សិង្ហបុរី៖ ក្រោយពេលប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបញ្ចេញនូវរបាយការណ៍ អំពីរបបសឹក នៅក្នុងប្រទេសអាស៊ានមួយនេះ បានចំណាយថវិកាជាតិ រហូតដល់ជាង១ពាន់លានដុល្លារ ទិញគ្រឿងសព្វាវុធ ភាគច្រើនបំផុត ពីក្រុមហ៊ុននានា នៅក្នុងប្រទេសរុស្ស៊ី ចិន ថៃ និង សិង្ហបុរី នោះមក ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង នៅលើដែនកោះដ៏តូចមួយនេះ បានប្រកាស អំពីការចាប់ផ្ដើមចាត់វិធានការប្រឆាំងនឹងសកម្មភាពលំហូរអាវុធ ទៅកាន់រដ្ឋាភិបាលយោធាភូមា។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ថា ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ នៅក្នុងការឆ្លើយតប ទៅកាន់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលបានរាយការណ៍ ថា ប្រទេសសិង្ហបុរី ក្លាយជាអ្នកផ្គត់ផ្គង់មួយ ដល់រោងចក្រគ្រឿងសព្វាវុធរបស់របបយោធាមីយ៉ាន់ ថា សិង្ហបុរី កំពុងតែចាត់វិធានការរារាំងដល់លំហូរគ្រឿងសព្វាវុធ ចូលទៅក្នុងប្រទេសគ្រប់គ្រងដោយពួកយោធាមួយនេះ។
អ្នកនាំពាក្យ ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ នៅថ្ងៃសុក្រ ថា ប្រទេសសិង្ហបុរី បានប្រកាន់យកគោលជំហរ ប្រឆាំងនឹងការប្រើប្រាស់កម្លាំងដ៏សាហាវរបស់របបយោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងជនស៊ីវិល ដែលគ្មានអាវុធ នៅក្នុងដៃ។

ការឆ្លើយតបរបស់ប្រទេសសិង្ហបុរី បានកើតឡើង ក្រោយពេលមានសេចក្ដីរាយការណ៍មួយ បានបោះពុម្ពផ្សាយ កាលពីថ្ងៃពុធ ចេញដោយលោក ថម អេនឌ្រូស (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ របាយការណ៍នោះ បានរៀបរាប់ ថា របបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននាំចូលគ្រឿងសព្វាវុធ និង វត្ថុធាតុដើម សម្រាប់ផលិតអាវុធ យ៉ាងតិចមានតម្លៃ ជាង១ពាន់លានដុល្លារ ចាប់តាំងពីពួកគេ បានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។
ប្រេសិតរូបនេះ បានបញ្ជាក់ ថា គ្រឿងសព្វាវុធ មានតម្លៃប្រហែល ២៥៤លានដុល្លារ ត្រូវបានដឹកជញ្ជូន ចេញពីអង្គភាពរាប់សិប នៅក្នុងប្រទេសសិង្ហបុរី នាំទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ ឈ្មួញអាវុធ ក៏បានប្រើប្រាស់ធនាគាររបស់សិង្ហបុរី យ៉ាងទូលំទូលាយផងដែរ។

ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ កាលពីថ្ងៃសុក្រ ថា «យើងសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅក្នុងការផ្តល់ព័ត៌មាននេះ ដើម្បីជួយដល់ការស៊ើបអង្កេតរបស់សិង្ហបុរី ថាតើវាមានបទល្មើសណាមួយ ត្រូវបានប្រព្រឹត្ត នៅក្រោមច្បាប់របស់សិង្ហបុរី។ សិង្ហបុរី នឹងមិនស្ទាក់ស្ទើរ នៅក្នុងការចាត់វិធានការ ប្រឆាំងនឹងបុគ្គល ឬ អង្គភាពណាមួយ បានបំពារបំពាន មកលើច្បាប់របស់យើងនោះឡើយ។ នៅក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលសិង្ហបុរី នៅតែប្តេជ្ញា ផ្តល់ជំនួយមនុស្សធម៌ គាំទ្រដល់ប្រជាជនមីយ៉ាន់ម៉ា។ យើងនឹងបន្តធ្វើការជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ានរបស់យើង និង អង្គការសហប្រជាជាតិ ដើម្បីជួយសម្របសម្រួល ស្វែងរកសន្តិភាព និង ផ្សះផ្សាជាតិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
លោក វីវៀន បាឡាគ្រីស្មែន (Vivian Balakrishnan) រដ្ឋមន្ត្រី ក្រសួងការបរទេសសិង្ហបុរី កាលពីខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងទៅកាន់រដ្ឋសភា ថា សិង្ហបុរី មិនបានលក់គ្រឿងសព្វាវុធ ទៅឱ្យមីយ៉ាន់ម៉ា អស់រយៈពេលជាយូរណាស់មកហើយ។ សិង្ហបុរី បានអនុវត្តនូវការហាមឃាត់ការលក់អាវុធ ទៅកាន់ប្រទេសអាស៊ានមួយនេះ។

របាយការណ៍នោះ បានបញ្ជាក់ ថា ប្រទេសសិង្ហបុរី ក្លាយជាចំណុចឆ្លងកាត់យុទ្ធសាស្ត្រសម្រាប់បរិមាណអាវុធដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងវត្ថុធាតុដើម រួមចំណែកដល់ការផលិតយោធារបស់របបយោធាមីយ៉ាន់ម៉ា ផងដែរ។ មីយ៉ាន់ម៉ា បានទិញអាវុធ ភាគច្រើនបំផុត មកពីក្រុមហ៊ុនានា នៅក្នុងប្រទេសរុស្ស៊ី ចិន ថៃ និង សិង្ហបុរី។ បើទោះជាយ៉ាងណា រុស្ស៊ី ចិន និង ថៃ នៅមិនទាន់បានប្រតិកម្ម ឆ្លើយតបនឹងរបាយការណ៍នេះនៅឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN








