កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ចំនួន ២០ភាគរយ របស់សហគមន៍អឺរ៉ុប មិនប៉ះពាល់ច្រវាក់ផលិតនៅកម្ពុជានោះទេ ហើយទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺជាជំនួបសន្ទនារវាងនារដ្ឋមន្រ្ដីនិងកម្មករនិយោជិត ដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រនានា ដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាសក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករកម្មការិនីយើង។ ដូច្នេះហើយ ទើបសម្ដេចតេជោបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយកម្មករនិយោជិតជាបន្តបន្ទាប់។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី និងកម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។
ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។
សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។ សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។

ការថ្លែងរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «EBA វាគង់តែបាត់ ១០០ភាគរយ ក្នុងពេលខាងមុខ អាចនឹងប៉ាន់ប្រមាណនៅឆ្នាំ២០២៦ ឬ២០២៧ ព្រោះប្រទេសរបស់យើង គឺជាប្រទេសមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតឯណា បន្តិចទៀតកម្ពុជានឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច អីចឹងរកស៉ីត្រូវតែបង់ពន្ធឲ្យគេទៅវិញទៅមក អា២០ភាគរយដែលបាត់នេះ វាគ្មានប៉ះពាល់អី យើងនៅតែនាំចេញ អង្ករក៏ដូចជាគ្នា អង្ករអ៉ីតាលី អេស្ប៉ាញ លក់មិនដាក់ ក៏នាំគ្នាដាក់ឲ្យអង្ករកម្ពុជា និងអង្ករមីយ៉ាន់ម៉ា ត្រូវតែបង់ពន្ធ អីចឹងយើងក៏បង់ពន្ធ ពេលមិនទាន់បង់ពន្ធក៏យើងនាំចេញបាន ដល់ពេលគេឲ្យបង់ពន្ធយើងក៏នាំចូលបាន គ្រាន់តែចំណេញតិចជាងមុនប៉ុណ្ណោះ អីចឹងទេយើងត្រូវតែពង្រឹងភាពធន់ខ្លួនឯងចាប់ពីឥឡូវនេះទៅ»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលដែលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំនៅសហគមន៍អឺរ៉ុប សម្តេចបានហាមដល់រដ្ឋមន្ត្រីទាំងអស់ កុំហារមាត់សុំត្រឡប់មកវិញ នូវការអនុគ្រោះពន្ធដែលបាត់ចំនួន២០ភាគរយនោះ។ ការធ្វើបែបនេះ សម្តេចចង់ដឹងពីភាពធន់របស់កម្ពុជា ក្នុងកម្រិតណា ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង កុំឲ្យចាំតែអុកស៉ីសែនពីគេដកដង្ហើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាទាំងអស់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី