រាជធានីអូស្លូ (Oslo)៖ ថ្វីបើសហភាពសូវៀត ជាគូប្រជែងដ៏ខ្លាំងក្លា ជាមួយនឹងសហរដ្ឋអាមេរិក បានដួលរលំ នៅក្នុងឆ្នាំ១៩៩១ក៏ពិតមែន ប៉ុន្ដែមរតកមហាអំណាចយោធាកំពូល និង វិទ្យាសាស្រ្ដ ក៏ដូចជា បច្ចេកវិទ្យាគ្រប់បែបយ៉ាង បានធ្លាក់មកនៅលើរុស្ស៊ីទាំងអស់ ហើយនៅតែមានអំណាចដ៏ខ្លាំងលើសលប់ដដែល ខណៈឥឡូវនេះ ក្រុមមន្រ្ដីន័រវ៉ែស បានអះអាង អំពីត្រីបាឡែនចារកម្មរបស់ក្រុងមូស្គូ កំពុងតែបង្ហាញខ្លួន នៅឆ្នេរសមុទ្រ នៃប្រទេសស៊ុយអែត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែឧសភា ថា បើតាមអង្គការមួយ តាមដានសកម្មភាពចារកម្ម បានអះអាង ថា ត្រីបាឡែនបែលូហ្កា (Beluga Whale) ធ្លាប់បង្ហាញខ្លួន នៅក្នុងប្រទេសន័រវ៉ែស នាអំឡុងឆ្នាំ២០១៩។ ត្រីបាឡែននោះ ត្រូវគេជឿ ថា កងទ័ពជើងទឹករបស់រុស្ស៊ី ជាអ្នកបង្វឹកបង្ហាត់វា ដោយសារឃើញមានបំពាក់ខ្សែក្រវាត់ នៅលើខ្លួនរបស់វា ហើយបានបង្ហាញខ្លួនជាថ្មី នៅឆ្នេរសមុទ្រ នៃប្រទេសស៊ុយអែត។
ក្រុមជីវវិទូសមុទ្រ នៃនាយករដ្ឋានជលផលសមុទ្ររបស់ប្រទេសន័រវ៉ែស បានអះអាង ថា ត្រីបាឡែនបែលូហ្កានេះ បានបង្ហាញខ្លួន ជាលើកដំបូង នៅក្នុងតំបន់អាក់ទិក នាភាគខាងជើង ប្រទេសន័រវ៉ែស ហើយក្រុមអ្នកជីវវិទូសមុទ្រន័រវ៉ែស បានហូតចេញនូវខ្សែចងភ្ជាប់ជាមួយនឹងឧបករណ៍កាមេរ៉ា សម្រាប់ថតសកម្មភាព និង មានពាក្យថា «បរិក្ខារសាំងពេធើរប៊ឺគ» បោះពុម្ពនៅលើខ្សែក្រវាត់ប្លាស្ទិកនោះ។

ត្រីបាឡែនបែលូហ្កានេះ អាចមានប្រវែងរហូតដល់៦ម៉ែត្រ ហើយវាអាចរស់នៅ ចន្លោះពី៤០ទៅ៦០ឆ្នាំ។ បើតាមធម្មតា ត្រីបាឡែនប្រភេទនេះ មានទម្លាប់រស់នៅតំបន់ទឹកកក ដូចជា នៅតំបន់ជុំវិញកោះហ្គ្រីនឡែនដ៍ (Greenland) ហើយតំបន់ភាគខាងជើង នសប្រទេសន័រវ៉ែស និង រុស្ស៊ី។
ក្រុមមន្ត្រីនាយកដ្ឋានជលផលន័រវ៉ែស បានបញ្ជាក់ ថា ត្រីបាឡែននេះ ប្រហែលជាអាចគេចចេញពីកន្លែងហ៊ុមព័ទ្ធជុំវិញ ហើយក៏ប្រហែលជាត្រូវបានបណ្តុះបណ្តាល ដោយកងទ័ពជើងទឹករបស់រុស្ស៊ី ព្រោះវាហាក់បីដូចជាភាពបន្ស៊ាំង ទៅនឹងមនុស្សម្នារួចរាល់ហើយ។
អង្គការ OneWhale បានអះអាង កាលពីថ្ងៃចន្ទ ថា ត្រីបាឡែនបែលូហ្កា បានចំណាយពេលជាង៣ឆ្នាំ ហើយវាបានហែលបន្តិចម្តងៗ រំកិលខ្លួន រហូតមកដល់កណ្តាល នៃចុងឆ្នេរសមុទ្ររបស់ប្រទេសន័រវ៉ែស មុនពេលវាបង្កើនល្បឿនភ្លាមៗ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ហើយបន្តដំណើរទៅកាន់ប្រទេសស៊ុយអែត។

លោក សេបាស្ទៀន ស្ត្រានដ៍ (Sebastian Strand) ជីវវិទូសមុទ្រ នៃអង្គការ OneWhale បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «យើងមិនដឹងថា ហេតុអ្វីបានជាវាមានល្បឿនលឿនបែបនេះទេ ជាពិសេស ចាប់តាំងពីវាកំពុងតែហែលយ៉ាងលឿន ឃ្លាតឆ្ងាយចេញពីបរិស្ថានធម្មជាតិរបស់វារួចមក។ យើងជឿ ថា វាមិនមែនជាត្រីបាឡែនធម្មជាតិនោះឡើយ ហើយវាមានចរិតដូចសត្វដែលបានរួចចេញពីម្ចាស់ ឬ ត្រូវគេបោះបង់ចោល។
បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងមូស្គូ មិនធ្លាប់បញ្ចេញប្រតិកម្មជាផ្លូវការណាមួយ ប្រឆាំងនឹងការសន្និដ្ឋានរបស់ប្រទេសន័រវ៉ែស អះអាង ថា ត្រីបាឡែនបែលូហ្កានោះ អាចជាចារកម្មរបស់រុស្ស៊ី។
សមុទ្របារ៉ែនស៍ (Barents) ក្លាយជាតំបន់យុទ្ធសាស្រ្ដភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយ ព្រោះសកម្មភាព នៃកងនាវាមុជទឹករបស់លោកខាងលិច និង រុស្ស៊ី បានត្រួតពិនិត្យយ៉ាងដិតដល់បំផុត។ តំបន់សមុទ្រនោះ ក៏ជាច្រកដ៏សំខាន់ ឆ្ពោះទៅកាន់តំបន់ភាគខាងជើង ដោយសារវាបានកាត់បន្ថយនូវការធ្វើដំណើរតាមសមុទ្រ រវាងមហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

































