រដ្ឋធានីប៉េកាំង៖ ស្របពេលទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែតានតឹង ជុំវិញបញ្ហាជាច្រើន ជាពិសេស កោះតៃវ៉ាន់ ផងនោះ រដ្ឋមន្រ្ដីក្រសួងការពារជាតិចិន បានទាត់ចោលសំណើរបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ការជំរុញឲ្យជំនួប ជាមួយនឹងប្រមុខការពារជាតិសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យការប្រកួតប្រជែង មិនអាចក្លាយជាជម្លោះ រវាងប្រទេសមហាអំណាចទាំង២នេះ។
សារព័ត៌មាន CNA មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ថា បណ្ដាញផ្សព្វផ្សាយនានា បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា ក្រុងប៉េកាំង បានបដិសេធសំណើរបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ជំនួប រវាងរដ្ឋមន្រ្ដីក្រសួងការពារជាតិចិន និង សហរដ្ឋអាមេរិក នៅក្រៅវេទិកាសន្ដិសុខប្រចាំឆ្នាំ នឹងត្រូវប្រារព្ធធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសុក្រខាងមុខនេះ។ សកម្មភាពរបស់ចិន កំពុងតែបង្ហាញសញ្ញា កាន់តែតានតឹងថ្មីមួយបន្ថែមទៀត រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២របស់ពិភពលោក។

មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្ញើទៅកាន់សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Wall Street Journal (ឌឺ វ៉ល ស្ទ្រីត ហ្ស៊ូណាល់) ថា សាធារណរដ្ឋប្រជាមានិតចិន បានជូនដំណឹងមកឲ្យសហរដ្ឋអាមេរិក ថា ក្រុងប៉េកាំង បានបដិសេធនូវការអញ្ជើញរបស់យើង កាលពីដើមខែឧសភា សម្រាប់ជំនួប រវាងរដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) និង សមភាគីចិន លោក លី សាងហ៊្វូ (Li Shangfu) នៅក្នុងប្រទេសសិង្ហបុរី»។
មន្ទីរបញ្ចកោណ បានបញ្ជាក់ ថា សហរដ្ឋអាមេរិក មានជំនឿ លើការទំនាក់ទំនង បើកចំហ សម្រាប់ការធានា ថា ការប្រកួតប្រជែង នឹងមិនអាចក្លាយទៅជាជម្លោះបាននោះឡើយ។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ សេតវិមាន នៃប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានបញ្ជាក់ ថា នឹងមានកិច្ចពិភាក្សាគ្នា ត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិ សម្រាប់កិច្ចចរចាគ្នា រវាងលោក ឡយដ៍ អូស្ទីន ប្រមុខការពារជាតិសហរដ្ឋអាមេរិក និង សមភាគីចិន លោក លី សាងហ៊្វូ ទើបនឹងបានឡើងកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ។
ការរំពឹងទុក សម្រាប់ជំនួប រវាងប្រមុខការពារជាតិ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២នេះ នឹងធ្វើឲ្យពិភពលោកទាំងមូល តាមដានយ៉ាងដិតដល់ ចំពេលមានភាពតានតឹងខាងសន្តិសុខ នៅក្នុងតំបន់ និង ជម្លោះពាណិជ្ជកម្ម បាននាំឲ្យមានការបង្អាក់ ដល់ផែនការរួបរួមឡើងវិញ ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក។
លោក ហ្គីណា រ៉េម៉ុនដូ (Gina Raimondo) រដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និង សមភាគីចិន លោក វ៉ាង វ៉ែនតាវ (Wang Wentao) កាលពីសប្ដាហ៍មុន បានធ្វើពាណិជ្ជកម្មលើគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ និង ការនាំចេញ នៅក្នុងកិច្ចប្រជុំមួយ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ សកម្មភាពទាំងនេះ បានបង្ហាញនូវការកត់សម្គាល់ អំពីការផ្លាស់ប្តូរកម្រិតគណៈរដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិក និង ចិន ជាលើកដំបូង នៅក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។

លោក ឡាន ស្ដូរេ (Ian Storey) អ្នកវិភាគសន្ដិសុខ នៅក្នុងប្រទេសសិង្ហបុរី បានបញ្ជាក់ ថា «ការសម្រេចចិត្តរបស់ចិន ច្រានចោលជំនួប ជាមួយនឹងប្រមុខការពារជាតិសហរដ្ឋអាមេរិក លោក អូស្ទីន គឺជារឿងមិនល្អឡើយ ព្រោះវាបង្កើននូវភាពតានតឹងដាក់គ្នា រវាងចិន និង សហរដ្ឋអាមេរិក។ ការបដិសេធរបស់លោកឧត្តមសេនីយ៍ លី ប្រមុខការពារជាតិចិន មិនព្រមជួបជាមួយនឹងសមភាគីរបស់សហរដ្ឋអាមេរិក នឹងបង្កឱ្យមានការភ័យខ្លាច នៅក្នុងតំបន់ កាន់តែខ្លាំងឡើងបន្ថែមទៀត»។
លោក ឡយដ៍ អូស្ទីន ប្រមុខមន្ទីរបញ្ចកោណ និង លោក លី រដ្ឋមន្រ្ដី ក្រសួងការពារជាតិចិន នឹងមកចូលរួមកិច្ចប្រជុំ នៃកិច្ចសន្ទនាសាងហ្គ្រី-ឡា (Shangri-la) ប្រចាំឆ្នាំ នៅថ្ងៃសុក្រខាងមុខ នៅក្នុងប្រទេសសិង្ហបុរី។ នេះជាការប្រមូលផ្តុំក្រៅផ្លូវការ នៃក្រុមមន្ត្រីការពារជាតិ និង អ្នកវិភាគ ខណៈសិង្ហបុរី ដើរតួនាទីជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ។
រហូតមកដល់ពេលនេះ ក្រុមមន្ត្រីចិន នៅតែមិនទាន់បានពន្យល់ អំពីការបដិសេធរបស់លោករដ្ឋមន្រ្ដី លី ប៉ុន្តែក្រុមអ្នកវិភាគសន្តិសុខមួយចំនួន បានលើកឡើង ថា ការច្រានចោលជំនួបរបស់រដ្ឋាភិបាលក្រុងប៉េកាំង គឺមានគោលបំណងប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មកលើលោក លី ហើយវាជាហេតុផលមួយ អាចនឹងកើតឡើង។

លោករដ្ឋមន្រ្ដីក្រសួងការពារចិន ជាអ្នកជំនាញសន្តិសុខ ត្រូវបានគេអះអាង ថា ជាជើងចាស់ នៃកិច្ចខិតខំប្រឹងប្រែង ធ្វើយោធូបនីកម្ម ដល់កងទ័ពរំដោះប្រជាជន។ គាត់បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨ រហូតមក ជុំវិញការទិញយន្តហោះចម្បាំង និងឧបករណ៍យោធាផ្សេងៗ ពីក្រុមហ៊ុននាំចេញអាវុធដ៏សំខាន់របស់រុស្ស៊ី Rosoboronexport (រ៉ូសូប៉ូរ៉ូណែកស្ពត) ។
លោករដ្ឋមន្រ្ដីការពារជាតិ លី ជាសមាជិក នៃគណៈកម្មការយោធាមជ្ឈិម ហើយក៏ជាស្ថាប័នការពារជាតិកំពូល នៃប្រទេសចិន ត្រូវស្ថិតនៅក្រោមការបញ្ជាដោយផ្ទាល់ ពីលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN































