រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន បាន និង កំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងសាហាវ អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ទាំងភាគីរុស្ស៊ី និង អ៊ុយក្រែន សុទ្ធតែអួតអាងរៀងៗខ្លួន អំពីការវាយប្រហារកម្ទេច និង សម្លាប់ទៅលើគូសត្រូវតែរៀងៗខ្លួន។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានផ្សាយ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ថា ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធ បានអះអាង ថា ទាហានរបស់រុស្ស៊ី បានវាយប្រហារកម្ទេចនូវអ្វីដែលក្រុងមូស្គូ បានអះអាង ថា វាជានាវាចម្បាំងចុងក្រោយរបស់អ៊ុយក្រែន ស្ថិតក្នុងកំពង់ផែអូដេសា (Odesa) ។

លោក អ៊ីហ្គ័រ កូណាសេនកូ (Igor Konashenkov) អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ នៅក្នុងសន្និសីទប្រចាំថ្ងៃ ស្ដីអំពីសង្គ្រាម ថា «នាវាចម្បាំងចុងក្រោយរបស់កងទ័ពជើងទឹកអ៊ុយក្រែន ប្រភេទ Yuriy Olefirenko (យូរីយ អូឡេហ្វីរ៉ែនកូ) ត្រូវបានកម្ទេច កាលពីថ្ងៃចន្ទ កន្លងទៅនេះ ខណៈនាវាចម្បាំងនោះ កំពុងតែចត នៅក្នុងកំពង់ផែអូដេសា លើទឹកដីរបស់អ៊ុយក្រែន។ នាវាចម្បាំងនោះ ត្រូវបានវាយប្រហារ ពីអាវុធដ៏ជាក់លាក់មួយ ជាប្រភេទមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី»។
ដោយឡែក លោក អូឡេហ៍ ចាលីក (Oleh Chalyk) អ្នកនាំពាក្យ កងទ័ពជើងទឹករបស់អ៊ុយក្រែន បានបញ្ជាក់ ថា គាត់នឹងមិនឆ្លើយតបទៅនឹងការអះអាងណាមួយ ត្រូវបានធ្វើឡើង ដោយភាគីរុស្ស៊ី នោះឡើយ។ កងទ័ពជើងទឹកអ៊ុយក្រែន ក៏នឹងមិនបង្ហាញ អំពីព័ត៌មានណាមួយ នៅក្នុងអំឡុងពេលសង្រ្គាមនេះដែរ។

ជាមួយគ្នានេះដែរ ក្រុមមន្ត្រីអ៊ុយក្រែន បានអះអាង កាលពីថ្ងៃចន្ទ ថា រុស្ស៊ី បានប្រើប្រាស់យន្តហោះចំនួន៥គ្រឿង ធ្វើសកម្មភាពវាយប្រហារ ទៅលើគោលដៅយោធាមួយ នៅភាគខាងលិចប្រទេសអ៊ុយក្រែន ហើយបានបង្កឱ្យមានការឆាបឆេះ នៅកំពង់ផែសមុទ្រខ្មៅ នៃទីក្រុងអូដេសា ក្រោយការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លា កាលពីព្រឹក ថ្ងៃចន្ទ។
បើទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅតែមិនអាចផ្ទៀងផ្ទាត់ពីព័ត៌មានឯករាជ្យណាមួយ ពីសមរភូមិ រវាងភាគីនីមួយៗបាននៅឡើយ។
ក្រសួងការពារជាតិរុស្ស៊ី ក៏បានបន្ថែមទៀត ថា កម្លាំងទាហានរុស្ស៊ី បានវាយរុញច្រានអង្គភាពយោធារបស់អ៊ុយក្រែន ចេញពីទីតាំងឈរជើងរបស់ពួកគេ នៅជុំវិញទីក្រុងក្រាសណូហូរីវកា (Krasnohorivka) និង យ៉ាស៊ីនូវ៉ាតា (Yasynuvata) ស្ថិតក្នុងតំបន់ដូណែតស្ក៍ ( Donetsk) នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដែលក្រុងម៉ូស្គូ បានដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី។ ទន្ទឹមគ្នានេះ កាវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា កំពុងតែបន្ដ នៅជុំវិញទីក្រុងអាវឌីវកា (Avdiivka)។

ដោយឡែក អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន ក៏មិនខុសពីរុស្ស៊ីនោះដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា បានអួតអាងវិញ ថា រយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ៤៦០នាក់ ហើយថែមទាំងបានកម្ទេចគ្រឿងសព្វាវុធរបស់សត្រូវ អស់ជាច្រើន រួមមាន រថក្រោះចំនួន២គ្រឿង រថពាសដែកចំនួន៦គ្រឿង ប្រព័ន្ធកាំភ្លើងធំចំនួន១៤គ្រឿង ប្រព័ន្ធការពារដែនអាកាសចំនួន១គ្រឿង ដ្រូនចំនួន៧គ្រឿង រថយន្ដយោធា ចំនួន៩គ្រឿង និង គ្រឿងចក្រពិសេស ចំនួន៤គ្រឿង។

ប្រភពដដែល បានបន្ដ ថា បើគិតចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន នៅលើសមរភូមិប្រយុទ្ធ កើនឡើង ដល់ ២០៨ ៣៧០នាក់។ ចាប់តាំងពីពេលផ្ទុះសង្គ្រាម រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន បានកម្ទេចគ្រឿងសព្វាវុធរបស់សត្រូវ កើនឡើងយ៉ាងច្រើន រួមមាន យន្ដហោះចម្បាំង ចំនួន៣១៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៩៨គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៨គ្រឿង, រថក្រោះ ចំនួន ៣ ៨០៤គ្រឿង, រថពាសដែក ចំនួន ៧ ៤៧៨គ្រឿង, ប្រព័ន្ធកាំភ្លើងផ្លោង ចំនួន ៣ ៤៧៤គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ ចំនួន ៥៧៥គ្រឿង, ប្រព័ន្ធការពារដែនអាកាស ចំនួន៣៣៣គ្រឿង, ដ្រូន ចំនួន ៣ ១៣១គ្រឿង, មីស៊ីលគ្រូស ចំនួន ១ ១០៧គ្រាប់, រថយន្ដ ចំនួន ៦ ២៣៩គ្រឿង និង គ្រឿងចក្រពិសេស ចំនួន៤៥៨គ្រឿង។
បើទោះជាយ៉ាងណាក៏ដោយ ទាំងភាគីរុស្ស៊ី និង អ៊ុយក្រែន មិនសូវបានបញ្ចេញរាយការណ៍ អំពីចំនួនទាហានរបស់ខ្លួន រងគ្រោះថ្នាក់ ស្លាប់ ឬ របួស នៅលើសមរភូមិនោះឡើយ។ ប៉ុន្ដែសេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាង ពីភាគីរបស់អ៊ុយក្រែនតែប៉ុណ្ណោះ ហើយក៏មិនទាន់មានប្រភពព័ត៌មានឯករាជ្យណាមួយ បានបញ្ជាក់ឲ្យជាក់លាក់នោះដែរ៕























































