Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន អះអាងពីស្ថានភាពទីក្រុងបាកមូត និង ការសម្លាប់ទាហានរុស្ស៊ី

spot_img

រដ្ឋធានីកៀវ៖ ក្រោយពេលថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner បានអួតអាង អំពីការដណ្ដើមកាន់កាប់ទីក្រុងបាកមូត មានទំហំដី ៤១,៦គីឡូម៉ែត្រការ៉េ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថ្មីៗនេះរួចមក មន្រ្ដីជាន់ខ្ពស់ នៃក្រសួងការពារជាតិអ៊ុយក្រែន បានចេញមកអះអាង ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅតែបន្ដគ្រប់គ្រងផ្នែកខ្លះ នៃទីក្រុងដ៏តូចមួយនេះ ខណៈការវាយប្រយុទ្ធគ្នា បានថយចុះ។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា លោកស្រី ម៉ានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នៅតែបន្ដគ្រប់គ្រង នៅភាគនិរតី នៃជាយទីក្រុងបាកមូត។ ចំណែកការប្រយុទ្ធគ្នា នៅក្នុងទីក្រុងដ៏តូចមួយនេះ បានថយចុះ។

លោកស្រី អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ បានវាយរុលទៅមុខតិចតួច នៅភាគខាងជើង និង ភាគខាងត្បូង នៃទីក្រុងបាកមូត (Bakhmut)។

ដោយឡែក កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ដឹកនាំការប្រយុទ្ធដ៏សំខាន់ នៅទីក្រុងបាកមូត ដោយក្រុមទាហានឯកជន Wagner បានអះអាង អំពីការគ្រប់គ្រងទីក្រុងមួយនេះ ហើយពួកគេ កំពុងតែបើកប្រតិ្ដបត្ដិការ បោសសម្អាតនៅក្នុងទីក្រុង ដែលពួកគេគ្រប់គ្រង។ រុស្ស៊ី បានចំណាយពេលវេលា ជាច្រើនខែ វាយប្រយុទ្ធយ៉ាងបង្ហូរឈាម ដណ្ដើមកាន់កាប់ទីក្រុងដ៏តូចមួយនេះ ដោយបានចំណាយគ្រឿងសឹកយ៉ាងច្រើនសន្ធឹកសន្ធាប់។

ថ្វីបើក្រុងមូស្គូ មិនបានបញ្ចេញរបាយការណ៍ ស្ដីអំពីទាហានរបស់ខ្លួន រងគ្រោះថ្នាក់ ស្លាប់ និង រងរបួសយ៉ាងណាក្ដី  ប៉ុន្ដែក្រុមមន្រ្ដីយោធារបស់លោកខាងលិច បានប៉ាន់ប្រមាណ ថា  ទាហានរុស្ស៊ី ជាច្រើនម៉ឺននាក់ បានស្លាប់ និង រងរបួស ហើយពួកគេបានប្រៀបប្រដូចទីក្រុងបាកមូត ជាម៉ាស៊ីនកិនសាច់មនុស្ស។

ដោយឡែក អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃអង្គារ ថា អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី កើនឡើង រហូតដល់ ២០៤ ៣៦០នាក់ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយរាប់បញ្ចូលទាំងការសម្លាប់ថ្មី ចំនួន ៤៨០នាក់ កាលពី២៤ម៉ោងមុននេះផងដែរ។

នៅក្នុងអំឡុងពេល១ថ្ងៃកន្លងមកនេះ អ៊ុយក្រែន ក៏បានអួតអាង អំពីការបាញ់កម្ទេចឧទ្ធម្ភាគចក្រ ចំនួន១គ្រឿង, រថក្រោះ-រថពាសដែក ចំនួន១៦គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន៤០គ្រឿង, រថយន្ដយោធា និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន១០គ្រឿង,  ដូ្រនចំនួន៣៤គ្រឿង និង គ្រឿងចក្រពិសេស ចំនួន៦គ្រឿង។

ជាមួយនឹងគ្រឿងសឹករបស់រុស្ស៊ី ត្រូវបានកម្ទេច នៅក្នុងរយៈពេល១ថ្ងៃកន្លងមកនេះ នឹងធ្វើឲ្យក្រុងមូស្គូ ខាតបង់គ្រឿងចម្បាំង កាន់តែច្រើនឡើងបន្ថែមទៀត រួមមាន៖  យន្ដហោះចម្បាំង ចំនួន ៣០៩គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន២៩៥គ្រឿង, នាវាចម្បាំងតូចធំ ១៨គ្រឿង, រថក្រោះ ចំនួន ៣ ៧៨៩គ្រឿង, រថពាសដែក ចំនួន ៧ ៤១៩គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ៣ ៣១៨គ្រឿង,  ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៥៦៥គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន៣២៧គ្រឿង, ដ្រូន ចំនួន ២ ៨៦៤គ្រឿង, មីស៊ីលគ្រូស ចំនួន ១ ០១៥ដើម, រថយន្ដយោធា និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៦ ១៣៩គ្រឿង និង គ្រឿងចក្រពិសេស៤៣៣គ្រឿង។

បើទោះជាយ៉ាងណាក៏ដោយ ទាំងភាគីរុស្ស៊ី និង អ៊ុយក្រែន មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួន រងគ្រោះថ្នាក់ ស្លាប់ ឬ រងរបួសពិតប្រាកដនោះឡើយ។ ចំណែកសេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាង ពីភាគីអ៊ុយក្រែន តែប៉ុណ្ណោះ។ ប៉ុន្ដែបើតាមក្រុមមន្រ្ដីជាន់ខ្ពស់យោធារបស់លោកខាងលិច ធ្លាប់លើកឡើង ថា ចំនួនទាហានរបស់អ៊ុយក្រែន រងគ្រោះថ្នាក់ ស្លាប់ ឬ របួស គឺមានចំនួនប្រហាក់ប្រហែលគ្នានឹងទាហានរុស្ស៊ី ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×