រដ្ឋធានីមូស្គូ៖ អ្នកវិទ្យាសាស្ត្រដ៏លេចធ្លោមួយរូប នៅក្នុងចំណោម៣នាក់ ជាប់ពាក់ព័ន្ធនៅក្នុងកម្មវិធីមីស៊ីលមានល្បឿនលឿនជាងសំឡេងរបស់ប្រទេសរុស្ស៊ី កំពុងតែប្រឈមមុខនឹងការកាត់ទោស ពីបទក្បត់ជាតិ ខណៈបានធ្វើឡើងយ៉ងសម្ងាត់បំផុត ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីសុខភាពរបស់ជនចុងចោទ វ័យចំណាស់រូបនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែមិថុនា ថា ការកាត់ទោស ប្រឆាំងនឹងលោក អាណាតូលី ម៉ាស្លូវ (Anatoly Maslov) បានបើកដំណើរការ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុងសាំងពេទឺប៊ឺគ (St. Petersburg) ប្រទេសរុស្ស៊ី។ នេះជារឿងក្ដីលើកទី១ ប្រឆាំងនឹងអ្នកវិទ្យាសាស្រ្ដមីស៊ីលមានល្បឿនលឿន ចំនួន៣នាក់ បម្រើការងារ នៅក្នុងវិទ្យាស្ថានមួយ ស្ថិតក្នុងទីក្រុងណូវ៉ូស៊ីប៊ឺសខ៍ (Novosibirsk) តំបន់ស៊ីបេរី។ ឥឡូវនេះ អ្នកវិទ្យាសាស្រ្ដទាំង៣នាក់នេះ កំពុងតែប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុត ពីវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី។
តុលាការក្រុងសាំងពេទឺប៊ឺគ បានបញ្ជាក់ ថា ការកាត់ក្តីនេះ ត្រូវបានធ្វើឡើងយ៉ាងសម្ងាត់បំផុត ហើយបានបិទដល់ប្រព័ន្ធផ្សព្វផ្សាយ និង សាធារណជន។ បើទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់លោក ម៉ាស្លូវ (Maslov) មិនអាចទាក់ទងសុំការអត្ថាធិប្បាយ ជុំវិញដំណើរការនីតិវិធីនេះ បាននោះឡើយ។

បើតាមប្រភពព័ត៌មានជិតស្និទ្ធនឹងអ្នកវិទ្យាសាស្រ្ដ លោក ម៉ាស្លូវ វ័យ៧៦ឆ្នាំ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកវិទ្យាសាស្រ្ដមីស៊ីលមានល្បឿនលឿនជាងសំឡេងរូបនេះ បានទទួលរងគ្រោះពីជំងឺគាំងបេះដូងចំនួន២លើក ហើយបានចំណាយពេល សម្រាកនៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីការចាប់ខ្លួនគាត់ កាលពីខែមិថុនា ឆ្នាំ២០២២ នៅក្នុងទីក្រុងណូវ៉ូស៊ីប៊ឺសខ៍ (Novosibirsk)។
ប្រភពដដែល បានបន្ដ ថា ក្រុមវេជ្ជបណ្ឌិត នៅក្នុងមណ្ឌលឃុំឃាំង មុនការកាត់ក្តី មិនបានផ្តល់នូវការប្រើប្រាស់ថ្នាំពេទ្យអ្វីទាំងអស់ដល់លោក ម៉ាស្លូវ ដូចតាមវេជ្ជបណ្ឌិតធម្មតារបស់គាត់ ធ្លាប់ចេញវេជ្ជបញ្ជា។ រីឯស្ថានភាពសុខភាពរបស់គាត់ មិនល្អនោះឡើយ ។ បើទោះជាយ៉ាងណានេះក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាន ដោយឯករាជ្យ ជុំវិញការចោទប្រកាន់ ទាក់ទងនឹងការបដិសេធផ្ដល់ថ្នាំពេទ្យនេះដែរ។
លោក ម៉ាស្លូវ (Maslov) ជាសាស្ត្រាចារ្យ និង អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានគ្រីស្ទៀណូវីច ( Khristianovich) ហើយក៏ជាអ្នកវិទ្យាសាស្ត្រកំពូលមួយរូបរបស់រុស្ស៊ី ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN
























