រាជធានីរីយ៉ាដ (Riyadh) ៖ នៅក្នុងឆ្នាំ២០២៣នេះ អារ៉ាប៊ីសាអូឌីត ជាប្រទេសផលិតប្រេងដ៏ធំបំផុតលំដាប់លេខ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និង រុស្ស៊ី ប៉ុន្ដែឥឡូវនេះ ប្រទេសអារ៉ាប់មួយនេះ បានប្រកាស អំពីការកាត់បន្ថយនូវការផលិតប្រេង នៅក្នុងពីខែកក្កដាខាងមុខនេះ ក្រោយពេលកិច្ចប្រជុំ នៃសម្ពន្ធភាព នៅឯទីស្នាក់ការ OPEC ស្ថិតក្នុងទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ខណៈក្រុមប្រទេសផលិតប្រេងរបស់ OPEC ផ្សេងៗទៀត បានយល់ព្រម បន្តកាត់បន្ថយនូវការផ្គត់ផ្គង់ នៅមុនដំណាច់ឆ្នាំ២០២៤។

សារព័ត៌មានរបស់ឥណ្ឌា The Economic Times (ឌឺ អេកូណូមី ថែមស៍) បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៥ ខែមិថុនា ថា អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា រដ្ឋាភិបាលក្រុងរីយ៉ាដ នឹងកាត់បន្ថយបរិមាណប្រេង ដែលអារ៉ាប៊ីសាអូឌីត បានបញ្ជូនទៅកាន់ទីផ្សារសេដ្ឋកិច្ចរបស់ពិភពលោក។ សកម្មភាពបែបនេះ បានចាត់វិធានការ ជាឯកតោភាគី សម្រាប់គាំទ្រដល់ការធ្លាក់ចុះតម្លៃប្រេងឆៅ បន្ទាប់ពីការកាត់បន្ថយផលិតផលចំនួនពីរលើក កាលពីពេលមុន ដោយសមាជិក នៃសម្ពន្ធភាព OPEC នៃប្រទេសផលិតប្រេងសំខាន់ៗ បានរងបរាជ័យ នៅក្នុងការជំរុញឲ្យតម្លៃខ្ពស់ជាងនេះ។
ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាស អំពីការកាត់បន្ថយនូវការផលិតប្រេង នៅក្នុង១ថ្ងៃ ចំនួន១លានធុង ឬបារ៉ែល នឹងចាប់ផ្ដើម នៅក្នុងខែកក្កដា បន្ទាប់ពីកិច្ចប្រជុំរបស់សម្ពន្ធមិត្ត នៅឯទីស្នាក់ការកណ្ដាលរបស់អង្គការនៃប្រទេសនាំចេញប្រេង ហៅកាត់ OPEC (អូប៉េក) ស្ថិតក្នុងទីក្រុងវីយ៉ែន (Vienna) ប្រទេសអូទ្រីស។ ដោយឡែក ប្រទេសផលិតប្រេងផ្សេងៗទៀតរបស់ OPEC ក៏បានពង្រីកនូវការកាត់បន្ថយនូវការផ្គត់ផ្គង់ប្រេង រហូតដល់ចុងឆ្នាំ២០២៤។

គេហទំព័ររបស់សារព័ត៌មាន Oil and Gas Investing News (អ៊យ អេន ហ្កាស អ៊ិនវ៉ែសធីង ញូស) បានចេញផ្សាយ កាលពីខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អំពីប្រទេសផលិតប្រេងច្រើនជាងគេ ចំនួន១០ នៅលើពិភពលោក នាឆ្នាំនេះ រួមមាន៖
១-សហរដ្ឋអាមេរិក ផលិតប្រេងបាន ចំនួន ១៨ ៨៧៥ ០០០បារ៉ែល ក្នុង១ថ្ងៃ
២-អារ៉ាប៊ីសាអូឌីត ផលិតប្រេងបាន ចំនួន ១០ ៨៣៥ ០០០បារ៉ែល ក្នុង១ថ្ងៃ
៣-រុស្ស៊ី ផលិតប្រេងបាន ចំនួន ១០ ៧៧៨ ០០០បារ៉ែល ក្នុង១ថ្ងៃ។
៤-កាណាដា ផលិតប្រេងបាន ចំនួន ៥ ៥៥៨ ០០០បារ៉ែល ក្នុង១ថ្ងៃ
៥-ចិន ផលិតប្រេងបាន ចំនួន ៤ ៩៩៣ ០០០បារ៉ែល ក្នុង១ថ្ងៃ
៦-អ៊ីរ៉ាក់ ផលិតប្រេងបាន ៤ ១៤៩ ០០០បារ៉ែល ក្នុង១ថ្ងៃ
៧-អារ៉ាប់រួម ឬ អារ៉ាប់អេមីរ៉ាត់ (United Arab Emirates) ផលិតប្រេងបាន ចំនួន ៣ ៧៨៦ ០០០បារ៉ែល ក្នុង១ថ្ងៃ
៨-ប្រេស៊ីល ផលិតប្រេងបាន ចំនួន ៣ ៦៨៩ ០០០បារ៉ែល ក្នុង១ថ្ងៃ
៩-អ៊ីរ៉ង់ ផលិតប្រេងបាន ចំនួន ៣ ៤៥៨ ០០០បារ៉ែល ក្នុង១ថ្ងៃ
១០-គុយវ៉ែត ផលិតប្រេងបាន ចំនួន ២ ៧១៧ ០០០បារ៉ែល ក្នុង១ថ្ងៃ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN









