Tuesday, October 3, 2023

ទាហានអ៊ុយក្រែន ត្រូវបានរកកន្លែងឱ្យហ្វឹកហ្វឺនប្រើប្រាស់យន្តហោះចម្បាំង F-16 ជាលើកដំបូងនៅចក្រភពអង់គ្លេស

spot_img

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស ឱ្យដឹងថា ក្រុមពីឡុតអ៊ុយក្រែនប្រហែល ២០នាក់ នឹងចូលហ្វឹកហ្វឺនប្រើប្រាស់យន្តហោះចម្បាំង F-16 ជាលើកដំបូងនៅចក្រភពអង់គ្លេស ដើម្បីធ្វើការតស៊ូ តទល់នឹងសង្គ្រាមជាមួយរុស្ស៊ី។

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ទីតាំងនៅចក្រភពអង់គ្លេសនេះ នឹងក្លាយជាការហ្វឹកហ្វឺនជាមូលដ្ឋាន របស់ពីឡុតអ៊ុយក្រែន ដែលបន្ទាប់មកនឹងត្រៀមខ្លួនសម្រាប់ការបើក F-16 ឬការហ្វឹកហាត់ផ្សេងៗទៀត សម្រាប់ប្រើប្រាស់ក្នុងការវាយប្រយុទ្ធ។

ទោះជាយ៉ាងនេះក្តី មិនមានការបញ្ជាក់ថា ការបណ្តុះបណ្តាលនឹងចាប់ផ្តើមនៅពេលណានោះទេ។ ថ្មីៗនេះ អ្នកនាំពាក្យរបស់ លោក រីស៉ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្តីអង់គ្លេស ធ្លាប់បានប្រាប់ TASS ឲ្យដឹងថា ចក្រភពអង់គ្លេសប្តេជ្ញាជួយដល់ការធ្វើប្រតិបត្តិការ តាមផ្លូវអាកាស សម្រាប់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា ក្រុមលោកខាងលិចនឹងចាប់ផ្តើម បណ្តុះបណ្តាលពីឡុតអ៊ុយក្រែន លើប្រភេទយន្តហោះជំនាន់ទី ៤ រួមទាំង F-16 ផងដែរ។ បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ធ្លាប់បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ថាតើប្រទេសណាខ្លះនឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ទីក្រុងកៀវដើម្បីមានឥទ្ធិពលក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img