ក្នុង សនសន្និសីទសារព័ត៌មានមួយ យ លោក ស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយនឹងសំណួរអ្នកកាសែតថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ លោក ស៊ា ហ្វេង (Xie Feng) ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក ខណៈទៅបំពេញបេសកកម្មរបស់ខ្លួននៅទីនោះ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង បាននិយាយថា ឯកអគ្គរដ្ឋទូតចិនថ្មី លោក ស៊ា ហ្វេង បានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីបំពេញបេសកកម្មថ្មីរបស់ខ្លួន ដោយលោកស្រីបានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូតគឺជាស្ពាន និងចំណងដ៏សំខាន់មួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការទូលំទូលាយ និងធ្វើឱ្យភាពល្អក់កករប្រសើរឡើងវិញ។ យើងសង្ឃឹមថាសហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រ និងការសម្របសម្រួលសម្រាប់ឯកអគ្គរដ្ឋទូត រូបនេះនៅពេលគាត់បំពេញកាតព្វកិច្ចរបស់គាត់លើទឹកដីសហរដ្ឋអាមេរិក។

រឿងការរឹតចំណងមិត្តភាពឡើងវិញ និងការរៀបចំមន្ត្រីទូតថ្មីនេះទៀត លោកស្រី ម៉ៅ នីង បាននិយាយថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងចងចាំផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក ហើយងាកមកធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងជំរុញកិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនងត្រឡប់ទៅរកផ្លូវត្រឹមត្រូវឡើងវិញ។
គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចផ្លូវការ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីរូបនេះ បាននិយាយសម្រាលស្ថានការណ៍ថា លោកសូមសម្តែងការខកចិត្តចំពោះឧប្បត្តិហេតុប៉េងប៉ោងចិន កាលពីដើមឆ្នាំនេះ បានរំខានដល់សន្ទុះក្នុងការលើកកម្ពស់ទំនាក់ទំនងររវាងមន្ត្រីកំពូលរបស់ប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន។

លោក ចូរ បៃដិន បាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីខែកុម្ភៈក្នុងការបាញ់ទម្លាក់ប៉េងប៉ោង ដែលត្រូវបានចោទប្រកាន់ថា បានហោះហើរដើម្បីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកនោះ បានបង្កឱ្យមានជម្លោះការទូតរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ, ហើយគម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លិកខិន (Antony Blinken) ទៅកាន់ទីក្រុងប៉េកាំង ដែលត្រូវបានពិពណ៌នា ថា ជា ឱកាសមួយដើម្បីកែលម្អទំនាក់ទំនង ក៏ត្រូវបានលុបចោលដោយសារតែឧប្បត្តិហេតុនេះផងដែរ, ប៉ុន្តែស្ថានភាពប្រែប្រួល គឺមកដល់ពេលនេះ អាចនឹងល្អប្រសើរបន្តិចម្ដងៗឡើងវិញ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN














