ខេត្តស្វាយរៀង ៖ លោកម៉ែន វិបុលអភិបាលខត្តស្វាយរៀងនាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ បានមានប្រសាសន៍គាំទ្រ និងផ្ដល់នូវកិច្ចសហការជានិច្ចជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តស្វាយរៀង ឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទប់ស្កាត់បាននូវភាពអសកម្មនានាដែលអាចកើតឡើងជាយថាហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រឡង ។
លោកអភិបាលខេត្តបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងនាំកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០-២១ សីហា ២០១៨ នៅខេត្តស្វាយរៀងដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកស្រីចិន ច័ន្ទមុនី ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០-២១ សីហា ២០១៨ នៅខេត្តស្វាយរៀង។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានអគ្គិសនីស្វាយរៀង លោកស្រីអភិបាលរងក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ លោកនាយកទីចាត់ការរដ្ឋបាល និងនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីនាយក នាយិកាសាលាដែលជាទីតាំងមណ្ឌលប្រឡង តំណាងមន្ទីរសុខាភិបាលខេត្ត តំណាងមន្ទីរធម្មការ និងសាសនាខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍គាំទ្រ និងផ្ដល់នូវកិច្ចសហការជានិច្ចជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តស្វាយរៀង ឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទប់ស្កាត់បាននូវភាពអសកម្មនានាដែលអាចកើតឡើងជាយថាហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រឡង ។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានទទួលយកនូវសំណូមពរមួយចំនួនដែលលើកឡើងដោយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដោយបានប្រគល់ជូនមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ សហការធ្វើការដោះស្រាយឲ្យបានល្អប្រសើរ និងចប់សព្វគ្រប់ឲ្យបានមុនថ្ងៃប្រឡង ៕ វ៉ៃកូ