Wednesday, October 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក តែងតាំងនាយអគ្គសេនាធិការចម្រុះថ្មី ចំពេលប្រឈមមុខជាមួយចិន

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែនាយអគ្គសេនាធិការចម្រុះទី២០ លោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នឹងត្រូវចូលនិវត្ដន៍ នៅចុងឆ្នាំនេះ ទើបលោកប្រធានាធិបតីសហរដ្ឋអាមេរិ សម្រេចតែងតាំងមេទ័ពកំពូល នៃកងទ័ពអាកាស ចូលមកកាន់តំណែងកំពូលមួយនេះបន្ដ សម្រាប់ដឹកនាំកម្លាំងទាហានជើងគោក ជើងទឹក និង កងទ័ពអាកាសរបស់ប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ខណៈកំពុងតែប្រឈមុខជាមួយនឹងចិន។

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក Fox News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ថា មន្រ្ដីជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអះអាង ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងតែងតាំងលោកឧត្ដមសេនីយ៍ ស៊ីឃ្យូ ប្រោន (CQ Brown Jr.) មេបញ្ជាការកងទ័ពអាកាស ជានាយអគ្គសេនាធិការចម្រុះ ជំនួសតំណែងរបស់លោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ ដែលនឹងត្រូវចូលនិវត្ដន៍ នៅខែតុលា ខាងមុខ។ លោកប្រធានាធិបតី គ្រោងនឹងបង្ហាញវត្ដមានរបស់លោកឧត្ដមសេនីយ៍ ប្រោន ជាអាកាសយានិកយន្តហោះចម្បាំង ចូលមកកាន់តំណែងកំពូល នៅក្នុងជួរកងទ័ពរបស់សហរដ្ឋអាមេរិក។ នេះជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងការតែងតាំងរបស់គាត់ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍ នៅឯឧទ្យានផ្កាកូឡាប នារសៀលថ្ងៃព្រហស្បតិ៍។

លោកឧត្ដមសេនីយ៍ ប្រោន វ័យ៦០ឆ្នាំ ត្រូវបានគេចាត់ទុក ជាអ្នកឈានមុខគេ នៅក្នុងការចូលមកជំនួសតំណែងរបស់លោកនាយឧត្ដមសេនីយ៍ មីលឡេ ជាពិសេស ចំពេលមន្ទីរបញ្ចកោណ កំពុងតែផ្លាស់ប្តូរសមត្ថភាពយោធារបស់ខ្លួន ចេញពីសង្គ្រាមផ្លូវគោក កាលពីអតីតកាល សម្រាប់ការឆ្លើយតបទៅនឹងសង្គ្រាម តាមបណ្ដាញអ៊ិនធើរណេត លំហអាកាស នុយក្លេអ៊ែរ និង ការគំរាមកំហែងពីអាវុធមានល្បឿនលឿនជាងសំឡេងរបស់ប្រទេសចិន។

បើតាមមន្ត្រីជាន់ខ្ពស់មួយរូប នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានមើលឃើញ ថា លោកឧត្ដមសេនីយ៍ ប្រោន ជាមនុស្សត្រឹមត្រូវ មានសមត្ថភាពសមនឹងកាន់តំណែងមន្ត្រីយោធាកំពូលបន្ទាប់របស់ប្រទេសមហាអំណាចរបស់ពិភពលោក។ លោក ប្រោន បានធ្វើយោធូបនីយកម្ម ដល់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក សម្រាប់ការប្រយុទ្ធ ប្រកបដោយសក្ដានុពល នៅសតវត្សទី២១ រួមទាំងការធ្វើបច្ចុប្បន្នភាព ដល់កងនាវារបស់សហរដ្ឋមេរិក និង ការពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ក្រុងវ៉ាស៊ីនតោន បន្ថែមទៀត។

លោកឧត្ដមសេនីយ៍ ប្រោន មានអាជីពជាអាកាសយានិកយន្ដហោះចម្បាំង ប្រភេទ F-16 ជាមួយនឹងម៉ោងហោះហើរ ជាង ៣ ០០០ម៉ោង ហើយត្រូវបានកំណត់ ជាកម្រិតមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងកងទ័ពអាកាស និង បញ្ជាការដ្ឋានកងទ័ពអាកាសចម្រុះ រួមទាំង តំបន់អឺរ៉ុប មជ្ឈិមបូព៌ា និង ទ្វីបអាស៊ី។  លោក ប្រោន បានធ្វើជាមេបញ្ជាការកងទ័ពអាកាស  ប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលគាត់ត្រូវប្រឈមមុខជាមួយនឹងចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ ប្រោន ក៏បានលូកដៃយ៉ាងជ្រៅ ចូលពាក់ព័ន្ធ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណ នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារគាត់បានត្រួតពិនិត្យមើលលុយរាប់សិបពាន់លានដុល្លារ ទាំងជំនួយហិរញ្ញវត្ថ និង យោធារបស់សហរដ្ឋអាមេរិក ត្រូវបានផ្គត់ផ្គង់ ទៅកាន់ប្រទេសមួយនេះ៕រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×