ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន លោក បៃដិន បានសម្តែងការខកចិត្តដែលឧប្បត្តិហេតុប៉េងប៉ោងចិន កាលពីដើមឆ្នាំនេះ បានរំខានដល់សន្ទុះក្នុងការលើកកម្ពស់ទំនាក់ទំនងររវាងមន្ត្រីកំពូលរបស់ប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូរ បៃដិន (Joe Biden) បាននិយាយនៅថ្ងៃអាទិត្យ (២១ ឧសភា) ថា ភាពតានតឹងក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងគួរតែរលាយបាត់ ក្នុងពេលឆាប់ៗនេះ។

លោក ចូរ បៃដិន បាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈក្នុងការបាញ់ទម្លាក់ប៉េងប៉ោង ដែលត្រូវបានចោទប្រកាន់ថា បានហោះហើរដើម្បីស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកនោះ បានបង្កឱ្យមានជម្លោះការទូតរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ, ហើយគម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លិកខិន (Antony Blinken) ទៅកាន់ទីក្រុងប៉េកាំង ដែលត្រូវបានពិពណ៌នា ថា ជា ឱកាសមួយដើម្បីកែលម្អទំនាក់ទំនង ក៏ត្រូវបានលុបចោលដោយសារតែឧប្បត្តិហេតុនេះផងដែរ។

ប៉ុន្តែ ទោះជាយ៉ាងណា លោកប្រធានាធិបតីអាមេរិករូបនេះ រំពឹងថាទំនាក់ទំនងល្អក់កករជាមួយប្រទេសចិននឹងរលាយបាត់ឆាប់ៗនេះ បន្ទាប់ពីភាពតានតឹងដែលកើតចេញពីឧប្បត្តិហេតុមួយកាលពីដើមឆ្នាំនេះ នៅពេលដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ប៉េងប៉ោងហោះរបស់ចិន លើទីតាំងយោធាដ៏រសើបមួយ។ ការផ្លាស់ប្តូរទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ប្រសិនបើយើងបាននិយាយគ្នា ខណៈដែលស្ថានភាពមើលឃើញជាក់ស្ដែងថាធូរស្រាលបន្តិចម្ដងៗហើយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN
















