Monday, June 5, 2023

ប្រាយុទ្ធចាន់អូចា ធានាមិនឲ្យប្រជាពលរដ្ឋថៃភ័យខ្លាច ចំពោះការផ្ទេរអំណាចជូនរដ្ឋាភិបាលថ្មី

spot_img

រាជធានីបាងកក៖ ស្របពេលគណបក្សគ្រប់គ្រងអំណាចរបស់ថៃ បានចាញ់ការបោះឆ្នោតយ៉ាងអាម៉ាស់បំផុត នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ កំពុងតែធ្វើឲ្យប្រជាជាតិអាស៊ានមួយនេះ ព្រួយបារម្ភកាន់តែខ្លាំង ជុំវិញការផ្ទេរអំណាច ហើយទាំងប្រជាជនថៃផ្ទាល់ និង ពិភពលោក ជាពិសេស ប្រជាជាតិអាស៊ាន តែងតែភ័យខ្លាចអំពីការធ្វើរដ្ឋប្រហាយោធាសាជាថ្មី ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដីចាំផ្ទះ បានចេញមុខ មកធានា អំពីការផ្ទេរអំណាចដោយរលូនមួយ ជូនទៅរដ្ឋាភិបាលថ្មី។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ថា លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្ដីថៃ បានធានាទៅកាន់ប្រជាជាតិទាំងមូល អំពីការផ្ទេរអំណាចដោយរលូនមួយ ពីរដ្ឋាភិបាលចាំផ្ទះ ទៅជូនរដ្ឋាភិបាលថ្មី។ វិធានការដ៏គ្រប់គ្រាន់នេះ កំពុងតែត្រូវថែរក្សា សម្រាប់ការពង្រឹងនូវសេដ្ឋកិច្ច នៅក្នុងអំឡុងពេលដំណើរការរដ្ឋាភិបាល។

លោកឧត្ដមសេនីយ៍ ប្រាយុទ្ធ នាយករដ្ឋមន្រ្ដីថៃ ដែលធ្លាប់ដឹកនាំធ្វើរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីអំឡុងឆ្នាំ២០១៤ បានបញ្ជាក់ ថា «ដោយសារប្រទេសជាតិ នឹងត្រូវដើរទៅមុខ យើងត្រូវតែបន្តធ្វើការ សម្រាប់ការថែរក្សាប្រជាជន ខណៈនៅតែរង់ចាំរដ្ឋាភិបាលថ្មី ចូលមកដល់តែប៉ុណ្ណោះ»។

ស្របគ្នានេះ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងនូវការបំភិតបំភ័យ ដោយការបង្កើតសេណារីយ៉ូផ្សេងៗ គួរឱ្យភ័យខ្លាច ជុំវិញស្ថានការណ៍នយោបាយ អាចធ្វើឲ្យសាធារណជន មានការខកចិត្ត និង ភ័ន្ដច្រឡំ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានសង្កត់ធ្ងន់ ថា «សូមកុំបង្កើតបញ្ហាអ្វីផ្សេងបន្ថែមទៀត។ បើតាមធម្មតា ខ្លួនខ្ញុំផ្ទាល់ មិនមានបញ្ហាអ្វី ជាមួយនឹងភាគីណាមួយនោះឡើយ ហើយខ្ញុំគោរពតាមដំណើរការប្រជាធិបតេយ្យ ដែលកំពុងតែបន្ត»។

ជាមួយនឹងការព្រួយបារម្ភ អំពីតម្រូវការ នៅក្នុងការបន្តជំរុញសេដ្ឋកិច្ចរបស់ប្រទេស នៅក្នុងអំឡុងពេលផ្ទេរអំណាច ពីរដ្ឋាភិបាលចាំផ្ទះ ទៅរដ្ឋាភិបាលថ្មីនោះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានបន្ដ ថា វិធានការគ្រប់គ្រាន់ គឺត្រូវតែដាក់ចេញ សម្រាប់ការគាំទ្រ និង ជំរុញកំណើនសេដ្ឋកិច្ច។ បើទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ នាយករដ្ឋមន្រ្ដី បានអះអាង ថា ប្រទេសថៃ នៅតែមានស្ថានភាពហិរញ្ញវត្ថុល្អ ថ្វីបើមានភាពមិនច្បាស់លាស់ខាងនយោបាយខ្លះៗក្ដី។ ដូច្នេះភាគីទាំងអស់ គួរតែរួមដៃគ្នា ទប់ស្កាត់បញ្ហាវិវឌ្ឍ ក្លាយទៅជាបញ្ហាធ្ងន់ធ្ងរបន្ថែមទៀត។

