បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាធិការអង្គការ NATO លោក ជេន ស្តុលថេនប៊ឺក (Jens Stoltenberg) បាននិយាយថា សម្ព័ន្ធមិត្តណាតូទាំងអស់យល់ស្របថា អ៊ុយក្រែន នឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពនេះ យ៉ាងពិតប្រាកដ ហើយរុស្ស៉ី មិនអាចវេតូប្រឆាំងនោះទេ ព្រោះតែរុស្ស៊ីមិនស្ថិតក្នុងសម្ព័ន្ធភាព។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុង អូស្លូ (Oslo) លោក ស្តុលថេនប៊ឺក (Stoltenberg) បាននិយាយថា សម្ព័ន្ធមិត្តទាំងអស់បានយល់ព្រមថា ទ្វាររបស់ណាតូ គឺបើកចំហសម្រាប់សមាជិកថ្មីបន្ថែមទៀត។ ដូច្នេះ សម្ព័ន្ធមិត្តទាំងអស់ក៏យល់ព្រមថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធមិត្តយោធានេះ ហើយសម្ព័ន្ធមិត្តទាំងអស់យល់ស្របថា វាគឺសិទ្ធិរបស់សម្ព័ន្ធមិត្តអង្គការណាតូ និងអ៊ុយក្រែន ក្នុងការសម្រេចថា អ៊ុយក្រែនក្លាយជាសមាជិក ឬយ៉ាងណា។

លោកប្រធានអង្គការណាតូរូបនេះ បានសង្កត់ធ្ងន់ថា «សម្រាប់ទីក្រុងមូស្គូ គឺមិនអាចវេតូប្រឆាំងនឹងការពង្រីកខ្លួនរបស់អង្គការណាតូនោះទេ, ប៉ុន្តែសំខាន់បំផុត សម្ព័ន្ធមិត្តទាំងអស់យល់ស្របថា កិច្ចការបន្ទាន់ និងសំខាន់បំផុតនាពេលនេះ គឺដើម្បីធានាថា អ៊ុយក្រែនមានជ័យជំនះក្នុងនាមជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព ដើម្បីការពារប្រទេសរបស់ខ្លួនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN














