Monday, September 25, 2023

គណបក្សឆ្ពោះទៅមុខ អះអាងថា ការរៀបចំរដ្ឋាភិបាល នឹងមិនត្រូវបង្អាក់ដោយការគំរាមដើរចេញពីសម្ពន្ធភាពរបស់គណបក្សភឿថៃ

spot_img

រាជធានីបាងកក៖ ក្រោយពេលគណបក្សប្រឆាំងធំៗ នៅក្នុងប្រទេសថៃ បានឈ្នះអាសនៈច្រើន លើគណបក្សគាំទ្រដោយពួកយោធានិយម  នៅក្នុងការបោះឆ្នោតសាកល កាលពីថ្ងៃទី១៤ ខែឧសភា នោះមក គណបក្សឆ្ពោះទៅមុខបានចងសម្ពន្ធភាព ជាមួយនឹងគណបក្ស ចំនួន ៧ផ្សេងទៀត ប៉ុន្ដែឥឡូវនេះ គណបក្សភឿថៃកំពុងតែគំរាមដើរចេញពីសម្ពន្ធភាពមួយនេះ ប្រសិនបើមិនទទួលបានតំណែងប្រធានរដ្ឋសភា។

សារព័ត៌មានរបស់ថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ថា លោកស្រី ស៊ីរីកាន់យ៉ា ថាន់សាគូល (Sirikanya Tansakul) អនុប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP បានបញ្ជាក់ ថា ប្រធានសភាបន្ទាប់ នឹងកើតចេញ ពីសមាជិករបស់គណបក្ស MFP បើទោះជាមានការគំរាមកំហែង ពីសមាជិកគណបក្សភឿថៃ មួយចំនួន ថា គណបក្សរបស់ពួកគេ នឹងដើរចេញពីកិច្ចព្រមព្រៀង បង្កើតរដ្ឋាភិបាលចម្រុះ ជាមួយនឹងគណបក្ស MFP យ៉ាងណាក៏ដោយ។

លោកស្រី អនុប្រធានគណបក្ស រូបនេះ បានថ្លែងប្រាប់ដល់សន្និសីទសារព័ត៌មានមួយ នៅឯការិយាល័យកណ្តាលរបស់គណបក្ស កាលពីថ្ងៃព្រហស្បតិ៍ ថា គណបក្សឆ្ពោះទៅមុខ ត្រូវតែគ្រប់គ្រងតំណែងប្រធានសភា ព្រោះការក្លាយជាប្រធានសភា ដើម្បីគោរពតាមការសន្យារបស់ខ្លួន នៅក្នុងការធ្វើវិសោធនកម្មច្បាប់ហួសសម័យ។ តំណែងប្រធានសភា ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សឆ្ពោះទៅមុខ។ ដូច្នេះយើងអាចធ្វើការងារ កាន់តែងាយស្រួល នៅក្រោមប្រព័ន្ធ នៃស្ថាប័នរដ្ឋសភា។

លោកស្រី ស៊ីរីកាន់យ៉ា ថាន់សាគូល បានសង្កត់ធ្ងន់ ថា «បញ្ហាយ៉ាងពិសេសនោះ យើងនឹងជំរុញឱ្យមានការធ្វើវិសោធនកម្មធម្មនុញ្ញ និង ដំណើរការការងារ ប្រកបដោយតម្លាភាពបន្ថែមទៀត នៅក្នុងរដ្ឋសភា»។

ប្រធានសភា មានតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងរដ្ឋសភា។ ប្រធានសភា អាចកំណត់របៀបវារៈ សម្រាប់កិច្ចពិភាក្សា លើសេចក្តីព្រាងច្បាប់ និង អនុម័តច្បាប់។

