Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ប្រកាសអំពីកញ្ចប់ជំនួយថ្មីដល់អ៊ុយក្រែន ខណ:ក្រុមអ្នកតាមដានអន្តរជាតិ លើកឡើងថា ជាការបញ្ឆេះសង្គ្រាមឱ្យរីកធំឡើង

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញថា កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធាថ្មីទៀត ទំហំ ៣០០លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវចម្រុះរាប់លានគ្រាប់ ប៉ុន្តែបានព្រមានទីក្រុងកៀវថា សព្វាវុធរបស់អាមេរិក មិនគួរត្រូវយកទៅប្រើប្រាស់ ដើម្បីវាយប្រហារចូលក្នុងទឹកដី នៃប្រទេសរុស្ស៉ីឡើយ គឺដើម្បីការពារខ្លួនក្នុងទឹកដីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ។

ទាក់ទងនឹងការការពារខ្លួនរបស់អ៊ុយក្រែន លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក បានថ្លែងឱ្យដឹងថា យើងមិនបានប្រាប់ពួកគេឱ្យ វាយប្រហារនៅកន្លែងណា ហើយយើងក៏មិនបានប្រាប់ពួកគេមិនឱ្យវាយប្រហារនៅកន្លែងណាដែរ។ ចុងក្រោយបំផុត គឺមានតែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមេបញ្ជាការយោធារបស់លោកប៉ុណ្ណោះ ដែលជាអ្នកសម្រេចចិត្តអំពីអ្វីដែលពួកគេ នឹងត្រូវធ្វើក្នុងការវាយប្រហារទៅលើរុស្ស៊ីនោះ។

អ្នកនាំពាក្យសន្តិសុខជាតិអាមេរិករូបនេះបន្តថា ទោះជាយ៉ាងណាក្តី ប្រាកដណាស់គឺយើងមិនចង់ឃើញការវាយប្រហារណាមួយចូលទៅក្នុងទឹកដីរុស្ស៉ី ដែលធ្វើឡើងដោយសព្វាវុធ និងបរិក្ខារយោធា ដែលផ្គត់ផ្គង់ពីអាមេរិកឡើយ។

ទាក់ទងនឹងកញ្ចប់ជំនួយយោធាថ្មីខាងលើវិញ មន្ទីរបញ្ចកោណបានឱ្យដឹងថា ជំនួយនេះ រួមមានគ្រាប់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot), មីស៉ីលការពារអាកាស AIM-7, ប្រព័ន្ធការពារដែនអាកាស Avenger, មីស៉ីលប្រឆាំងយន្តហោះ Stinger។ បន្ថែមពីនេះ រួមមានគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS, គ្រាប់កាំភ្លើងធំប្រភេទ ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ, គ្រាប់១០៥មីលីម៉ែត្ររបស់រថក្រោះ និងរ៉ុក្កែត Zuni សម្រាប់បាញ់ពីយន្តហោះ និងគ្រាប់កាំភ្លើងប្រមាណជាង ៣០លានគ្រាប់ផងដែរ។

បើតាមក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា មកទល់ពេលនេះ ការផ្តល់ជំនួយផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់ទីក្រុងកៀវ បានកើនសរុបដល់ទំហំ ៣៧.៦ពាន់លានដុល្លារហើយ គិតចាប់តាំងពីរុស្ស៉ីបានបើកប្រតិបត្តិការយោធាចូលលុកលុយលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានក្រុមអ្នកតាមដានអន្តរជាតិ មើលឃើញថា ជំនួយរបស់អាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ជាគ្រឿងសព្វាវុធ និងសម្ភារយោធាទៅដល់អ៊ុយក្រែន វាបានត្រឹមតែជាការរុញភ្លើងសង្គ្រាមឱ្យកាន់តែឆាបឆេះកាន់តែយូរអង្វែងប៉ុណ្ណោះ មិនមានភាពវិជ្ជមានណាមួយទាក់ទងទៅនឹងសន្តិភាពឬការបញ្ចប់សង្គ្រាមសោះឡើយ បើនៅតែយ៉ាងនេះ សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើងជាក់ជាមិនខាន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×