បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៉ីរ៉ង់ បានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា កំពុងប្រើប្រាស់អ៉ីរ៉ង់ជាឈ្នាន់ដើម្បីទទួលបានការគាំទ្រយោធា និងជំនួយហិរញ្ញវត្ថុពីបណ្ដាប្រទេសលោកខាងលិចតែប៉ុណ្ណោះ តាមរយៈការចោទទីក្រុងតេហេរ៉ង់ថាកំពុងផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី។

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា ក្នុងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី គេបានមើលឃើញយ៉ាងច្បាស់ថា មិនមែនតែអ៊ុយក្រែនម្នាក់ប៉ុណ្ណោះទេ ដែលធ្វើសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែផ្ទុយទៅវិញ គឺប្រហែល ៥៩ប្រទេសឯណោះ រួមមានមេដឹកនាំពិភពលោកសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ណាតូ និងបណ្ដាប្រទេសលោកខាងលិច។ ក្នុងនោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ផងដែរ ដោយចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់យន្ដហោះដ្រូន សម្រាប់រុស្ស៉ី យកទៅ ប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានប្រទេសអ៊ុយក្រែន។
អ៉ីរ៉ង់មបានបដិសេធការចោទប្រកាន់នេះ តែក្រោយមកបានទទួលស្គាល់ថា ខ្លួនពិតជាបានលក់យន្ដហោះដ្រូនឱ្យទីក្រុងមូស្គូពិតមែន តែបានធ្វើឡើងតាំងតែពីមុនសង្រ្គាមផ្ទុះឡើងទៅទៀត។

ប្រតិកម្មខាងលើរបស់អ៉ីរ៉ង់បែបនេះ កើតមានឡើងបន្ទាប់ពី លោក ហ្សេលេនស្គី កាលពីថ្ងៃពុធសប្ដាហ៍មុនបានចោទសួរទៅកាន់អ៉ីរ៉ង់ថា តើហេតុអ្វីបាន ជាគាំទ្ររុស្ស៉ី និងអំពើឃោរឃៅ? ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាស់ស័រ កាណានី (Nasser Kanani) បានបោះសម្ដីទៅវិញថា ការលើកឡើងរបស់លោក ហ្សេលេនស្គី គឺជារឿងមិនពិត និងគ្រាន់តែជាការឃោសនាប្រឆាំងនឹងអ៉ីរ៉ង់ ហើយការចោទប្រកាន់នេះ គឺមានគោលដៅទាក់ទាញជំនួយយោធា និងហិរញ្ញវត្ថុពីបណ្ដា ប្រទេសលោកខាងលិច តែប៉ុណ្ណោះ។
តាមរបាយការណ៍របស់ក្រុមអ្នកតាមដានសង្គ្រាមអ៊ុយក្រែននេះ បានបង្ហាញថា រុស្ស៉ី បានប្រើប្រាស់យន្ដហោះដ្រូនអត្តឃាត សាហ៊ីត (Shahed) ផលិតដោយអ៉ីរ៉ង់ ១,១៦០គ្រឿង នៅក្នុងការវាយប្រហារប្រឆាំងអ៊ុយក្រែន និងមានប្រសិទ្ធភាពក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា និងទីតាំងរដ្ឋបាលផ្សេងៗរបស់មេដឹកនាំអ៊ុយក្រែន៕ ពិសិដ្ឋ CEN





















