Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្ដមក្រុមប្រឹក្សារៀបចំការបោះឆ្នោតតួកគី ប្រកាសអំពីជ័យជម្នះរបស់ លោក អេដូហ្គេន

spot_img

រដ្ឋធានីអង់ការ៉ា (Ankara)៖ ឧត្ដមក្រុមប្រឹក្សារៀបចំការបោះឆ្នោត នៅក្នុងប្រទេសតួកគី បានអះអាងអំពីជ័យជម្នះរបស់ លោក តាយយីប អេដូហ្គេន (Tayyip Erdogan) ក្រោយការរាប់សន្លឹកឆ្នោតជាជំហានទី១ ឬអាចថាមិនទាន់ផ្លូវការ ហើយបើតាមលទ្ធផលនេះ គាត់នឹងឡើងកាន់តំណែងជាប្រធានាធិបតី ឈានដល់ទសវត្សរ៍ទី៣។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៩ ខែឧសភា ថា បើតាមឧត្ដមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតតួកគី និង ទិន្នន័យក្រៅផ្លូវការ បានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋតួកគី Anadolu (អេណាដូលូ)  បានរាយការណ៍ ថា លោក តាយយីប អេដូហ្គេន ប្រធានាធិបតីតួកគី បានឈ្នះ នៅក្នុងការបោះឆ្នោតជាថ្មី។ ការប្រកួតជម្រុះដ៏តានតឹងមួយនេះ បានកើត ក្រោយពេលគាត់មិនទទួលបានសំឡេងលើសពីជាង៥០ភាគរយ តាមច្បាប់កំណត់ សម្រាប់ជ័យជម្នះ នៅក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

បើតាមឧត្ដមក្រុប្រឹក្សារៀបចំការបោះឆ្នោតតួកគី បានឲ្យដឹង ថា ជាមួយចំនួនសន្លឹកឆ្នោតស្ទើរតែទាំងអស់ ត្រូវបានរាប់រួចនោះ លោក អេដូហ្គេន ទទួលបានសំឡេងគាំទ្រ ៥២,១៤ភាគរយ នៅក្នុងការបោះឆ្នោត នៅជុំទី២ កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ដោយបានឈ្នះ លើគូប្រជែងរបស់គាត់ គឺលោក កេម៉ាល់ គីលីកដារ៉ូហ្គ្លូ (Kemal Kilicdaroglu) ទទួលបានសំឡេង ត្រឹមតែ៤៧,៨៦ភាគរយ។

លទ្ធផលបោះឆ្នោតប្រធានាធិបតីតួកគី ត្រូវគេរំពឹង ថា នឹងប្រកាស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ជ័យជម្នះ នៃការបោះឆ្នោតនេះ នឹងធ្វើឲ្យលោក អេដូហ្គេន បង្កើតប្រវត្ដសាស្រ្ដថ្មី ដោយសារគាត់កំពុងតែពង្រីកអំណាចគ្រប់គ្រងរបស់គាត់ អស់រយៈពេល២០ឆ្នាំកន្លងមកនេះ  បន្ដទៅកាន់អាណត្ដិថ្មីមួយបន្ថែមទៀត មានរយៈពេល៥ឆ្នាំ។

លោកប្រធានាធិបតី អេដូហ្គេន បានបញ្ជាក់ ថា «យើងបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅជុំទី២ ជាមួយនឹងការពេញចិត្ត ពីប្រជាជនរបស់យើង។ ព្រះសព្វព្រះហឫទ័យ យើងនឹងមានភាពស័ក្ដិសម សម្រាប់ទំនុកចិត្តរបស់អស់លោកអ្នកទាំងអស់គ្នា ដូចអ្វីដែលយើងមាន សម្រាប់រយៈពេល២១ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋតួកគី ជាង៨៥លាននាក់ បានទទួលជ័យជម្នះទាំងអស់គ្នា សម្រាប់ការបោះឆ្នោតទាំង២ជុំ គឺនៅថ្ងៃទី១៤ ខែឧសភា និង នៅថ្ងៃទី២៨ ខែឧសភា»។

ថ្វីបើឧត្ដមក្រុមប្រឹក្សារៀបចំការបោះឆ្នោតតួកគី មិនទាន់បានប្រកាសលទ្ធផលជាផ្លូវការយ៉ាងណាក្ដី ប៉ុន្ដែលទ្ធផល នៃជ័យជម្នះក្រៅផ្លូវការនេះ បានធ្វើឲ្យមេដឹកនាំជាច្រើន នៅលើពិភពលោក កំពុងតែស្វាគមន៍ដល់លោក អេដូហ្គេន ជាពិសេស ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

លោក តាយយីប អេដូហ្គេន (កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៥៤) ជាអ្នកនយោបាយមួយរូបរបស់តួកគី បានក្លាយជាប្រធានាធិបតីទី១២ និង ប្រធានាធិបតីបច្ចុប្បន្ន នៃប្រទេសអន្ដរទ្វីបអាស៊ីខាងលិច-អឺរ៉ុបអាគ្នេយ៍មួយនេះ ចាប់តាំងពីឆ្នាំ២០១៤ រហូតមក។ ប៉ុន្ដែមុនពេលកាន់តំណែងកំពូលរបស់ប្រទេសតួកគីនោះ គាត់ធ្លាប់ធ្វើជាអភិបាលទីក្រុងអ៊ីស្ដាន់ប៊ូល (Istanbul) ចន្លោះពីឆ្នាំ១៩៩៤ដល់១៩៩៨ ហើយក្រោយមកក៏បានក្លាយជាសហស្ថាបនិកគណបក្សយុត្ដិធម៌និងអភិវឌ្ឍន៍ (AKP) នៅក្នុងឆ្នាំ២០០១ និង ធ្លាប់ធ្វើជានាយករដ្ឋមន្រ្ដី ចន្លោះពីឆ្នាំ២០០៣ដល់២០១៤៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×