ភ្នំពេញ ៖ នៅថ្ងៃទី៣ខែមិថុនានេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ និងឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ទៅតុលាការ។
សូមរំលឹកផងដែរថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវលេខ៧៨មុខអាគារThe Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិចិន) ដែលកំពុងតែដើរបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចផ្លូវ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឈ្មោះ ខេត វណ្ណឌី ហៅ កណ្តុរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ(បិទគូទ)។ រីឯជនសង្ស័យម្នាក់ទៀតដែលជាជនដៃដល់ បានជិះរត់គេចខ្លួនបាត់។
សំភារ:ដកហូតមាន៖
១.ម៉ូតូម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-1192(របស់ជនសង្ស័យ)
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី