Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ទាត់ចោលសំណើទិញយន្ដហោះចម្បាំងដ៏ទំនើប F-35 ពីប្រទេសថៃ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ កងទ័ពអាកាសភូមិន្ទថៃ បានស្នើសុំទិញយន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប្រភេទ F-35 ប៉ុន្ដែសំណើនេះ ត្រូវបានក្រុងវ៉ាស៊ីនតោន ច្រានចោលវិញ។

សារព័ត៌មានរបស់ថៃ The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានច្រានចោលសំណើរបស់កងទ័ពអាកាសភូមិន្ទថៃ (RTAF) នៅក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន២គ្រឿង ក្រោមហេតុផល ថា ប្រទេសថៃ នៅតែមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់យន្តហោះដ៏ទំនើបប្រភេទនេះឡើយ។

បើតាមប្រភពពីកងទ័ពអាកាសភូមិន្ទថៃ បានអះអាង កាលពីថ្ងៃអង្គារ ថា លោក រ៉ូប៊ឺត អេហ្វ ហ្គោដិក (Robert F Godec) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសថៃ កាលពីសប្ដាហ៍មុន បានជួបជាមួយនឹងលោកឧត្ដមសេនីយ៍ អាឡុងខន វ៉ាន់ណារ៉ូត (Alongkorn Wannarot) អគ្គមេបញ្ជារការកងទ័ពអាកាសភូមិនថៃ ដើម្បីជូនដំណឹង ដោយផ្ទាល់ដល់គាត់ អំពីការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោន។ ប្រភពបានដកស្រង់សម្តីរបស់លោកឯកអគ្គរដ្ឋទូត ហ្គោដិក ថា កងទ័ពអាកាសភូមិន្ទថៃ មិនមានគ្រឿងបរិក្ខារ ឬ តម្រូវឱ្យមានវិធានការសន្តិសុខ សម្របសម្រួល ដល់យន្តហោះចម្បាំងប្រភេទនេះទេ។

បើទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលនោះ បានសម្តែងការងឿងឆ្ងល់ ហើយបាននិយាយថា ការបដិសេធបែបនេះ ប្រហែលជា ដោយសារតែរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ( Joe Biden) ជឿ ថា រដ្ឋាភិបាលក្រុងបាងកក កំពុងតែងាកគោលនយោបាយការបរទេសរបស់ខ្លួនខ្លាំង ទៅរកក្រុងប៉េកាំង។

ប្រភពដដែលនោះ បានបន្ដ ថា ប្រេសិតសហរដ្ឋអាមេរិក បានប្រាប់ដល់លោកអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ ថា «នៅពេលប្រទេសថៃ បានរៀបចំខ្លួនរួចរាល់ សហរដ្ឋអាមេរិក នឹងសុខចិត្ត ពិភាក្សាមួយផ្សេងទៀត ស្តីអំពីការទិញយន្តហោះចម្បាំងបំបាំងកាយ ប្រភេទ F-35 នេះ។

បើទោះជាយ៉ាងណាក៏ដោយ ប្រភពដដែល បានបន្ថែម ថា កងទ័ពអាកាសភូមិន្ទថៃ នឹងមិនបានទទួលរងនូវការខូចខាតណាមួយ អំពីការបដិសេធនេះទេ ក្រៅតែពីការប្រគល់ថវិកាចំនួន ៣៦៩លានបាត (លុយថៃ) ឬ ស្មើនឹងប្រហែល ១០,៧លានដុល្លារអាមេរិក ត្រូវបានដកចេញពីថវិកាការពារជាតិ ឆ្នាំ២០២៣នោះឡើយ។ ចំនួននេះ ត្រូវបានគេកំណត់ទុក សម្រាប់ការដំឡើងលើវិស័យការពារជាតិ ជាលើកដំបូង ប្រសិនបើសហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះចម្បាំង F-35 មកឱ្យប្រទេសថៃ។

កងទ័ពអាកាសភូមិន្ទថៃ នឹងជំរុញឱ្យមានការទិញយន្តហោះចម្បាំង ប្រភេទ F-35 ចំនួន២គ្រឿង នៅក្នុងតម្លៃ ៧,៣៨ពាន់លានបាត ឬ ស្មើនឹងប្រហែលជិត២១៤លានដុល្លាអាមេរិក ដើម្បីជំនួសយន្តហោះចម្បាំង F-16 ស៊េរីចាស់របស់ខ្លួន។ ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ ធ្លាប់បង្ហាញ កាលពីឆ្នាំមុន ថា ឱកាសដែលសហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះ F-35 មកឲ្យកងទ័ពអាកាសភូមិន្ទថៃ មានត្រឹមតែ៥០ភាគរយប៉ុណ្ណោះ៕

spot_img
×