ភ្នំពេញ៖ វិស័យទេសចរណ៍ ជាវិស័យមួយក្នុងចំណោមវិស័យទាំងបួនរបស់ប្រទេសកម្ពុជា ដែលជួយជំរុញដល់សេដ្ឋកិច្ចជាតិ។ ក្នុងនោះ ប្រទេសកម្ពុជា មានតំបន់បេតិកភណ្ឌពិភពលោកចំនួនបី គឺ ឧទ្យានបុរាណអង្គរនៅខេត្តសៀមរាប ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ។

លើសពីនេះ ប្រទេសកម្ពុជា មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត លាតសន្ធឹងប្រវែង ៤៥០ គីឡូម៉ែត្រ ក្នុងខេត្តភាគនិរតីចំនួនបួន គឺ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។


របាយការណ៍របស់ក្រសួងទេសចរណ៍ បានចេញផ្សាយថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ១.២៩ លាននាក់ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ៧០៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ បានបន្តថា ថៃបានឈរនៅលេខរៀងទី១ ដោយមានចំនួន ៤២៤,២៤១ នាក់ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលបានមកទស្សនាកម្ពុជា អំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ទី២ ប្រទេសវៀតណាម មានចំនួន ២០៧,៥២៧ នាក់ និងទី៣ ចិន មានចំនួន ១៣២,៦៦៥ នាក់។ គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសជាង ៤ លាននាក់ បន្ទាប់ពីប្រទេសចិន បានបន្ធូរបន្ថយវិធានការប្រឆាំងនឹងជំងឺកូវីដ-១៩ និងអនុញ្ញាតឲ្យមានក្រុមទេសចរណ៍ធ្វើដំណើរទៅកម្សាន្តក្រៅប្រទេសបានឡើងវិញកាលពីដើមឆ្នាំនេះ៕

