ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ខែកក្កដានេះបានចេញនូវរបាយការណ៍សង្ខេប ពិនិត្យ និងព្យាបាជំងឺនៅទូទាំងប្រទេសសម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៨ (ខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៨) ដែលប្រជាពលរដ្ឋបានទៅព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។
របាយការណ៍ទទួលបានពីនាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីពិនិត្យពិគ្រោះជំងឺក្រៅ ក្នុងរយៈពេល៦ខែដើមឆ្នាំ មានចំនួនសរុបចំនួន ៥.៦១៥.៤៩៧ករណី ក្នុងនោះករណីថ្មីមានចំនួន ៤.៨៩៧.៧៩៤ករណី។ ក្នុងចំនួនករណិពិនិត្យពិគ្រោះជំងឺក្រៅសរុបខាងលើ (៥.៦១៥.៤៩៧ករណី) ការប្រើប្រាស់សេវាដោយប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ របស់រាជរដ្ឋាភិបាលមានចំនួន៩៤២.៧០១ករណី។
អ្នកជំងឺសម្រាកព្យាបាលរយៈពេល៦ខែដើមឆ្នាំ មានចំនួនសរុប ៤១៨.៥៩២នាក់ ក្នុងនេះអត្រាស្លាប់មាន០,៧៤ភាគរយ នៃចំនួនអ្នកជំងឺសម្រាកព្យាបាលសរុប។ ក្នុងករណីសម្រាកព្យាបាលសរុខខាងលើ (៤១៨.៥៩២នាក់) ការសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋក្រីក្រ ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលមានចំនួន ៤៧.៣៤៦នាក់។ ស្ត្រីមកពិនិត្យផ្ទៃពោះរយៈពេល៦ខែដើមឆ្នាំ មានចំនួនសរុប ៨៤០.៧៤៦នាក់។
ក្នុងករណីពិនិត្យផ្ទៃពោះសរុបខាងលើ (៨៤០.៧៤៦នាក់) ស្ត្រីមានផ្ទៃពោះលើកទី២ មានចំនួន ១៧០.៨១៨ និងលើកទី៤ មានចំនួន១២៦.០៣០។
ស្ត្រីសម្រាលកូនរយៈពេល៦ខែដើមឆ្នាំ មានចំនួនសរុប ១៣៣.២៣៣នាក់ ក្នុងនោះមណ្ឌលសុខភាពសម្រាលបាន ៦៩.២៥០នាក់ ។ក្នុងករណីសម្រាលសរុបខាងលើ (៦៩.២៥០នាក់) ស្ត្រីក្រីក្របានសម្រាលកូន ដែលគាំទ្រដោយកម្មវិធីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល មានចំនួន៩.៧៥៧នាក់។
ចំនួនជំងឺសម្រាកពេទ្យចេញពីផ្នែកសង្គ្រោះបន្ទាន់ មានចំនួនសរុប ១៩.៣៩៨នាក់៕ ដោយ ៖ កូឡាប