ទីក្រុងឌូបៃ (ប្រទេសអារ៉ាប់រួម)៖ ជាមួយនឹងស្ថានការណ៍ នៅតំបន់មជ្ឈិមបូព៌ា កំពុងតែឡើងកម្ដៅខ្លាំង រវាងលោកខាងលិច និង រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នោះ ក៏មានសេចក្ដីរាយការណ៍ជាថ្មី អំពីកងកម្លាំងឆ្មាំបដិវត្ដន៍របស់អឺរ៉ុង់ បានធ្វើឲ្យកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស មានការភិតភ័យ នៅច្រកសមុទ្រហ័រមូស (Hormuz)។
ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចេញផ្សាយ នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា កងនាវិករបស់ខ្លួន និង កងទ័ពជើងទឹករបស់ចក្រភពអង់គ្លេស បានសុំជំនួយ ពីនាវាមួយគ្រឿង នៅក្នុងច្រកសមុទ្រហ័រមូសដ៏សំខាន់ ក្រោយពេលកងឆ្មាំបដិវត្ដន៍របស់អ៊ីរ៉ង់ បង្កការយាយីដ៏គួរឲ្យភ័យខ្លាច។

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា នាវាឆ្មាំសមុទ្រវាយប្រហារលឿន ចំនួន៣គ្រឿង ដោយមានទាហានដោយប្រដាប់អាវុធ នៅលើនាវាទាំងនោះ បានចូលមកជិតកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង នៅមិនចម្ងាយពីគ្នា កាលពីរសៀល ថ្ងៃអាទិត្យ។ សកម្មភាពបែបនេះ បានផ្តល់នូវរូបភាពស-ខ្មៅ ដោយបានអះអាង ថា បានមកពីយន្តហោះ Boeing P-8 Poseidon (ប៊ូអ៊ីង ភី-8 ផូសសេដុន) របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបង្ហាញ អំពីនាវាតូចៗចំនួន៣គ្រឿង ចូលទៅជិតកប៉ាល់ពាណិជ្ជកម្មនោះ។
ស្របគ្នានោះ នាវាពិឃាត បំពាក់ដោយមីស៊ីលនាំផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រភេទ USS McFaul (យូអេសអេស ម៉ាកហ្វល) និង នាវាចម្បាំងរបស់ចក្រភពអង់គ្លេស ប្រភេទ HMS Lancaster (ហាសអឹមអេស ឡែនខាស្ទ័រ) ក៏បានឆ្លើយតបនឹងឧប្បត្តិហេតុនោះ ដោយនាវា Lancaster បានបញ្ចេញឧទ្ធម្ភាគចក្រ សម្រាប់ធ្វើប្រតិបត្ដិការភ្លាមៗ។

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបន្ថែម ថា «ស្ថានភាពដ៏តានតឹងនោះ បានថយចុះវិញ ប្រហែលមួយម៉ោងក្រោយមក ខណៈកប៉ាល់ពាណិជ្ជកម្មនោះ បានបញ្ជាក់ថា នាវាវាយប្រហារល្បឿនលឿនទាំងនោះ បានចាកចេញពីកន្លែងកើតហេតុ។ ក្រោយមកកប៉ាល់ពាណិជ្ជកម្មនោះ ក៏បានបន្តធ្វើនាវាចរណ៍ ឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានឧប្បត្តិហេតុអ្វីកើតឡើងនោះឡើយ»។
ច្រកសមុទ្រហ័រមូស ជាច្រកដ៏តូចមួយ នៅឈូងសមុទ្រពែរ្ស ហើយវាជាផ្លូវទឹកដ៏សំខាន់មួយ សម្រាប់នាំចេញប្រេងរបស់ពិភពលោក ប្រហែល២០ភាគរយ ឆ្លងកាត់ច្រកសមុទ្រនេះ ទៅកាន់ទីផ្សារនានា នៅលើភពផែនដីនេះ។ បើទោះជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក មិនបានកំណត់អត្តសញ្ញាណនាវាពាក់ព័ន្ធនោះដែរ។ បើតាមទិន្នន័យពីក្រុមអ្នកវិភាគខាងដែនសមុទ្រ បានបង្ហាញថា នាវាផ្ទុកយន្តហោះភាគច្រើន មានបង្ហូតទង់ជាតិរបស់ប្រទេសលើដែនកោះម៉ាសល (Marshall Islands) បានផ្លាស់ប្តូរផ្លូវធ្វើដំណើរខុសប្រក្រតី ខណៈឆ្លងកាត់ច្រកសមុទ្រនៅពេលកើតហេតុ៕រក្សាសិទ្ធដោយ ៖ សារាយSN




