Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្មអាមេរិក-ចិន ចាប់ផ្ដើមបើកចំហកិច្ចពិភាក្សា រកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម-វិនិយោគឡើងវិញ

ក្នុងជំនួបកិច្ចពិភាក្សាប្រកបដោយ ភាពស្មោះត្រង់ និងពិតប្រាកដមួយដ៏កម្រ រវាងប្រមុខពាណិជ្ជកម្មអាមេរិក និងចិន កាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បានត្អូញត្អែរដាក់គ្នាអំពីគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញ មានការលំបាកច្រើនជាងមុន។

បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន គឺជាជំនួបមន្ត្រីជាន់ខ្ពស់របស់អាមេរិក និងចិនលើកដំបូងក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសន្តិសុខជាតិ បានបង្អាក់ផែនការជំនួបពិភាក្សានេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកថា មេដឹកនាំទាំងពីរមានការពិភាក្សាដោយស្មោះត្រង់ និងពិតប្រាកដលើបញ្ហាទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រួមទាំងបរិយាកាសរួមនៅក្នុងប្រទេសទាំងពីរសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ និងវិស័យនានាសម្រាប់កិច្ចសហប្រតិបត្តិការសក្តានុពល។

ក្នុងសេចក្តីថ្លែងការណ៍នេះ មានចំណុចមួយ លោកស្រីរដ្ឋមន្ត្រី Raimondo ក៏បានលើកឡើងពីការព្រួយបារម្ភអំពីវិវាទនាពេលថ្មីៗនេះនៃសកម្មភាពរបស់ប្រទេសចិន ដែលបានធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិកដែលប្រតិបត្តិការនៅចិន។

ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដកស្រង់ផ្សាយថា លោក លោក វ៉ាង វិនតាវ បានលើកឡើងពីការព្រួយបារម្ភសំខាន់ៗអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន រួមទាំងគោលនយោបាយលើឧបករណ៍អេឡិចត្រូនិក ការគ្រប់គ្រងការនាំចេញ និងការពិនិត្យឡើងវិញនៃការវិនិយោគបរទេស។

ប៉ុន្តែ ទោះជាយ៉ាងណា ភាគីទាំងពីរបានយល់ព្រមបង្កើត និងរក្សាបណ្តាញទំនាក់ទំនងបើកចំហ ដោយការិយាល័យរបស់ លោកស្រី Raimondo បានឱ្យដឹងថា នឹងជួយ «គ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ», ហើយក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ទំនាក់ទំនងនេះនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរលើការបារម្ភអំពីពាណិជ្ជកម្មសេដ្ឋកិច្ច និងបញ្ហាកិច្ចសហប្រតិបត្តិការជាក់លាក់ ដូច្នេះក្រសួងទាំងពីរនេះ នឹងមានការជជែកគ្នាបន្តបន្ទាប់ច្រើនដងទៀត៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×