រដ្ឋធានីវ៉ាស៊ីនតោន៖ ថ្វីបើសមាជិកសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានប្រឆាំងនឹងកិច្ចព្រមព្រៀង រវាងប្រធានសភា លោក ខេវីន ម៉ាកខាធី (Kevin McCarthy) និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) យ៉ាងណាក្ដី ប៉ុន្ដែមេដឹកនាំទាំង២នេះ នៅតែមានទំនុកចិត្តយ៉ាងមុតមាំថា ការកម្រិតបង្កើនប្រាក់បំណុលនេះ នឹងឆ្លងកាត់នូវការអនុម័តពីសភា នៅយប់នេះ ហើយនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា នៅចុងសប្ដាហ៍នេះ។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ថា សេចក្តីព្រាងច្បាប់នេះ ព្យួរការជំពាក់បំណុលរបស់សហរដ្ឋអាមេរិក រយៈពេល២ឆ្នាំ ដោយពន្យារនូវការសម្រេចចិត្ត ដំឡើងកម្រិតប្រាក់បំណុល រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២៤។ ប៉ុន្ដែសហរដ្ឋអាមេរិក នឹងចាប់ផ្តើមខកខានសងប្រាក់បំណុលរបស់ខ្លួន ចំនួន ៣១,៤ពាន់ពាន់លានដុល្លារ ($31.4trillion) ប្រសិនបើសភាមិនបានបង្កើនដែនកំណត់នូវការខ្ចីប្រាក់ នៅត្រឹមថ្ងៃទី៥ ខែមិថុនា ខាងមុខនេះទេ។
រដ្ឋសភារបស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមបោះឆ្នោត នៅម៉ោង២០ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា (វេលានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។ ប្រសិនបើសមាជិកសភា បានអនុម័តរួចរាល់ហើយ ច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតជាលើកចុងក្រោយ មុននឹងបញ្ជូនទៅកាន់ប្រធានាធិបតី ចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ពេញលក្ខណៈ។ បើទោះជាយ៉ាងណាក៏ដោយ សមាជិកសភា មានពេលរហូតដល់ថ្ងៃទី៥ ខែមិថុនា សម្រាប់ការអនុម័តច្បាប់កំណត់កម្រិតប្រាក់បំណុល ឬ ថា សហរដ្ឋអាមេរិក នឹងត្រូវខកខានសងប្រាក់បំណុលរបស់ខ្លួន។

លោកប្រធានាធិបតី ចូ បៃដិន និង លោកប្រធាសភា ម៉ាកខាធី បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្ដីអំពីការកំណត់កម្រិតប្រាក់បំណុល កាលពីចុងសប្ដាហ៍កន្លងនេះ ក្រោយពេលមេដឹកនាំទាំង២គណបក្សនេះ បានចរចាគ្នាដ៏តានតឹងបំផុត អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក។ ក្រោយសភាអនុម័តរួចហើយ ច្បាប់នេះ នឹងអនុញ្ញាតដល់សហរដ្ឋអាមេរិក ត្រូវតែបន្ដបង់ប្រាក់បំណុលរបស់ខ្លួន។ ប៉ុន្ដែប្រសិនបើការកម្រិតប្រាក់បំណុល ( ឬ ការកំណត់កម្រិតខ្ចីប្រាក់) មិនបានបង្កើនទេនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអស់លុយ ហើយខកខាន នៅក្នុងការសងប្រាក់បំណុលរបស់ខ្លួន ចំនួន ៣១,៤លានលានដុល្លារអាមេរិក ($31,4trillion)។ បញ្ហានេះនឹងនាំឲ្យមានគ្រោះមហន្ដរាយ ប៉ះពាល់ទៅដល់ទីផ្សាររបស់ពិភពលោក។
ឥឡូវនេះ សមាជិកសភា កំពុងតែពិភាក្សាគ្នា ស្ដីការអនុម័តច្បាប់នេះ។ វិធានការបែបនេះ ត្រូវបានពណ៌នា ដោយគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ ថា វាជា«ការសម្របសម្រួល» ដោយសារតែភាគីទាំងពីរ មិនសប្បាយចិត្តទាំងស្រុង ជាមួយនឹងខ្លឹមសាររបស់ច្បាប់នេះ។

ដោយឡែក លោកប្រធានាធិបតី បៃដិន មកពីគណបក្សប្រជាធិបតេយ្យ និង លោកប្រធានាសភា ម៉ាកខាធី មកពីគណបក្សសាធារណរដ្ឋ កំពុងតែប្រឈមមុខនឹងការរិះគន់ ពីសមាជិក នៃគណបក្សរបស់ខ្លួន។ សមាជិកសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ ជឿ ថា សម្បទាន មានតិចតួចពេក ត្រូវបានធានាជាថ្នូរនឹងការបង្កើនកម្រិតប្រាក់បំណុល ខណៈសមាជិកសភាមួយចំនួន មកពីគណបក្សប្រជាធិបតេយ្យ ជំទាស់នឹងការផ្តល់មូលនិធិ សម្រាប់ការកាត់បន្ថយកម្មវិធីជំនួយសំខាន់ៗរបស់រដ្ឋាភិបាល ហើយចាប់ផ្តើមការសងប្រាក់កម្ចីដល់សិស្សឡើងវិញ។
បើទោះជាមានការប្រឆាំងបែបនេះក្ដី ក៏លោកប្រធានាធិបតី ចូ បៃដិន និង លោកប្រធានសភា ម៉ាកខាធី បានបញ្ជាក់ ថា ពួកគាត់ មានទំនុកចិត្ត ថា ពួកគាត់នឹងទទួលបានការគាំទ្រគ្រប់គ្រាន់ សម្រាប់ការអនុម័តច្បាប់នេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN






















