ភ្នំពេញ៖ នៅឆ្នាំ២០២៣នេះ ស្ថាប័ន IMF ព្យាករថា GDP របស់ប្រទេសកម្ពុជា នឹងមានកំណើនយ៉ាងស្វាហាប់ ៥,៨% ជាសន្ទុះកំណើនខ្ពស់បំផុតលំដាប់ថ្នាក់ទី២ ក្នុងតំបន់អាស៊ីអាគ្នេហ៍ និងទី១៤ នៅទូទាំងពិភពលោក។

សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងនៅតែបន្តមានកំណើនរឹងមាំល្អ ដោយមានការទ្រទ្រង់យ៉ាងស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងការកើនឡើងនៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានដូចជា កំពង់ផសមុទ្រ អាកាសយានដ្ឋាន និងផ្លូវជាដើម។

សូមរំលឹកថា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយ មុនមានការផ្ទុះជំងឺកូវីដ-១៩ ដែលបានរាតត្បាតទូទាំងសាកលលោក ប្រទេសកម្ពុជា មានការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។ វិស័យនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ជាអ្នកនាំមុខ សេដ្ឋកិច្ចរបស់កម្ពុជា រក្សាបាននូវកំណើនជាមធ្យមចំនួន ៧,៧ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះ ស្ថិតនៅក្នុងចំណោមប្រទេសដែលសេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក។

ប៉ុន្តែនៅឆ្នាំ២០២០ វិបត្តិជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់លើផ្នែកធំៗទាំងបីនៃសេដ្ឋកិច្ចរបស់កម្ពុជា គឺវិស័យទេសចរណ៍, ការនាំចេញនៃកម្មន្តកម្ម, និងវិស័យសំណង់។ វិស័យទាំងបីនេះ រួមគ្នាមានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ការងារបានចំនួន ៣៩ភាគរយនៃការងារមានប្រាក់ឈ្នួលទាំងអស់ក្នុងប្រទេស នៅក្នុងឆ្នាំ ២០១៩។ នៅក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១ភាគរយ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតតាំងពីឆ្នាំ ១៩៩៤មក។

ទោះជាយ៉ាងណា សេដ្ឋកិច្ចប្រទេសកម្ពុជា បានងើបឡើងវិញក្នុងអត្រាកំណើន ៣% និង ៥,២ % នៅឆ្នាំ ២០២១ និងឆ្នាំ ២០២២រៀងគ្នា ដែលបន្តគាំទ្រដោយតម្រូវការខាងក្រៅ និងទ្រទ្រង់ដល់កំណើនវិស័យឧស្សាហកម្ម (កាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ)។
យ៉ាងណាមិញ ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣នេះ។ កត្តានេះ នឹងអាចជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា មួយកម្រិតទៀត តាមរយៈការងើបឡើងវិញនៃវិស័យនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យកម្មន្តសាលមិនមែនកាត់ដែរ។
កាលពីខែតុលា ឆ្នាំ ២០២១ កម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមានការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។
រាជរដ្ឋាភិបាល ក៏បានពង្រីកទីផ្សារនាំចេញកាន់តែទូលំទូលាយ តាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាក្នុងនោះរួមមាន៖ (១) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), (២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, (៣) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលរំពឹងថា នឹងសម្រេចបាននៅក្នុងឆ្នាំ ២០២៣នេះ៕