ភ្នំពេញ ៖ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងតំណាងស្ថានទូតរុស្ស៊ី បានជួបពិភាក្សាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជំនួបនេះប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកវ៉ាឡង់ទីន ឌីគូឈីន (Valentin Dikushin) ទីប្រឹក្សាអមស្ថានអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា ។
ក្នុងឱកាសនោះលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ឲ្យដឹងថា កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារត្រួតពិនិត្យគ្រឿងញៀន នៃប្រទេសទាំងពីរ ពិសេសផ្តោតសំខាន់ទៅលើអនុស្សរណៈនៃយោគយល់គ្នាលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសំដៅទៅការលុបបំបាត់ការចរាចរគ្រឿងញៀនខុសច្បាប់ ។
ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា តាមរយៈការពិភាក្សានេះ ភាគីទាំងពីរកម្ពុជា រុស្ស៊ី បានប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រព្រឹត្តទៅដោយរលូនជោគជ័យ ។
នៅថ្ងៃដដែលនេះ ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងមន្ត្រីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម យូអិនអូឌីស៊ី (UNODC) បានជួបពិភាក្សាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោកម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រីការ៉េន ភីតធ័រ (Karen Peters) មន្ត្រីសម្របសម្រួលការងារគ្រឿងញៀន និងសុខភាព ។
ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ឲ្យដឹងថា កិច្ចពិភាក្សានេះ ដើម្បីពង្រឹងការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសំដៅឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងផែនការយុទ្ធសាស្ត្រពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ របស់រាជរដ្ឋាភិបាល ៕ ដោយ៖បញ្ញាស័ក្តិ