ភ្នំពេញ៖ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនមិនប្រយ័ត្ន ស្រាប់តែរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ រួចបន្តទៅបុកបង្គោលភ្លើងបាក់មួយដើម ចំណែកតៃកុងរងតបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីទាបភ្លឺឈានចូលថ្ងៃទី ០៦ខែមិថុនាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងសង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកកូរ៉ូឡាពណ៌សំបកឳឡឹក មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2H-9192បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមដងផ្លូវជាតិលេខ ៣ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើពុំដឹងថា មានបញ្ហាអ្វីនោះទេស្រាប់តែរេចង្កូត ទៅខាងស្តាំដៃជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាសចោមចៅ ចំពាក់កណ្តាលយ៉ាងពេញទំហឹងរួចបន្តទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវមួយដើមទៀតបណ្ដាលឲ្យបាក់រាបដល់ដីចំណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ រីឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់រួចក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តមិនចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត