ភ្នំពេញ៖ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ធនាគារ SME Bank បានចូលរួមចំណែកដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម SME នៅកម្ពុជា។ គិតត្រឹមខែមេសា ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា SME Bank បានធ្វើប្រតិបត្តិការផ្តល់ឥណទានដោយផ្ទាល់ លើទំហំទឹកប្រាក់សរុបចំនួន ៦២.៤លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្យម SME ចំនួន ២៧៥ ក្នុងនោះ សហគ្រាស ដែលមានស្រ្តីជាសហគ្រិន ចំនួន ៧៥។

ដើម្បីរក្សាលំនឹងអាជីវកម្ម និងផ្តល់ឥណទានងាយស្រួលដល់បងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវ រោងសិប្បកម្ម និងម្ចាស់សហគ្រាសផ្សេងទៀត ដែលប្រកបរបរក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាខាខេត្តបាត់ដំបង បានបើកសម្ពោធដាក់ឱ្យដំណើរការរួមចំណែកដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន។

ឱកាសនោះ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម ខណៈដែលសហគ្រាសធុនតូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ទាំងលើទិដ្ឋភាពនៃការបង្កើតការងារ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ សហគ្រាសធុនតូច និងមធ្យម SME មានចំណែកជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានបង្កើតនៅកម្ពុជា និងបានផ្ដល់ការងារជូនប្រជាជនប្រមាណ ៧០ភាគរយ នៃចំនួនការងារសរុប។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យមបានរួមចំណែកប្រមាណ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងឱ្យដឹងថា ធនាការសម្រេចជ្រើសរើសទីតាំងខេត្តបាត់ដំបងសម្រាប់ធ្វើជាសាខាទី១ ដោយសារខេត្តបាត់ដំបង គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនៅក្នុងប្រទេសកម្ពុជា ដែលមានសកម្មភាពសេដ្ឋកិច្ចចម្បងៗដូចជា៖ ពាណិជ្ជកម្ម,ទេសចរណ៍, កសិកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម រួមមាន៖ អាជីវកម្មកែច្នៃកសិផល សិប្បកម្ម និងផលិតកម្ម។
អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានឲ្យដឹងថា ការបើកឱ្យដំណើរការធនាគារសហគ្រាសធុនតូច និងមធ្យមសាខាខេត្តបាត់ដំបង នឹងកាន់តែផ្ដល់ភាពងាយស្រួលបន្ថែមដល់អតិថិជន ជាពិសេសបងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវ រោងសិប្បកម្ម និងម្ចាស់សហគ្រាសផ្សេងទៀតដែលប្រកបរបរក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តមានភាពងាយស្រួល និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកប្រភពទុនសម្រាប់ពង្រីកមុខរបរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្ដួចផ្ដើមបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ទាន់ពេលវេលា ដែលនៅក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ១៩ ធនាគារគោលនយោបាយមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា SME៕