ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់ឆ្នាំ២០២៣នេះ ជាឆ្នាំដ៏ពិសេសរបស់កម្ពុជា-ចិន ដែលជាខួបលើកទី៦៥ នៃចំណងទំនាក់ទំនងរវាងចិន-កម្ពុជា និងជាខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយរបស់លោកប្រធានាធិបតី ស៉ី ជិនពីង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានខិតខំធ្វើការជាមួយថ្នាក់ដឹកនាំចិន រហូតដល់បង្កើតបានមិត្តភាពដៃគូ ជាយុទ្ធសាស្ត្រគ្រប់គ្រុងជ្រោយ។ បន្ថែមលើនោះលោក ស៉ី ជិនពីង ប្រធានាធិបតីចិនបានប្រសិទ្ធនាមកម្ពុជាថា «ជាមិត្តដែកថែម» ដែលមិនអាចមានអ្នកណា មកបំបែកបំបាក់សាមគ្គីភាពនេះបានទេ។

នៅព្រឹកថ្ងៃចន្ទទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត, ទី២-ទស្សនាពិព័រណ៍សមិទ្ធផល និងទី៣-ពិធី សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញជួបជាមួយបងប្អូនកម្មករកម្មការិនីប្រមាណជាង២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនាថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានសាសន៍ថា ការជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនី ធ្វើឱ្យសម្ដេចបានរកឃើញមធ្យោបាយ និងដំណោះស្រាយមួយចំនួនពាក់ព័ន្ធការងាររបស់កម្មករ កម្មការិនី។
សម្តេចតេជោបានក្រើនរំលឹកឡើងវិញថា ឧស្សាហកម្មកាត់ដេរនៅកម្ពុជា បានចាប់ផ្តើមជាមួយប្រាក់ឈ្នួលត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ រហូតដល់មានការដំឡើងជាបន្តបន្ទាប់ បូកនឹងអត្ថប្រយោជន៍ដែលកម្មករទទួលបានមួយចំនួនទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មិនស្មើគ្នាទេ តែត្រូវដឹងថា ទំនិញចិននាំចូលកម្ពុជាភាគច្រើន ជាវត្ថុធាតុដើម ដើម្បីផលិតនៅកម្ពុជា។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់គោលនយោបាយគាំពារដល់កម្មការិនី មានផ្ទៃពោះ ឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។ សម្តេចតេជោបានបន្តថា ការឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ជាគោលនយោបាយជាក់លាក់ មិនមែនឆក់កណ្តៀត ឬជាសន្យាខ្យល់នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ការពារសន្តិភាពឱ្យបាន គឺមិនបារម្ភរឿងអត់ការងារធ្វើនោះទេ ក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលអាចការពារសន្តិភាព និងការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករកម្មការិនីបាន។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជាក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងការគោរពមជ្ឈភាពរបស់អាស៊ាន។ បន្ថែមពីលើនោះ គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នាំឱ្យកើតមានសមិទ្ធផលជាច្រើន នៅកម្ពុជាដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿន, ការតភ្ជាប់អ៉ីនធើណេតកប់ក្រោមបាត់សមុទ្រ និងផ្លូវ ស្ពានជាច្រើនខ្សែទៀត។
បន្ទាប់ពិធីសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីប្រមាណជាង២ម៉ឺននាក់រួចហើយសម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកឧត្តម វ៉ាង វិនធៀន បានអញ្ជើញទស្សនាពិពណ៍សមិទ្ធផលសំខាន់ៗដែលកើតមានឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជាពិសេសសមិទ្ធផល នៃការវិនិយោគរបស់ក្រុមហ៊ុន នៃប្រទេសចិនដែលបាននិងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំគួរតែបញ្ជាក់អំពីសារបាន ហេតុអ្វីបានជាកម្ពុជាស្ថិតក្នុងប្រទេស១៥០ និងអង្គការអន្តរជាតិ ៣២ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ ដែលផ្តួចផ្តើម ដោយឯកឧត្តមប្រធានាធិបតី ស៉ី ជិនពីង? ចំណុចនេះ គឺស្របជាមួយគោលនយោបាយ ពីដើមដល់ចប់របស់កម្ពុជា។ ចំណុចបី ដែលកម្ពុជាត្រូវដើរ រាល់គំនិតផ្តួចផ្តើមទាំងអស់ ត្រូវតែបម្រើដល់សន្តិភាព និងការអភិវឌ្ឍ ព្រោះគំនិតផ្តួចផ្តើមក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ឬឥណ្ឌូប៉ាស៉ីហ្វិកវាច្រើនពេកហើយ ប៉ុន្តែកម្ពុជាត្រូវតែរក្សាគោលជំហរ ទី១៖ បើអ្នកចង់ឲ្យខ្ញុំគាំទ្រ អ្វីដែលវត្ថុបំណងត្រូវតែបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ, ទី២៖ គឺកុំប្រឆាំងជាមួយប្រទេសណា និងទី៣៖ ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នេះជាគោលការណ៍ធំៗនៃគោលនយោបាយការបរទេសរបស់កម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បន្តថា មិនមែនតែកម្ពុជាទេ ដែលទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បណ្តាប្រទេសអាស៊ានដទៃទៀត ក៏កំពុងទទួលបានផលប្រយោជន៍ផងដែរ។សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះថ្លែងនូវការអបអរសាទខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៉ី ជិនពីង។

សម្តេចតេជោ បានរំលឹកពីការអញ្ជើញចូលរួម ក្នុងប្រជុំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន កាលពីឆ្នាំ២០១៣ ដោយលោក ស៉ី ជិនពីង បានប្រកាសអនុវត្តន៍គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងបានប្រកាសដាក់នូវថវិកាចំនួន៣០ពាន់លានដុល្លារ។ ពេលនោះសម្តេចបានថ្លែងទៅកាន់ប្រធានាធិបតីចិន ក្នុងអង្គប្រជុំថា «តំបន់របស់យើងមានគំនិតផ្តួចផ្តើមច្រើនណាស់ ប៉ុន្តែអ្វីដែលយើងខ្វះខាត គឺមិនមានប្រាក់ដើម្បីអនុវត្តន៍គម្រោងនោះទេ»។ បន្ទាប់ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ត្រូវបានអនុវត្តន៍មានសមិទ្ធផលជាច្រើន ក្នុងតំបន់អាស៊ាន ចាប់ផ្តើមដំណើរការដូចផ្លូវរថភ្លើង, ផ្លូវ Highway តភ្ជាប់រវាងចិន និងប្រទេសអាស៊ាន ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោកប្រធានាធិបតី ស៉ី ជិនពីង គឺបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសជាសមាជិក ពិសេសបណ្ដាប្រទេសសមាជិកអាស៊ាន ហើយមិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។
សម្ដេចតេជោថ្លែងថា យើងពិនិត្យមើលនយោបាយរបស់ចិន គ្មានការប្រកាសធ្វើជាសត្រូវជាមួយប្រទេសណានោះទេ ទោះបីអ្នកដទៃបានរកវិធីរារាំងចិន ឬប្រឆាំងចិនក៏ប៉ុន្តែចិនមិនដែលដាក់ចេញនូវគោលនយោបាយរារាំង ឬក៏ធ្វើជាសត្រូវជាមួយប្រទេសនោះទេ ដូច្នេះបានជាគោលនយោបាយខ្សែក្រវាត់ និងផ្លូវចេះតែរីក។

ជាក់ស្ដែងកិច្ចព្រមព្រៀងអាស៊ាន-ចិនផ្ដល់ផលប្រយោជន៍ធំណាស់សម្រាប់បណ្ដាប្រទេសអាស៊ាន ប្រទេសអាស៊ាននាំចូលទៅក្នុងប្រទេសចិនច្រើន ជាងចិននាំចូលមកក្នុងបណ្ដាប្រទេសអាស៊ានទៅទៀត។ នេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ដែលបានផ្ដល់ផលប្រយោជន៍សម្រាប់បណ្ដាប្រទេសអាស៊ានដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ត្រូវបានចូលជាធរមានហើយនោះ ក៏ជាចំណែកកិច្ចសហប្រតិបត្តិការដែលមានបណ្ដាប្រទេសអាស៊ានទាំង១០ បូកចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែលសេឡង់។
ការបង្កើតធនាគារវិនិយោគអាស៊ី ក៏ជាគំនិតផ្ដួចផ្ដើមរបស់ចិន ហើយកម្ពុជាក៏ជាសហស្ថាបនិកនៃធនាគារនេះដែរ។ នេះជាផ្នែកនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងការអភិវឌ្ឍសកលរបស់មហាអំណាចចិន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





















