Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន និងជប៉ុន ដាក់ចុះជម្លោះនយោបាយទុកមួយកន្លែងសិន ជួយផ្ដល់ជំនួយហិរញ្ញវត្ថុ និងស្បៀងដល់ប្រទេសស៊ូដង់ដែលកំពុងឆាបឆេះសង្គ្រាម

ចិន និងជប៉ុន ដែលជាមហាអំណាចនៅអាស៊ី ហើយប្រទេសទាំងពីរនេះមិនត្រូវរូវគ្នាផ្នែកនយោបាយ និងមនោគមន៍វិជ្ជានោះទេ ប៉ុន្តែបានចំណាយលុយ និងស្បៀងអាហារជាច្រើនសន្ធឹកសន្ធាប់ជួយបណ្ដាប្រទេសរងគ្រោះ ជាពិសេសប្រទេសស៊ូដង់ ដែលកំពុងកើតមានភាពវឹកវរនៃសង្គ្រាម។

បើតាមរបាយការណ៍អង្គការសហប្រជាជាតិ បង្ហាញនាពេលថ្មីៗនេះ ឱ្យដឹងថា មនុស្សជាង ៣៥ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងក្នុងប្រទេសនេះកាលពីជាងមួយខែមុន, ហើយភាគច្រើននៃអ្នកដែលបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នា បានធ្វើដំណើរឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសជិតខាង គឺប្រទេសស៊ូដង់ខាងត្បូង អេហ្ស៊ីប ឆាដ និងអេត្យូពី ជាកន្លែងដែលពួកគេត្រូវការជំនួយមនុស្សធម៌យ៉ាងខ្លាំង សម្រាប់ការជ្រកកោន និងហូបចុក។

រួមជាមួយប្រទេសនានាដែលបានផ្តល់ជំនួយមួយចំនួនដល់ជនភៀសខ្លួនក្នុងប្រទេសស៊ូដង់ ចិន បាន ឆ្លើយតប នឹង វិបត្តិ នេះ ដោយ ផ្តល់ អង្ករ ចំនួន ២៤០០តោន ដើម្បី ចិញ្ចឹម អ្នក ដែល ឆ្លង ចូល ប្រទេស ស៊ូដង់ ខាង ត្បូង។ រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង ក្នុងការសម្រុះសម្រួលបញ្ចប់ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ដើម្បីសេចក្ដីសុខប្រជាជន។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង លោក ម៉ា គាង (Ma Qiang) បាននិយាយថា ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ស៊ូដង់ខាងត្បូងទៅលើបញ្ហាប្រជាជន និងជម្លោះផ្សេងៗនៅស៊ូដង់។ គេសង្ឃឹមថា វិបត្តិនៅស៊ូដង់អាចត្រូវបានដោះស្រាយ ដោយសន្តិវិធីដើម្បីអាចធ្វើឱ្យការផ្លាស់ប្តូរនយោបាយប្រកបទៅរលូននៅក្នុងប្រទេសមួយនេះ។

ចំណែកប្រទេសជប៉ុនវិញ បានផ្តល់ជំនួយចំនួន ៣.៥លានដុល្លារ ដល់ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ដើម្បីជួយជនភៀសខ្លួនស៊ូដង់ ដែលភៀសខ្លួនទៅកាន់ប្រទេសអាហ្វ្រិកខាងកើតផ្សេងទៀត។

ដោយបារម្ភអំពីការរស់នៅខ្វះសេចក្ដីសុខនិងការហូបចុករបស់ប្រជាជន អង្គការសហប្រជាជាតិ បានអំពាវនាវសុំជំនួយមនុស្សធម៌ពីបណ្ដាប្រទេសនានាសម្រាប់ជនភៀសខ្លួនស៊ូដង់ចំនួន ៤៧០លានដុល្លារ ហើយបានធ្វើការវិភាគថា នឹងមានមនុស្សជាងមួយលាននាក់ អាចភៀសខ្លួនចេញពីការបង្ហូរឈាមនៅប៉ុន្មានខែខាងមុខនេះ ចេញពីប្រទេសស៊ូដង់ ដើម្បីទៅរកកន្លែងរស់នៅនៃប្រទេសជិតខាង។

និយាយរួម បណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិកទាំងមូល ជាប្រទេសនាំចូលស្បៀងអាហារ និងផលិតផលផ្សេងៗពីប្រទេសក្រៅសម្រាប់ផ្គត់ផ្គង់ប្រជាជនរបស់ខ្លួន មកដល់បច្ចុប្បន្ន ហានិភ័យស្បៀងកំពុងកើតឡើងខ្លាំង មិនថាសង្គ្រាមក្នុងប្រទេសស៊ូដង់នោះទេ សូម្បីតែសង្គ្រាមអ៊ុយក្រែន-រុស៊ី ក៏ជះឥទ្ធិពលធ្វើឱ្យខ្វះស្បៀងអាហារក្នុងបណ្ដាប្រទេសនៃទ្វីបអាហ្វ្រិកនេះដែរ។

គិតមើលត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ តម្លៃអង្ករស្រូវសាលី ផ្កាឈូករ័ត្ន និង ប្រេងឆៅ នៅទូទាំងពិភពលោក បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។ បណ្ដាប្រទេសក្នុងទ្វីបអាហ្រ្វិកតែងតែពឹងផ្អែកយ៉ាងខ្លាំង ទៅលើការនាំចូលស្បៀងអាហារ មកពីប្រទេសរុស្ស៊ី និង អ៊ុយក្រែន ហើយទ្វីបនេះកំពុងតែប្រឈមមុខនឹងការប៉ះទង្គិច ពីតម្លៃ និងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ នៃទំនិញជាច្រើនទៀត។

ជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខស្បៀងនៅទ្វីបអាហ្រ្វិក ទាំងតាមរយៈលទ្ធភាពអាចស្វែងរកបាន និងតម្លៃនៅក្នុងដំណាំស្បៀងអាហារមួយចំនួន ជាពិសេស អង្ករស្រូវសាលី និងផ្កាឈូករ័ត្ន ក៏ដូចជា ការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចសង្គម បានកើតឡើងនូវភាពមិនច្បាស់លាស់នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ពិភពលោក និងប្រព័ន្ធខ្សែចង្វាក់ផ្គត់ផ្គង់ធ្វើឱ្យបណ្ដាប្រទេសក្នុងទ្វីបមួយនេះ ពើបប្រទះហានិភ័យនៃស្បៀងអាហារយ៉ាងខ្លាំង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×