រដ្ឋាភិបាលក្រុងកៀវ។

នៅក្នុងសុន្ទរកថា ដោយបានបង្ហាញ អំពីការបញ្ចប់ជម្លោះការទូត រយៈពេលមួយសប្តាហ៍ទៅកាន់តំបន់អឺរ៉ុប មជ្ឈិមបូព៌ា និង អាស៊ីនោះ លោកប្រធានាធិបតី ហ្សេឡែនស្គី បានបញ្ជាក់ ថា ជ័យជម្នះរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី នឹងទប់ស្កាត់ដល់អ្នកឈ្លានពានផ្សេងៗទៀត នាពេលអនាគត។ ជាមួយគ្នានេះ មេដឹកនាំអ៊ុយក្រែន ក៏បានដាក់ចេញនូវផែនការសន្តិភាព ចំនួន១០ចំណុចរបស់គាត់ ថា នេះ ជាការបញ្ចៀសសង្គ្រាមរបស់ពិភពលោក។

ផែនការសន្ដិភាពរបស់លោក ហ្សេឡែនស្គី ត្រូវបានស្នើឡើង ជាលើកដំបូង នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នឹងស្តារស្ថានភាពព្រំដែនអ៊ុយក្រែនឡើងវិញ និង មើលឃើញ អំពីការដកកងទ័ពរបស់រុស្ស៊ី ចេញពីទឹកដីអ៊ុយក្រែន ក៏ដូចជា ផ្តល់នូវការធានា សម្រាប់នុយក្លេអ៊ែរ ថាមពល និង សន្តិសុខស្បៀងអាហារផងដែរ។

លោក ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G7 នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន ថា «យើងនឹងត្រូវតែរារាំងដល់អ្នកឈ្លានពានផ្សេងៗទៀត។ នៅពេលមនុស្សគ្រប់គ្នា ដែលចង់បានសង្រ្គាម មើលឃើញ ថាតើពិភពលោកត្រូវកំណត់កម្រិតណា នៅពេលពិភពលោកចង់បានសន្តិភាព ហើយនៅលើផែនដីនេះគ្មានចំនុចណាមួយ ត្រូវចាប់ផ្តើមសង្រ្គាមបន្ដទៀតនោះឡើយ»។

សុន្ទរកថារបស់មេដឹកនាំអ៊ុយក្រែន បានកើតឡើង ក្រោយពេលក្រុមប្រទេស G7 បានប្ដេជ្ញា បង្កើនសម្ពាធដល់ប្រទេសរុស្ស៊ី ហើយបន្ដជ្រោមជ្រែងដល់វិស័យការពារជាតិ សម្រាប់អ៊ុយក្រែន។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីព្រឹក ថ្ងៃអាទិត្យ បានប្រកាសនូវកញ្ចប់ជំនួយយោធាថ្មី មានទំហំទឹកប្រាក់ ៣៧៥លានដុល្លារបន្ថែមទៀត ដោយរាប់បញ្ចូលទាំងគ្រាប់រំសេវ កាំភ្លើងផ្លោង និង រថពាសដែក ផងដែរ។ បន្ថែមពីលើនេះ លោកប្រធានាធិបតី បានផ្ដល់នូវការគាំទ្រដល់ការបណ្ដុះបណ្ដាលអាកាសយានិករបស់កងទ័ពអាកាសអ៊ុយក្រែន អំពីរៀបបើកបរយន្ដហោះចម្បាំងដ៏ទំនើបជំនាន់ទី៤របស់សហរដ្ឋអាមេរិក ប្រភេទ F-16 ថែមទៀតផង។

មេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ បានសន្យាបង្កើនសម្ពាធទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយបន្ដគាំទ្រដល់អ៊ុយក្រែន សម្រាប់រយៈពេលវែង។ ស្របគ្នានេះ ក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មថ្មីដាច់ដោយឡែកពីគ្នា លើជនជាតិរុស្ស៊ី ចំនួន២២នាក់ និង អង្គភាពរបស់រុស្ស៊ី ចំនួន១០៤ ខណៈនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានប្រកាសហាមឃាត់នូវការនាំចូលពេជ្រទង់ដែង អាលុយមីញ៉ូម សំណប៉ាហាំង និង នីកែល ពីប្រទេសរុស្ស៊ី ផងដែរ។

ជាមួយគ្នានេះ សហភាពអឺរ៉ុប នាពេលបច្ចុប្បន្ននេះ កំពុងតែចរចាគ្នា អំពីកញ្ចប់ទណ្ឌកម្មទី១១ ដោយមានគោលបំណង បិទចន្លោះប្រហោង និង ដោះស្រាយនូវការគេចវេះ ពីវិធានការទណ្ឌកម្ម ដែលមានស្រាប់៕ រក្សាសិទ្ធដោយ ៖ សារាយSN

×