រដ្ឋធានីប៊្រីស្ទីណា (Pristina)៖ កងកម្លាំងរក្សាសន្ដិភាពរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) បានដាក់ពង្រាយ នៅកូសូវ៉ូ ក្រោយពេលអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លាមួយនេះ បានបើកយុទ្ធនាការទម្លាក់គ្រាប់បែក នៅលើដែនដីរបស់អតីតសហព័ន្ធន៍យូហ្គោស្លាវី នៅក្នុងអំឡុងឆ្នាំ១៩៩៩ ហើយឥឡូវនេះ មានសេចក្ដីរាយការណ៍ជាថ្មី ថា កងទ័ពជាច្រើនរបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ បានរងគ្រោះថ្នាក់ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយនឹងជនជាតិស៊ែប។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ថា កងទ័ពរក្សាសន្ដិភាព ដឹកនាំដោយកងកម្លាំងរបស់អង្គការណាតូ ចំនួន ២៥នាក់ បានរងរបួស ដោយសារការប៉ះទង្គិចគ្នា ជាមួយនឹងក្រុមអ្នកតវ៉ាជនជាតិស៊ែប (Serb) ខណៈកំពុងតែការពារសាលាក្រុងចំនួន៣ នៅភាគខាងជើង ប្រទេសកូសូវ៉ូ (Kosovo) ស្របពេលនឹងប្រធានាធិបតី នៃប្រទេសស៊ែប៊ី (Serbia) បានដាក់ពង្រាយកម្លាំងទាហាន ឲ្យស្ថិតក្នុងការប្រុងជើងការប្រយុទ្ធកម្រិតដ៏ខ្ពស់បំផុត។
កងកម្លាំងរក្សាសន្តិភាពកូសូវ៉ូ ដឹកនាំដោយអង្គការណាតូ ហៅកាត់ KFOR បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សា កាលពីថ្ងៃចន្ទ ដែលបានផ្ទុះឡើង ក្រោយពេលអភិបាលក្រុងរបស់ជនជាតិភាគតិចអាល់បានី បានចូលកាន់តំណែង នៅតំបន់ភាគខាងជើងរបស់ប្រទេសកូសូវ៉ូ ដែលភាគច្រើន មានជនជាតិស៊ែបរស់នៅ បន្ទាប់ពីពួកគេបានធ្វើពហិការបោះឆ្នោត។

អង្គការណាតូ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ស្របមានការប្រឆាំងនឹងការប្រមូលផ្តុំគ្នាយ៉ាងសកម្មបំផុត នៃហ្វូងមនុស្សនោះ កងទ័ពជាច្រើននាក់របស់អ៊ីតាលី និង ហុងគ្រី នៃកងកម្លាំងថែរក្សាសន្ដិភាពកូសូវ៉ូរបស់អង្គការណាតូ បានក្លាយជាកម្មវត្ថុ នៃការវាយប្រហារ កងទ័ពទាំងនោះ បានរងរបួស ហើយខ្លះបានរងរបួសបាក់ឆ្អឹង និង ខ្លះមានការរលាកដោយសារតែការបំផ្ទុះនូវឧបករណ៍ដុតផ្សេងៗទៀត»។
លោកស្រី វីចូសា អូស្មានី (Vjosa Osmani) ប្រធានាធិបតីកូសូវ៉ូ បានចោទប្រកាន់ ទៅលើសមភាគីស៊ែប លោក អាឡិកសាន់ដា វូស៊ីក (Aleksandar Vucic) ចំពោះការបង្កអស្ថិរភាព នៅក្នុងប្រទេសរបស់គាត់។
លោកប្រធានាធិបតីកូសូវ៉ូ បានបញ្ជាក់ នៅលើបណ្ដាញសង្គម ថា «រចនាសម្ព័ន្ធខុសច្បាប់របស់ស៊ែប បានប្រែក្លាយទៅជាក្រុមឧក្រិដ្ឋជន វាយប្រហារមកលើប៉ូលិសកូសូវ៉ូ មន្រ្តី KFOR និង អ្នកកាសែត។ អ្នកដែលធ្វើតាមបញ្ជារបស់ប្រធានាធិបតីស៊ែប លោក វូស៊ីក ដើម្បីបង្កអស្ថិរភាព នៅតំបន់ភាគខាងជើង នៃប្រទេសកូសូវ៉ូ ត្រូវតែប្រឈមមុខជាមួយនឹងប្រព័ន្ធយុត្តិធម៌»។

ដោយឡែក លោក អាឡិកសាន់ដា វូស៊ីក ប្រធានាធិបតីស៊ែប បានបញ្ជាក់ ថា ជនជាតិស៊ែប ចំនួន៥២នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នានោះ ហើយក្នុងចំណោមពួកគេទាំងនោះ មានចំនួន៣នាក់ បានរងរបួសធ្ងន់។
លោក មីឡូស វូសេវិក (Milos Vucevic) រដ្ឋមន្រ្ដី ក្រសួងការពារជាតិស៊ែប បានប្រាប់ដល់ក្រុមអ្នកកាសែត ថា លោកប្រធានាធិបតី វូស៊ីក ជាអគ្គមេបញ្ជាការ នៃកងកម្លាំងស៊ែប បានដាក់កងទ័ព ឲ្យត្រៀមប្រយុទ្ធ នៅក្នុងកម្រិតខ្ពស់បំផុត។

សូមជម្រាប ថា សហព័ន្ធន៍យូហ្គោស្លាវី ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហភាពសូវៀត ហើយប្រទេសមហាអំណាចកំពូលខាងកុម្មុយនិស្ដនេះ បានដួលរលំ នៅក្នុងឆ្នាំ១៩៩១ ហើយរដ្ឋជាចំណុះចំនួន១៥ ក៏បានប្រកាស អំពីឯករាជភាពរៀងៗខ្លួន។ ស្របគ្នានេះ សហព័ន្ធន៍យូហ្គោស្លាវី ក៏បានដួលរលំផងដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩២ ហើយបណ្ដារដ្ឋជាចំណុះជាច្រើន ក៏បានប្រកាស អំពីឯករាជភាពរបស់ខ្លួន រួមមាន បូស្នៀហ៊ើរហ្សេហ្គោវីណា (Bosnia and Herzegovina) ក្រូអាត ម៉ុងតេណេហ្គោ ម៉ាសេដូណាខាងជើង ស៊ែប៊ី ស្លូវេនី ហើយកូសូវ៉ូ ដែលបានប្រកាសឯករាជ្យ កាត់ផ្ដាច់ចេញពីប្រទេសស៊ែប៊ី នៅក្នុងឆ្នាំ២០០៨។
ដោយឡែក កងរក្សាសន្តិភាពរបស់អង្គការ NATO បានដាក់ពង្រាយ នៅក្នុងខេត្តកូសូវ៉ូ ក្រោយពេលបើកយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូ នៅក្នុងឆ្នាំ១៩៩៩ ដោយបានបណ្តេញយោធា និង ប៉ូលិសសន្តិសុខរបស់ប្រទេសស៊ែប៊ី ចេញពីកូសូវ៉ូ ហើយបានបញ្ចប់នូវយុទ្ធនាការដ៏ឃោរឃៅ ប្រឆាំងនឹងពួកឧទ្ទាមជនជាតិភាគតិចអាល់បានី៕ រក្សាសិទ្ធដោយ ៖ សារាយSN

