សមាជិកជាន់ខ្ពស់ចំនួន២រូប នៃគណបក្សភឿថៃ បានគំរាម កាលពីថ្ងៃពុធ ថា គណបក្សរបស់ពួកគេ នឹងដើរចេញពីសម្ពន្ធភាពគណបក្សទាំងនេះ ប្រសិនបើគណបក្សឆ្ពោះទៅមុខ កាន់តំណែងប្រធានសភា ជាតំណែងកំពូល នៃនីតិប្បញ្ញត្តិ។ លោក ចូលណាន់ ស្រ៊ីកៅ (Cholnan Srikaew) មន្រ្ដីជាន់ខ្ពស់របស់គណបក្សភឿថៃ និង លោក អាឌីសន ភៀនកេត (Adisorn Pianket) សមាជិកស្នូល បានបញ្ជាក់ ថា គណបក្សឆ្ពោះទៅមុខ ត្រូវតែប្រគល់មុខតំណែងប្រធានសភា មកឱ្យគណបក្សភឿថៃ បើមិនដូច្នេះទេ សម្ពន្ធភាពគណបក្សទាំងនេះ អាចនឹងត្រូវដួលរលំទៅវិញ។

បើទោះជាយ៉ាងណាក៏ដោយ លោកស្រី ស៊ីរីកាន់យ៉ា ថាន់សាគូល អនុប្រធានគណបក្សឆ្ពោះទៅមុខ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញនូវទំនុកចិត្ត ថា គណបក្សភឿថៃ (Pheu Thai) នឹងមិនដើរចេញ ពីក្រុមចម្រុះ ជុំវិញជម្លោះ អំពីគណបក្សណា នឹងចូលកាន់តំណែងប្រធានសភានោះឡើយ។

ជម្លោះលើការទាមទារគ្រប់គ្រងតំណែងប្រធានសភានេះ បានកើតឡើង ដោយសារតែមានការអត្ថាធិប្បាយ ពីអ្នកតស៊ូមតិរបស់គណបក្សឆ្ពោះទៅមុខ លោក ភីយ៉ាប៊ុ សាំងកានូកគូល (Piyabutr Saengkanokkul) បានលើកឡើង ថា គណបក្សរបស់គាត់ ត្រូវតែគ្រប់គ្រងតំណែងប្រធានសភា។ លោក ភីយ៉ាប៊ុត ជាអតីតអគ្គលេខាធិការរបស់គណបក្សអនាគតឆ្ពោះទៅមុខ ដែលត្រូវបានរំលាយចោល ហើយមកបង្កើត ជាគណបក្ស Move Forward Party។

គណបក្សភឿថៃ កាលពីថ្ងៃចន្ទ បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាមួយ ជាមួយគណបក្សឆ្ពោះទៅមុខ និង គណបក្សចំនួន៦ផ្សេងទៀត ដើម្បីបង្កើតសម្ពន្ធភាពគ្រប់គ្រងរដ្ឋាភិបាលចម្រុះ ដោយគាំទ្រដល់មេដឹកនាំគណបក្សឆ្ពោះទៅមុខ គឺលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។ គណបក្សសម្ពន្ធភាពទាំង៨នេះ មានអាសនៈសរុប ៣១២ នៅក្នុងចំណោមកៅអីរដ្ឋសភា ចំនួន៥០០អាសនៈ។ ប៉ុន្ដែពួកគេ នឹងត្រូវការគាំទ្រយ៉ាងតិច ៦៤សំឡេងបន្ថែមទៀត ពីក្នុងចំណោមកៅអីព្រឹទ្ធសភា ចំនួន២៥០អាសនៈ ទើបគ្រប់ចំនួន ៣៧៦ តាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ កំណត់ ត្រូវជ្រើសរើសនាយករដ្ឋមន្រ្ដី។ សភាទាំង២ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី ខណៈព្រឹទ្ធសភា ត្រូវបានតែងតែង ដោយរបបយោធា ក្រោយអំពើរដ្ឋប្រហារយោធា៕រក្សាសិទ្ធដោយ ៖ សារាយSN

+85571 614 000 5
Contact Us Telephone

spot_img