Sunday, December 10, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចោទប្រកាន់អ៊ុយក្រែន វាយប្រហារលើនាវាចម្បាំងរបស់ខ្លួន នៅសមុទ្រខ្មៅ

spot_img

រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង ប្រឆាំងនឹងក្រុងកៀវ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ មានសេចក្ដីរាយការណ៍ជាច្រើន អំពីកងទ័ពអ៊ុយក្រែន បានវាយប្រហារកម្ទេចគ្រឿងសឹកទំនើបៗរបស់ក្រុងមូស្គូ អស់យ៉ាងច្រើន ដោយរាប់បញ្ចូលទាំងយន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រ រថក្រោះ និង នាវាចម្បាំងដ៏ល្បីល្បាញរបស់រុស្ស៊ី ប្រភេទ Moskva ផងដែរ ប៉ុន្ដែឥឡូវនេះ រុស្ស៊ី ខ្លួនឯងផ្ទាល់ បានអះអាង ពីអ៊ុយក្រែន វាយប្រហារទៅលើនាវាចម្បាំងរបស់ខ្លួនមួយគ្រឿងផ្សេងទៀត ប្រភេទ Ivan Hurs (អ៊ីវ៉ាន់ ហឺស) នៅក្នុងសមុទ្រខ្មៅ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃពុធ ថា នាវាចម្បាំងរបស់ក្រុងមូស្គូ ប្រភេទ Ivan Hurs បានរងការវាយប្រហារ ពីទូកមានល្បឿនលឿនជាច្រើនគ្រឿងរបស់អ៊ុយក្រែន នៅច្រកសមុទ្របូសហ្វូរូស (Bosphorus) នៃសមុទ្រខ្មៅ។

ក្រសួងការពារជាតិរបស់រុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហើយបានបង្ហោះនៅលើបណ្ដាញសង្គមតេឡេក្រាម ថា «នាវាចម្បាំង Ivan Hurs បាន និង កំពុងតែបំពេញភារកិច្ច ការពារបំពង់បង្ហូរឧស្ម័ន TurkStream (ធឺកស្ទ្រីម) និង Blue Stream (ប៊្លូស្ទ្រីម) ចេញពីប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ប្រទេសតួកគី ដោយឆ្លងកាត់សមុទ្រខ្មៅ។ ទូកជាច្រើនគ្រឿងរបស់សត្រូវ បានប្រើប្រាស់គ្រឿងសព្វាវុធ ប្រកបដោយស្ដង់ដារ បាញ់ប្រហារ មកលើនាវារបស់រុស្ស៊ី ស្ថិតនៅចម្ងាយ១៤០គីឡូម៉ែត្រ នាភាគឦសាន ពីច្រកសមុទ្រ Bosphorus នៃសមុទ្រខ្មៅ»។

បើទោះជាយ៉ាងណាក៏ដោយ ក្រុងកៀវ តែងតែរក្សានូវភាពស្ងៀមស្ងាត់ មិនដែលអះអាង ពាក់ព័ន្ធនឹងអ្វីដែលបានកើតឡើង ជុំវិញការវាយប្រហារទៅលើនាវាចម្បាំង ឬ មូលដ្ឋានកងទ័ពរបស់រុស្ស៊ី នោះឡើយ សូម្បីតែការវាយប្រហារទៅលើមូដ្ឋានកងទ័ពអាកាសរបស់ក្រុងមូស្គូ នៅលើឧបទ្វីបគ្រីមៀ…ជាដើម។ នាវាចម្បាំងរបស់រុស្ស៊ី ប្រភេទ Ivan Hurs ដែលរងការវាយប្រហារនោះ ជាប្រភេទនាវាឈ្លបយកការណ៍ខ្នាតមធ្យម ហើយបានចាប់ផ្តើម ចេញប្រតិបត្ដិការជាលើកដំបូង នៅក្នុងអំឡុងឆ្នាំ២០១៣។ រុស្ស៊ី បានបញ្ជាក់ ថា ការវាយប្រហាររបស់អ៊ុយក្រែន លើនាវារបស់ខ្លួន  មិនបានជោគជ័យនោះឡើយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ហាក់បីដូចជា បង្កើនភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងសមុទ្រខ្មៅ ស្របពេលក្រុងមូស្គូ បានយល់ព្រម កាលពីសប្តាហ៍មុន ដែលមានរយៈពេលមួយថ្ងៃ មុនថ្ងៃកំណត់ ដើម្បីបន្តកិច្ចព្រមព្រៀង អនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិ ប្រកបដោយសុវត្ថិភាព ពីកំពង់ផែសមុទ្ររបស់ខ្លួន ឆ្ពោះទៅកាន់ទីផ្សាររបស់ពិភពលោក។

បំពង់បង្ហូរឧស្ម័ន TurkStream បាននាំឧស្ម័ន ចេញពីភាគខាងលិច ឧបទ្វីបតាម៉ាន់ (Taman) របស់រុស្ស៊ី  ឆ្លងកាត់សមុទ្រខ្មៅដ៏ធំល្វីងល្វើយ ឆ្ពោះទៅកាន់ចំណុចភាគខាងលិច ច្រកសមុទ្រ Bosphorus ។ ជាមួយគ្នានេះដែរ បំពង់បង្ហូរ Blue Stream បាននាំឧស្ម័ន ឆ្លងកាត់ភាគខាងកើត សមុទ្រខ្មៅ ដោយចេញពីភាគខាងជើង ទៅកាន់ភាគខាងត្បូង ដែលមានចម្ងាយជាង៧០០គីឡូម៉ែត្រ ពីច្រកសមុទ្រ Bosphorus ៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×