ភ្នំពេញ៖ គម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីភ្នំពេញ ទៅខេត្តបាត់ដំបង កំពុងអនុវត្តការងារ ដែលជាផ្នែកមួយនៃការគ្រប់គ្រងខ្សែបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល តភ្ជាប់ពីភាគខាងលិចរាជធានីភ្នំពេញ មកខេត្តកំពង់ឆ្នាំង កាត់តាមខេត្តពោធិ៍សាត់ ឆ្ពោះទៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តបាត់ដំបង ដែលជាខ្សែបន្ទាត់យ៉ាងសំខាន់របស់បណ្តាញជាតិភាគខាងត្បូង វិនិយោគដោយក្រុមហ៊ុន ខេមបូឌាន ផៅវ័រហ្គ្រីត (Cambodian Power Grid )។

លោក WANG JUNWEI អភិបាលក្រុមហ៊ុនស៊ី.អេច.ឌី (ខេមបូឌា) ហាយដ្រូផៅវ័រ ឌីវេឡុបមេន ដែលអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងអាតៃ និងក្រុមហ៊ុន ខេមបូឌាន ផៅវ័រហ្គ្រីត (គម្រោងខ្សែបញ្ជូន២៣០គីឡូវ៉ុល ពីភ្នំពេញទៅបាត់ដំបង) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន China Datang Corporation) បានឲ្យដឹងថា គម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីភ្នំពេញ ទៅបាត់ដំបង មានរយៈពេលសម្បទាន២៥ឆ្នាំ។ គម្រោងនេះ រួមបញ្ចូលទាំងការពង្រីកបន្ថែមនូវគន្លងខ្សែបញ្ជូនពីរ នៅអនុស្ថានីយភាគខាងលិចរាជធានីភ្នំពេញ បង្កើតបានថ្មីនូវអនុស្ថានីយចំនួន៣រួមមាន អនុស្ថានីយកំពង់ឆ្នាំង អនុស្ថានីយពោធិ៍សាត់ អនុស្ថានីយបាត់ដំបង និងបានសាងសង់នូវ បង្គោល២៣០គីឡូវ៉ុលខ្សែភ្លោះ ព្រមទាំងបំពាក់នូវបណ្តាញទូរគមនាគមន៍អុបទិចដែលមានប្រវែង២៩៤គីឡូម៉ែត្រ។

លោកលោក WANG JUNWEI បន្តថា គម្រោងនេះ ចាប់ដំណើរការសាងសង់ ក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ និងដាក់ឲ្យដំណើរការភ្ជាប់បណ្ដាញអគ្គិសនីក្នុងខែមេសា ឆ្នាំ២០១២។ លោក បានបន្តថា ដើម្បីការងារគ្រប់គ្រងបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ឲ្យកាន់តែមានប្រសិទ្ធភាព បច្ចុប្បន្នក្រុមហ៊ុនបាននាំចូលប្រភេទ យន្តហោះបញ្ជាDrone ខ្នាតធំ និង មនុស្សយន្ត (Robot) ដើម្បីបំពេញការងារបន្ថែមមួយចំនួនដែលមនុស្សពិបាកទៅដល់ និងការងារដែលមានហានីភ័យខ្ពស់សម្រាប់មនុស្ស។ ក្នុងនោះដែរក្រុមហ៊ុនមានបុគ្គលិកខ្មែរជាច្រើនរូបកំពុងបម្រើការងារជំនាញផ្សេងៗ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងត្រូវការជ្រើសរើសយុវជនខ្មែរចំនួន៣៥នាក់បន្ថែមទៀត ដែលរៀនជំនាញអគ្គិសនីដើម្បីចូលបម្រើការងារផងដែរ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុងខ្ពស់សាងសង់រួចរាល់ជាស្ថាពរ គឺបានរួមចំណែកផ្តល់មកនូវថាមពលដ៍គួរជាទីទុកចិត្ត ក្នុងការបម្រើផលប្រយោជន៍នៃការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា នៅក្នុងដំណើរចុះពិនិត្យវឌ្ឍន៍ភាពការងារ នៅអនុស្ថានីយ៍ពោធិ៍សាត់ ដែលស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នាពេលកន្លងទៅថ្មីៗនេះ ឯកឧត្តមស៊ុយ សែម បានស្នើសុំឲ្យក្រុមហ៊ុនចិនមួយនេះ ជួយបណ្តុះបណ្តាលដល់បុគ្គលិកខ្មែរបន្ថែមទៀត លើការងារជំនាញបច្ចេកទេសនានា ដែលពាក់ព័ន្ធទៅនិងការងារគ្រប់គ្រងខ្សែបណ្តាញបញ្ជួនតង់ស្យុងខ្ពស់ ព្រោះថានៅពេលក្រុមហ៊ុនចិន ចប់កិច្ចសន្សាសម្បទានទៅបុគ្គលិកខ្មែរទាំងអស់ នឹងទទួលរ៉ាប់រងបន្តពីក្រុមហ៊ុនហើយ៕