ការបោះឆ្នោតសកល នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញ ថា គណបក្សរួបរួមជាតិថៃរបស់លោក ប្រាយុទ្ធ បានឈ្នះអាសនៈត្រឹមតែ៣៦ នៅក្នុងចំណោមអាសនៈ៥០០របស់រដ្ឋសភា ខណៈគណបក្សឆ្ពោះទៅមុខ (Move Forward Party) របស់លោក ភីថា លីមរឿនរ៉ាត (Pita Limjaroenrat) បានឈ្នះសំឡេងច្រើនជាងគេ ចំនួន១៥២អាសនៈ។ ថ្វីបើគណបក្សប្រឆាំងមួយនេះ ឈ្នះអាសនៈច្រើនជាងគណបក្សផ្សេងៗទាំងអស់ ក៏ពិតមែន ប៉ុន្ដែមានអាសនៈមិនគ្រប់គ្រាន់ តាមច្បាប់កំណត់ ដោយតម្រូវឲ្យមានសំឡេង ភាគច្រើន យ៉ាងតិច ៣៧៦ ពីក្នុងចំណោមកៅអីសភា សរុប ៥០០អាសនៈ និង ព្រឹទ្ធសភា សរុប២៥០អាសនៈ។

បច្ចុប្បន្ន គណបក្សឆ្ពោះទៅមុខ បាន និង កំពុងស្វែងរកការគាំទ្រ សម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះមួយ ជាមួយនឹងគណបក្សផ្សេងៗទៀត ដែលបានឈ្នះអាសនៈ នៅក្នុងការបោះឆ្នោត ដោយមានលោក ភីថា ជានាយករដ្ឋមន្ត្រី។ សម្ពន្ធភាពទាំង៨គណបក្សនេះ មានអាសនៈសរុបត្រឹមតែ៣១៣សំឡេងប៉ុណ្ណោះ។ ដូច្នេះ លោក ភីថា ត្រូវតែប្រមែប្រមូលសំឡេងគាំទ្រ ឲ្យគ្រប់ចំនួន៣៧៦ ពីក្នុងចំណោមអាសនៈរបស់សភា និង ព្រឹទ្ធសភា ដែលនឹងត្រូវបើក សម័យប្រជុំ នៅខែកក្កដាខាងមុខនេះ។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ សមាជិកព្រឹទ្ធសភាទាំង២៥០ ត្រូវបានតែងតាំង ដោយរបបយោធាថៃ នៅមិនទាន់បានសម្រេចចិត្ត ថាតើ ពួកគាត់ មានចំនួនប៉ុន្មាននាក់ឲ្យពិតប្រាកដ បោះឆ្នោតគាំទ្រដល់លោក ភីថា ឲ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ ប៉ុន្ដែកាលពីប៉ុន្មានថ្ងៃមុនេះ សមាជិកព្រឹទ្ធសភា ចំនួន១៤រូប បានប្រកាស ពីការបោះឆ្នោតគាំទ្រលោក ភីថា។

ស្របពេលប្រជាជនថៃ កំពុងតែកើតក្ដីកង្វល់ ក្រោយការបោះឆ្នោតនោះ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ ខណៈរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានលោក ប្រាយុទ្ធ ធ្វើរដ្ឋប្រហារនោះ ក៏បានបួងសួង សុំកុំឲ្យមានសកម្មភាពយោធាបែបនេះ កើតមានឡើងសាជាថ្មី នៅក្នុងប្រទេសកំណើតរបស់លោកស្រី បន្ដទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN

×