ក្នុងពិធីបើកកិច្ចប្រជុំ អ្នកនយោបាយរុស្ស៉ីដែលត្រូវបានគេស្គាល់ថា ជាម នុស្សជំនិតរបស់លោក ពូទីន នោះ គឺ លោក ឌីមីទ្រី ម៉េតវ៉េដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បានលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែង និងការជឿទុកចិត្តគ្នាទៅវិញទៅមកនៃប្រទេសឡាវ និងរុស្ស៊ី។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក ឌីមីទ្រី ម៉េតវ៉េដេវ (Dmitry Medvedev) ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសឡាវ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងទីក្រុងមូស្គូ និងទីក្រុងវៀងចន្ទន៍ ជាមួយឧបនាយករដ្ឋមន្ត្រីឡាវ គឺ លោក វីឡាយ ឡាខាមហ្វុង ដែលកាន់តួនាទីជារដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ឡាវផងដែរ។
ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសឡាវ នៅព្រឹកថ្ងៃអង្គារ លោក ម៉េតវ៉េដេវ បានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ដើម្បីរំលឹកដល់ពីឡុតសូវៀត ដែលត្រូវបានសម្លាប់នៅប្រទេសឡាវនាឆ្នាំ ១៩៦០-១៩៧៣ ខណៈដែលបំពេញបេសកកម្មដើម្បីជួយដល់ប្រជាជាតិឡាវ។
គួរបញ្ជាក់ថា ឥទ្ធិពលរបស់សហភាពសូវៀត (បច្ចុប្បន្នរុស្ស៊ី) ត្រូវបានជះឥទ្ធិពលមកដល់បណ្ដាប្រទេសអាស៊ីមួយចំនួន ក្នុងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច នយោបាយ និងយោធា, ក្នុងប្រទេសឡាវនាពេលនេះ វិមានអនុស្សាវរីយ៍ ត្រូវបានឆ្លាក់ដោយជនជាតិរុស្ស៉ី គឺលោក វីតាលី សានូវ (Vitaly Shanov) និងត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីខែធ្នូ ឆ្នាំ២០២២។ វាត្រូវបានបង្កើតឡើងដើម្បីជាការរំលឹកដល់មនុស្សជំនាន់ក្រោយ អំពីតម្រូវការជួយគ្នាទៅវិញទៅមក ទប់ទល់នឹងការឈ្លានពានជាសាកល និងជានិមិត្តសញ្ញានៃទំនាក់ទំនងមិត្តភាពរវាងរុស្ស៉ី និងឡាវ ដែលរហូតមកដល់បច្ចុប្បន្ន ប្រទេសទាំងពីរ រុស្ស៊ី-ឡាវ នៅតែមានទំនាក់ទំនងល្អជាមួយគ្នា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN