រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងសង្គ្រាមបង្ហូរឈាមគ្នាយ៉ាងសាហាវ រវាងកងទ័ពអ៊ុយក្រែន និង កម្លាំងទាហានរបស់រុស្ស៊ី កំពុងតែបន្ដអូសបន្លាយ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ហើយវាបាន និង កំពុងតែបន្ដបំផ្លិចបំផ្លាញ អស់រាប់រយពាន់លានដុល្លារ ខណៈបានសម្លាប់ជនស៊ីវិល និង ទាហានទាំងសងខាង អស់រាប់សែននាក់នោះមក មេទ័ពកំពូលរបស់សហរដ្ឋអាមេរិក បានអះអាង ថា ក្រុងមូស្គូ នឹងមិនអាចឈ្នះសង្គ្រាម ប្រឆាំងនឹងក្រុងកៀវ នោះឡើយ។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ថា លោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា រុស្ស៊ី នឹងមិនអាចឈ្នះសង្គ្រាម នៅអ៊ុយក្រែន នោះទេ។ មេទ័ពកំពូលត្រួតត្រា ទាំងកងទ័ពជើងទឹក ជើងគោក និង ទ័ពអាកាស បានថ្លែងបែបនេះ ខណៈរួមដំណើរជាមួយនឹងលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្រោយកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិរបស់អ៊ុយក្រែន។
ថ្វីបើមានការបញ្ចេញសំឡេងដ៏គួរឲ្យជឿជាក់ ថា រុស្ស៊ី នឹងអាចមិនទទួលបានជ័យជម្នះខាងយោធាយ៉ាងណាក៏ដោយ ក៏លោកនាយឧត្ដមសេនីយ៍ មីលឡេ បានព្រមានដល់ប្រទេសអ៊ុយក្រែន ប្រឆាំងនឹងការគិត ថា ក្រុងកៀវ នឹងអាចវាយបក រុញច្រានកម្លាំងទាហានរុស្ស៊ី ទាំងអស់ ឲ្យចេញពីទឹកដីរបស់អ៊ុយក្រែន។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា គាត់ចង់ឲ្យទាហានរបស់រុស្ស៊ីទាំងអស់ ចាកចេញពីទឹកដីរបស់អ៊ុយក្រែន ដែលក្រុងមូស្គូបានកាន់កាប់។ ប៉ុន្តែកាលពីដើមឆ្នាំនេះ លោក មីលឡេ បានអះអាង ថា ការវាយបណ្ដេញទាហានរុស្ស៊ី ចេញពីទឹកដីរបស់អ៊ុយក្រែន នោះ នឹងក្លាយជាកិច្ចការដ៏លំបាកខ្លាំងបំផុត។
លោកនាយឧត្ដមសេនីយ៍ ធ្លាប់លើកឡើង កាលពីខែមីនា ថា «អ្នកកំពុងតែសម្លឹងមើលទាហានរុស្ស៊ី រាប់ម៉ឺននាក់ កំពុងតែបន្ដ ស្ថិតក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានកាន់កាប់។ ខ្ញុំនឹងមិននិយាយ ថា អ៊ុយក្រែន មិនអាចបណ្ដេញទាហានរុស្ស៊ី ចេញអស់នោះឡើយ។ ខ្ញុំគ្រាន់តែនិយាយ ថា វាជាការងារដ៏លំបាកបំផុត»។

លោកនាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «ការប្រយុទ្ធគ្នា កំពុងតែបន្ត ហើយវាកំពុងតែបង្ហូរឈាម ព្រោះវានឹងពិបាកខ្លាំងណាស់។ ប៉ុន្ដែនៅពេលណាមួយ ភាគីទាំងសងខាង នឹងងាកទៅរកការចរចាគ្នា ស្វែងរកដំណោះស្រាយ ឬ ក៏ឈានដល់ការសន្និដ្ឋានខាងយោធា»។
លោក ម៉ាក មីលឡេ ក៏បានថ្លែងទៅដល់សេចក្ដីរាយការណ៍នានា អំពីគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក កំពុងតែត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសរុស្ស៊ី។ សហរដ្ឋអាមេរិក កំពុងតែសម្លឹងមើលរូបភាពជាច្រើន ចំពោះការចោទប្រកាន់លើការវាយប្រហារ នៅជិតតំបន់បែលហ្គោរ៉ូដ (Belgorod) ប្រទេសរុស្ស៊ី។ ប៉ុន្ដែក្រុងវ៉ាស៊ីនតោន ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់គ្រឿងសព្វាវុធណាមួយរបស់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហាររុស្ស៊ី នៅខាងក្នុងព្រំដែនរបស់រុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ សារាយSN











