Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ស ខេង សង្ឃឹមជឿជាក់ថា យូនីសេហ្វ នឹងបន្តគាំទ្រដល់កិច្ចការងារនេះជាបន្តទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគោលនយោបាយ

spot_img

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍លោក WILL Parks ដែលត្រូវបានចាត់តាំងជាប្រធាន យូនីសេហ្វ ប្រចាំកម្ពុជា។ សម្ដេចក៏ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាថ្លែងអំណរគុណដល់អង្គការ យូនីសេហ្វ ដែលបានជួយគាំទ្រដល់កម្ពុជា ជាយូរឆ្នាំ ពិសេសចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហមឆ្នាំ១៩៧៩ រហូតមក។

នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយ លោក WILL Parks នាយកអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា។

សម្តេចក៏សូមថ្លែងអំណរគុណចំពោះអង្គការ យូនីសេហ្វ ដែលបានផ្តល់ការគាំទ្រតាមរយៈជំនួយ ឬកម្មវិធីផ្សេងៗជាមួយក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលផ្ដោតទៅលើការលើកកម្ពស់តួនាទីរបស់ស្ត្រី និងការចូលរួមគាំពារដល់កុមារដែលកិច្ចការនេះក៏ជាផ្នែកមួយនៅក្នុងក្របខ័ណ្ឌនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

សម្ដេចក៏មានសង្ឃឹមជឿជាក់ថា យូនីសេហ្វ នឹងបន្តគាំទ្រដល់កិច្ចការងារនេះជាបន្តទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្ត្រនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ សម្តេចក៏បានជម្រាបជូន លោកប្រធានអង្គការយូនីសេហ្វផងដែរថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកិច្ចការអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ។

សម្ដេចក្រឡាហោម បានបន្តថា ចាប់ពីឆ្នាំ២០២៤តទៅ រាជរដ្ឋាភិបាល នឹងដំណើរការផ្ទេរការគ្រប់គ្រងបឋមសិក្សា មតេ្តយ្យសិក្សា និងការអប់រំក្រៅប្រព័ន្ធទៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានពេញលេញ បន្ទាប់ពីបានអនុវត្តនូវគម្រោងអស់រយៈពេលមួយរយៈកន្លងមកនៅក្នុងខេត្តបាត់ដំបង។

ជាការឆ្លើយតប លោក WILL Parks ប្រធានអង្គការយូនីសេហ្វ បានថ្លែងអំណរគុណសម្តេចក្រឡាហោមចំពោះការផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងបានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានទទួលយកសំណូមពររបស់សម្ដេចក្នុងការបន្តជួយគាំទ្រដល់កិច្ចការពាក់ព័ន្ធទៅនឹងការលើកកម្ពស់ស្ត្រី និងការគាំពារដល់កុមារនៅថ្នាក់ក្រោមជាតិដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធានអង្គការយូនីសេហ្វក៏បានជម្រាបជូនសម្ដេចផងដែរថា យោងតាមផែនការសកម្មភាពការងាររបស់ យូនីសេហ្វ រយៈពេលបួនឆ្នាំរហូតដល់ឆ្នាំ២០២៨ ដែលមាននូវគំនិតផ្ដួចផ្ដើមក៏ដូចជាយោបល់មួយចំនួនក្នុងការផ្ដល់កិច្ចសហការ រួមចំណែកក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា ក្នុងនោះក៏មានគំនិតផ្ដួចផ្ដើម ក៏ដូចជាយោបល់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជនតាមមូលដ្ឋាននៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

លោកបន្តថា ជាមួយគ្នានេះ ក៏មានដូចជាការផ្ដោតការគាំទ្រទៅលើខេត្តគោលដៅមួយចំនួនដើម្បីអនុវត្តសកម្មភាព ជាក់ស្ដែងណាមួយឱ្យទទួលបានលទ្ធផល និងប្រសិទ្ធភាព ជាពិសេសនោះគឺពាក់ព័ន្ធទៅនឹងការផ្តល់នូវសេវាសង្គមដែល ផ្ដោតទៅលើស្ត្រី និងកុមារ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះព័ត៌មានអំពីកម្មវិធីរយៈពេលបួនឆ្នាំនៅកម្ពុជារបស់ យូនីសេហ្វ និងបានអរគុណចំពោះការលើកឡើងក្នុងគំនិតផ្តួចផ្តើមនេះក៏ដូចជាមតិយោបល់ផ្សេងៗ។ សម្ដេចបន្ថែមថា តាមរយៈការអនុវត្តផែនការបួនឆ្នាំនេះសម្តេចពិតជាគាំទ្រទាំងស្រុងទៅលើ អ្វីដែលបានលើកឡើង និងបានស្នើឲ្យមន្ត្រីជំនាញរបស់យូនីសេហ្វសហការជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងលេខាធិការដ្ឋាន នៃ គ.ជ.អ.ប។

សម្ដេចក៏បានចាត់ទុកថា កម្មវិធីរយៈពេលបួនឆ្នាំរបស់ យូនីសេហ្វ នេះថា សមស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាប់ពីឆ្នាំ២០២៤តទៅ នឹងចាប់ផ្តើមផ្ទេរនូវមុខងារ លើវិស័យអប់រំទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្តេចក៏បានថ្លែងអំណរគុណ និងសូមជូនពរដល់លោកប្រធានស្នាក់នៅបំពេញភារកិច្ចប្រកបដោយផាសុកភាព និងទទួលបានជោគជ័យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×