រដ្ឋធានីមូស្គូ៖ ដ្រូនជាច្រើនគ្រឿង បានហោះតម្រង់គោលដៅ វាយប្រហារទៅលើទីក្រុងមូស្គូ ជាបេះដូង នៃសហព័ន្ធន៍រុស្ស៊ី ហើយនេះជាសកម្មភាព វាយប្រហារលើកទី២ នៅក្នុងខែឧសភា ក្រោយការវាយប្រហារទៅលើវិមានក្រឹមឡាំង ចាប់តាំងពីសង្គ្រាមលុកលុយទៅលើទឹកដីរបស់អ៊ុយក្រែន បានផ្ទុះឡើង អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ប៉ុន្ដែក្រុងកៀវ តែងតែច្រានចោលរាល់សកម្មភាពណាមួយ ជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារ នៅលើទឹកដីរបស់រុស្ស៊ី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីល្ងាច ថ្ងៃអង្គារ ទី៣០ ខែឧសភា ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនវាយប្រហារ យ៉ាងតិចចំនួន៨គ្រឿង កាលពីព្រឹក ថ្ងៃអង្គារ បានហោះចូលទៅក្នុងដែនអាកាសរបស់ទីក្រុងមូស្គូ មុនពេលវាត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់រដ្ឋធានី នៃប្រទេសរុស្ស៊ី ខណៈដ្រូនជាច្រើនទៀត បានហោះទៅបំបុកអគារលំនៅឋានមួយចំនួនទៀត។ រីឯរដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់ដល់ប្រទេសអ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មនេះ ខណៈក្រុមមន្ត្រីក្រុងកៀវ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ក្រុងមូស្គូ។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សារបស់លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងកម្មវិធីអាហារពេលព្រឹក YouTube របស់អ្នកកាសែតរុស្ស៊ី ដែលកំពុងតែនិរទេសខ្លួន គឺលោក អាឡិកសាន់ដឺរ ផ្លូសេវ (Alexander Plushev) ថា «អ្នកដឹងទេ យើងកំពុងតែត្រូវបានគេអូសទាញឲ្យចូលទៅក្នុងយុគសម័យ នៃបញ្ញាសិប្បនិម្មិត។ បញ្ហានេះប្រហែលជាមិនមែនមានតែដ្រូនទាំងអស់ ត្រៀមខ្លួន សម្រាប់តែការវាយប្រហារ មកលើប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ។ ប៉ុន្ដែករណីនេះទំនងជាវានឹងវិលត្រឡប់ទៅរកអ្នកបង្កើតរបស់សង្គ្រាមនោះវិញ ហើយយើងនឹងសួរនូវសំណួរទៅកាន់ពួកគេវិញ ដូចជា ហេតុអ្វីបានជាអ្នកបញ្ជូនគ្រឿងសព្វាវុធទាំងនោះ មកវាយប្រហារលើពួកយើង វាយប្រហារដល់អ៊ុយក្រែន ជាពិសេស នៅក្នុងទីក្រុងកៀវ ?
ដោយឡែក លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ ថា ការវាយប្រហារនេះ មានចេតនា កំណត់គោលដៅលើជនស៊ីវិល ជាមួយនឹងគោលបំណងបំភិតបំភ័យ ដល់ជនជាតិរុស្ស៊ី។
លោក ស៊ើរហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលទីក្រុងមូស្គូ បានបញ្ជាក់ ថា រដ្ឋធានីរបស់រុស្ស៊ី និង តំបន់ជុំវិញទីក្រុងមួយនេះ បានក្លាយជាគោលដៅ វាយប្រហារដោយដ្រូនដ៏កម្រ កាលពីព្រឹក ថ្ងៃអង្គារ។ ហេតុការណ៍នេះ បានធ្វើឲ្យអគារមួយចំនួន រងការខូចខាតតិចតួច ហើយក៏មានមនុស្សចំនួន២នាក់ផងដែរ បានរងរបួសស្រាល។

ស្របគ្នានេះដែរ លោក អាន់ឌ្រី វ៉ូរ៉ូបយូវ (Andrei Vorobyov) ប្រធានតំបន់មូស្គូ បានអះអាង ថា យន្តហោះដ្រូនមួយចំនួន ត្រូវបានបាញ់កម្ទេចចោល ខណៈកំពុងហោះសំដៅមកកាន់ទីក្រុងមូស្គូ។ ប៉ុន្ដែគាត់នៅតែមិនទាន់ដឹងច្បាស់ ថា តើនរណាជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូននេះឡើយ។ នេះជាការប្រហារលើកទី២ នៅក្នុងទីក្រុងមូស្គូ នៅក្នុងខែឧសភានេះ ក្រោយពេលអាជ្ញាធររុស្ស៉ី បានអះអាង ថា ដ្រូនចំនួន២គ្រឿង បានវាយប្រហារ មកលើវិមានក្រឹមឡាំង ខណៈរដ្ឋាភិបាលក្រុងមូស្គូ បានចាត់ទុកថា វាជាសកម្មភាពប៉ុនប៉ងធ្វើឃាតមកលើប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។
អាជ្ញាធររុស្ស៊ី បានអះអាង ថា អ៊ុយក្រែន បានបើកការវាយប្រហារដោយដ្រូនដ៏ខ្លាំងក្លា មកលើទីក្រុងមូស្គូ។ ប៉ុន្ដែប្រព័ន្ធការពារដែនអាកាស បានបាញ់កម្ទេចដ្រូន ចំនួន៨គ្រឿង។
ដោយឡែក នៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន ឯណោះវិញ កាលពីព្រឹក ថ្ងៃអង្គារ ក៏នៅតែបន្តរងការវាយប្រហារតាមផ្លូវអាកាស ពីកម្លាំងទាហានរុស្ស៉ី ដោយបានសម្លាប់មនុស្សម្នាក់ និង ៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពេលអគារដ៏ខ្ពស់មួយ បានរងការឆាបឆេះ។ ទាហានរុស្សី បានបង្កើនការវាយប្រហារជាថ្មី ដោយមានទាំងដ្រូន និង មីស៊ីល ស្រោចទៅលើទីក្រុងកៀវ និង តំបន់មួយចំនួនទៀត នៃប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា រហូតមក៕ រក្សាសិទ្ធដោយ ៖ សារាយSN















