រដ្ឋធានីព្យុងយ៉ាង៖ ស្របពេលប្រទេសជប៉ុន បានប្រកាស អំពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ឲ្យស្ថិតក្នុងការប្រុងជើងការ សម្រាប់ការបាញ់កម្ទេចមីស៊ីលណាមួយរបស់ក្រុងព្យុងយ៉ាង ហោះចូលមកលើដែនអាកាសរបស់ខ្លួនមិនបានប៉ុន្មានផង កូរ៉េខាងជើង ក៏បានប្រកាស អំពីបរាជ័យ នៃការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួន។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានរាយការណ៍ កាលពីព្រឹក ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា កូរ៉េខាងជើង បានអះអាង ថា ឧបទ្ទវហេតុមួយ បានកើតឡើង ខណៈក្រុងព្យុងយ៉ាង គ្រោងនឹងបញ្ជូនផ្កាយរណបអវកាសចារកម្មជាដំបូងរបស់ខ្លួន ទៅកាន់លំហអវកាស ប៉ុន្ដែវាបានធ្លាក់ចូលទៅក្នុងសមុទ្រ។
ការបាញ់រ៉ុក្កែតរបស់កូរ៉េខាងជើង បានជំរុញឱ្យជប៉ុន ព្រមានដល់អ្នកស្រុករបស់ខ្លួន នៅទីក្រុងអូគីណាវ៉ា ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្ន។ ប៉ុន្តែក្រោយមកក៏មានសេចក្ដីរាយការណ៍ ថា ការបាញ់រ៉ុក្កែតនោះ មិនមានគ្រោះថ្នាក់ មកលើទឹកដីរបស់ជប៉ុន នោះឡើយ។
កូរ៉េខាងជើង បានប្រកាសមុននេះ ថា ក្រុងព្យុងយ៉ាង គ្រោងនឹងបាញ់បង្ហោះផ្កាយរណប នៅថ្ងៃទី១១ ខែមិថុនា ដើម្បីតាមដានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក នៅលើឧបទ្វីកូរ៉េ។ ឥឡូវនេះ ក្រុងព្យុងយ៉ាង បានប្រកាស ថា កូរ៉េខាជើង នឹងមានគោលបំណង បាញ់បង្ហោះរ៉ុក្កែតចារកម្មជាលើកទី២ នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ដោយឡែក លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ ថា កូរ៉េខាងជើង ហាក់បីដូចជាបានបាញ់មីស៊ីលផ្លោង ហើយថា រដ្ឋាភិបាលក្រុងតូក្យូ កំពុងតែវិភាគព័ត៌មានលម្អិត លើករណីនេះបន្ថែមទៀត។ ឥឡូវនេះ នៅទាន់មិនមានរបាយការណ៍ អំពីការខូចខាត ក្រោយការបាញ់បង្ហោះរ៉ុក្កែតរបស់កូរ៉េខាងជើង នោះទេ។ ជប៉ុន បានអះអាង នៅមុននេះបន្ដិច ថា ក្រុងតូក្យូ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបាញ់ទម្លាក់រាល់មីស៊ីលណាមួយ បង្កនូវការគំរាមកំហែង មកលើទឹកដីរបស់ខ្លួន។
ភាពវឹកវរ និង ការច្របូកច្របល់ នៅក្នុងទីក្រុងសេអ៊ូល រដ្ឋធានីរបស់កូរ៉េខាងត្បូង បានកើតឡើង កាលពីព្រឹក ថ្ងៃពុធ វេលាក្នុងស្រុក ខណៈមនុស្សបានភ្ញាក់ពីដំណេក ជាមួយនឹងការឮសំឡេងស៊ីរ៉ែនប្រកាសអាសន្ន ពីការវាយប្រហារតាមអាកាស និង សារបន្ទាន់មួយ បានប្រាប់ដល់ពួកគេ ឱ្យរៀបចំ សម្រាប់ការជម្លៀស ប៉ុន្ដែត្រឹមតែ២០នាទីក្រោយមក ក៏បានផ្ញើសារអំពីកំហុសឆ្គងនេះ។
ប្រទេសកូរ៉េ មានឈាមជាជ័រតែមួយ បានពុះហែកចែកគ្នាជា២ប្រទេស អស់រយៈពេល៧០ឆ្នាំកន្លងមកហើយ ក្រោមមនោគមន៍វិជ្ជាគ្រប់គ្រង តាមបែបកុម្មុយនិស្ដ និង លោកសេរី។ បច្ចុប្បន្ន កូរ៉េខាងជើង កំពុងតែបង្កនូវការគំរាមកំហែង មកលើកូរ៉េខាងត្បូង ហើយប្រសិនបើមានការប្រកាសអាសន្នណាមួយ នាពេលអនាគត នឹងនាំឲ្យមានសំណួរមួយចំនួន ចោទសួរថា តើនឹងត្រូវយកចិត្តទុកដាក់ ឬ ក៏ត្រូវលុបចោល អំពីកំហុសឆ្គងផ្សេងៗទៀត?
ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap (យ៉ុនហាប) បានរាយការណ៍ ថា កងទ័ពកូរ៉េខាងត្បូង បានអះអាង ថា មីស៊ីលនោះ ប្រហែលជាបានបំផ្ទុះ នៅលើអាកាស ឬ ក៏អាចធ្លាក់មកក្នុងសមុទ្រវិញ ក្រោយពេលវាបានបាត់ ចេញពីពីប្រព័ន្ធរ៉ាដា។ ប៉ុន្ដែបើទោះជាយ៉ាងណាក្ដី ក៏កូរ៉េខាងត្បូង នឹងវិភាគលម្អិត លើបញ្ហានេះបន្ដទៀត៕រក្សាសិទ្ធដោយ ៖ សារាយSN
















