Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ស្នើសុំពន្លឿនចូលណាតូ ឱ្យបានឆាប់ ខណ:ទីក្រុងកៀវមួយនេះអំពាវនាវឱ្យបណ្ដាប្រទេសមានព្រំដែនជាប់រុស្ស៊ីប្រុងប្រយ័ត្ន

រដ្ឋធានីអូស្លូ (Oslo)៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅលើប្រទេសអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ខណៈគូជម្លោះទាំង២ កំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រកពន្លឺចរចាសន្ដិភាពមិនទាន់ឃើញ ហើយឥឡូវនេះ មេដឹកនាំក្រុងកៀវ កំពុងតែបន្ដស្វែងរកគ្រឿងសព្វាវុធបន្ថែមទៀត ពីបណ្ដាប្រទេសជាដៃគូ និង បន្ដអំពាវនាវទៅកាន់មហាអំណាចលោកខាងលិច អំពីសមាជិកភាពរបស់អ៊ុយក្រែន  នៅក្នុងអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កំពុងតែបន្ដស្វះស្វែងរកជំនួយយោធាបន្ថែមទៀត ពីបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) និង ប្រទេសជាដៃគូ ហើយបានបន្ដអំពាវនាវជាថ្មី អំពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) ខណៈមេដឹកនាំយោធា កំពុងតែចូលរួមកិច្ចប្រជុំកំពូល នៅក្នុងប្រទេសន័រវ៉ែស និង មេដឹកនាំអឺរ៉ុប កំពុងតែជួបជុំគ្នា នៅក្នុងប្រទេសម៉ូលដាវី។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានបញ្ជាក់ជាថ្មី អំពីតម្រូវការរបស់គាត់ សម្រាប់សមាជិកភាពរបស់អង្គការណាតូ និង សមាជិកភាពរបស់សហភាពអឺរ៉ុប។ មេដឹកនាំក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវបែបនេះ ទៅកាន់មេដឹកនាំអឺរ៉ុប ចំនួន៤៧ប្រទេស នៅក្នុងកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប នៅក្នុងប្រទេសម៉ូលដាវី និង មេដឹកនាំសម្ពន្ធមិត្ដយោធារបស់អង្គការណាតូ កំពុងតែជួបជុំគ្នា នៅក្នុងប្រទេសន័រវ៉ែស។ បញ្ហានេះ នឹងនាំឲ្យមានការបែងចែក តាមការអំពាវនាវរបស់អ៊ុយក្រែន ផងដែរ។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានបញ្ជាក់ ថា ប្រទេសទាំងអស់ មានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី គួរតែក្លាយជាសមាជិកពេញលេញ ទាំងអង្គការណាតូ និង សហភាពអឺរ៉ុប ចាប់តាំងពីរដ្ឋាភិបាលក្រុងម៉ូស្គូ បានព្យាយាមលេបបណ្ដាប្រទេសនៅខាងក្រៅអង្គការសន្តិសុខរួមមួយនេះ។

បន្ថែមពីលើនេះ មេដឹកនាំក្រុងកៀវ ក៏បានអំពាវនាវ ជំរុញឲ្យមានការគាំទ្រជាមូលដ្ឋានបន្ថែមទៀត ពីតំបន់អឺរ៉ុប ខណៈគាត់កំពុងតែព្យាយាម ជួយសង្គ្រោះជីវិតមនុស្ស និង «ពន្លឿនសន្តិភាព»។

បណ្ដាមេដឹកនាំ ចំនួន៤៧ប្រទេស មកពីសហភាពអឺរ៉ុបទាំង២៧ប្រទេស និង ២០ប្រទេសផ្សេងទៀត នៅតំបន់អឺរ៉ុប បានជ្រើសរើស យកប្រទេសម៉ូលដាវី ដែលមានប្រជាជនប្រហែលត្រឹមតែ២,៦លាននាក់ ហើយជាអតីតរដ្ឋចំណុះឲ្យសហភាពសូវៀត និង មានព្រំដែនរួមគ្នាជាប់ជាមួយនឹងអ៊ុយក្រែន នោះ ត្រូវបានគេមើលឃើញ ថា វាជាសារមួយ បង្ហាញយ៉ាងច្បាស់ ពីសហភាពអឺរ៉ុប និង រដ្ឋាភិបាលម៉ូលដាវី គាំទ្រដោយលោកខាងលិច ផ្ញើទៅកាន់វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា ពួកគេនឹងមិនស្ថិតនៅក្នុងភាពឯកោនោះឡើយ។

លោក ម៉ាក រូតតេ (Mark Rutte) នាយករដ្ឋមន្រ្ដីហូល្លង់ដ៍ បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប ថា «ថ្ងៃនេះ ការជួបជុំរបស់យើង នៅក្នុងប្រទេសម៉ូលដាវី បាននិយាយគ្នាច្រើន។ ប្រទេសនេះ មានព្រំប្រទល់រួមគ្នាជាប់ជាមួយនឹងអ៊ុយក្រែន ហើយការគំរាមកំហែងរបស់រុស្ស៊ី នៅទីនេះ គឺអាចយល់យ៉ាងច្បាស់ហើយ»។

ស្របគ្នានេះដែរ ក៏មានកិច្ចប្រជុំរបស់មេដឹកនាំយោធា នៃអង្គការណាតូ នៅក្នុងប្រទេសន័រវ៉ែស ដោយផ្ដោតលើការបែកចែង នៅក្នុងចំណោមសម្ពន្ធមិត្តយោធារបស់អង្គការសម្ពន្ធភាពយោធាមួយនេះ ស្ដីអំពីល្បឿន នៃការចូលជាសមាជិករបស់អ៊ុយក្រែន បានក្លាយជារូបភាពជាក់ស្តែង ត្រឹមតែប៉ុន្មានសប្តាហ៍ នៅមុនកិច្ចប្រជុំកំពូល នៅពាក់កណ្តាលខែកក្កដា ស្ថិតក្នុងរដ្ឋធានីវីលនីស (Vilnius) ប្រទេសលីទុយអានី។

លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ថា «សម្ពន្ធមិត្តទាំងអស់ បានយល់ស្របគ្នា ថា រដ្ឋាភិបាលក្រុងមូស្គូមិនមានសិទ្ធិវេតូ ប្រឆាំងនឹងការរីកធំធាត់របស់អង្គការណាតូ នោះឡើយ»។

អង្គការណាតូ កាលពីឆ្នាំ២០០៨ បានព្រមព្រៀងគ្នា ថា អ៊ុយក្រែន គួរនឹងចូលរួមជាមួយសម្ពន្ធមិត្តទាំងអស់ ប៉ុន្តែរហូតមកដល់ពេលនេះ មេដឹកនាំទាំងនោះ បានបញ្ឈប់សកម្មភាព រយៈពេលខ្លី ដូចជា ការផ្តល់នូវផែនការសកម្មភាពជាសមាជិកភាព ដល់ក្រុងកៀវ ដែលនឹងរៀបចំតារាងពេលវេលា សម្រាប់ការនាំអ៊ុយក្រែន ឱ្យកាន់តែខិតជិតនឹងកតិកាសញ្ញាយោធា។

ស្របពេលក្រុងកៀវ និង សម្ពន្ធមិត្ត កាន់តែខិតជិតបំផុត នៅអឺរ៉ុបខាងកើត ក៏មានការអំពាវនាវឱ្យមានវិធានការជាក់ស្តែង សម្រាប់ការនាំអ៊ុយក្រែន ឱ្យកាន់តែជិត ក្លាយជាសមាជិកភាព។ រីឯរដ្ឋាភិបាលរបស់លោកខាងលិច មានដូចជា សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ …ជាដើម មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង ចំពោះសកម្មភាពណាមួយ អាចនឹងនាំសម្ពន្ធមិត្តយោធាទាំងនេះ ងាកទៅរកសង្គ្រាម ដោយផ្ទាល់ ជាមួយរុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ សារាយSN

×